ប្រទេសថៃ ៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិថៃ លោក Thawatchai Damrong-Ongtrakul បានសន្យាថានឹងចុះចេញពីតំណែង ប្រសិនបើក្រុមបុរស U22 បរាជ័យក្នុងការដណ្ដើមបានមេដាយមាសនៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ ដែលប្រទេសថៃជាម្ចាស់ផ្ទះ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មានវៀតណាម VnExpress កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅ។
គោលដៅដ៏ធំរបស់លោក Thawatchai ដែលទើបតែត្រូវបានតែងតាំងជំនួសគ្រូបង្វឹកជនជាតិជប៉ុន លោក Takayuki Nishigaya ដែលត្រូវបានបណ្តេញពីតំណែងនោះ រួមមានការឈ្នះជើងឯកពានរង្វាន់ ASEAN U23 Championship ឆ្នាំ២០២៥ មេដាយមាសនៅព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៥ និងវគ្គជម្រុះ U23 Asian Cup ឆ្នាំ២០២៦។
លោក Thawatchai ទទួលជោគជ័យក្នុងអាជីពជាកីឡាករជាមួយក្រុមជម្រើសជាតិថៃ ដោយបង្ហាញខ្លួនបាន៧៣ប្រកួត មុនពេលក្លាយជាគ្រូបង្វឹកក្លិបជាច្រើននៅក្នុងលីគថៃ (Thai League)។ ជាក់ស្តែង កាលពីរដូវកាល ២០២៤-២៥ លោកបានដឹកនាំក្រុម Chonburi ឱ្យឈ្នះជើងឯកលីគទី២ (Thai League 2) ដើម្បីឡើងមកកាន់លីគកំពូល (Thai League 1)។
សម្រាប់លោក Thawatchai ការទទួលបន្ទុកដឹកនាំក្រុម U22 ថៃ គឺជាកិត្តិយសដ៏ធំបំផុតក្នុងអាជីពជាគ្រូបង្វឹក ហើយលោកបានផ្តោតលើលទ្ធផលក្នុងការប្រកួតនាពេលខាងមុខ ជាពិសេសនៅព្រឹត្តិការណ៍ស៊ីហ្គេម ៣៣ នៅលើទឹកដីខ្លួនឯង ដែលនឹងចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ដោយការប្រកួតគ្រប់វិញ្ញាសារៀបចំឡើងក្នុងទីក្រុងបាងកក ឈុនបុរី និង សុងក្លា។ ថ្លែងទៅកាន់គេហទំព័រផ្លូវការរបស់សមាគមបាល់ទាត់ថៃ (FAT) លោក Thawatchai ថា «យើងត្រូវតែឈ្នះមេដាយមាស បន្ទាប់ពីការព្យាយាមបរាជ័យបីដង។ ប្រសិនបើយើងមិនឈ្នះទេ បុគ្គលិកបង្វឹក ព្រមទាំងខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីលាលែងពីតំណែង»។
ក្រុមបាល់ទាត់បុរសថៃជាក្រុមឈ្នះមេដាយមាសព្រឹត្តិការណ៍ SEA Games ច្រើនជាងគេបង្អស់ ពោលចំនួន១៦ដង ខណៈដែលការឈ្នះចុងក្រោយរបស់ពួកគេកើតឡើងក្នុងឆ្នាំ ២០១៧ ហើយបន្ទាប់ពីនោះ វៀតណាមដណ្តើមបានមេដាយមាសឆ្នាំ ២០១៩ និង ២០២១ ហើយឥណ្ឌូណេស៊ី នៅឆ្នាំ ២០២៣។
ក្នុងរយៈពេល៨ឆ្នាំកន្លងមកនេះ ប្រទេសថៃបានផ្លាស់ប្តូរគ្រូបង្វឹកឈុត U22 និង U23 ចំនួន១០ដង ដោយក្នុងនោះរួមទាំងគ្រូបង្វឹកជនជាតិជប៉ុន លោក Akira Nishino និងគ្រូបង្វឹកជនជាតិប្រេស៊ីល លោក Mano Polking ដែលសុទ្ធតែបរាជ័យក្នុងការនាំយកភាពជោគជ័យនៃការប្រកួតថ្នាក់តំបន់។
យ៉ាងណាមិញ មុនឈានទៅដល់ការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមនៅចុងឆ្នាំនេះ ក្រុម U22 របស់ថៃនឹងត្រូវចូលរួមការប្រកួតពានរង្វាន់ជើងឯកអាស៊ានយុវជនអាយុក្រោម២៣ឆ្នាំ (SEAN U-23 Championship 2025) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ២៩ ខែកក្កដា ជាមុនសិន ដោយពួកគេស្ថិតក្នុងពូល C រួមជាមួយនឹងមីយ៉ាន់ម៉ា និងទីម័រខាងកើត ដោយពួកគេត្រូវប៉ះទីម័រខាងកើត នៅថ្ងៃទី១៩ មុនបន្តប៉ះមីយ៉ាន់ម៉ា នៅថ្ងៃទី២២៕ រូបភាព ៖ FAT

ចែករំលែកព័តមាននេះ