ប្រទេសអ៊ីតាលី ៖ មនុស្ស ៦ នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីកម្លាំងប៉ូលិសបានប៉ះទង្គិចជាមួយនឹងក្រុមបាតុករនៅទីក្រុងមីឡាន (Milan) ប្រទេសអ៊ីតាលី ដែលជាទីក្រុងមួយនៅក្នុងចំណោមទីក្រុងផ្សេងទៀតទទួលរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២៦អំឡុងពេលថ្ងៃដំបូងនៃការប្រកួត សម្រាប់ព្រឹត្តិការណ៍ដែលប្រារព្ធពិធីបើក កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។ នេះបើតាមប្រភពពី BBC ចេញផ្សាយកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។
មនុស្សរាប់ពាន់នាក់បានចេញតាមដងផ្លូវនៅក្នុងទីក្រុងភាគខាងជើងនៃប្រទេសអ៊ីតាលី កាលពីថ្ងៃទី៧ ខែកុម្ភៈ កន្លងទៅ ដើម្បីតវ៉ាប្រឆាំងនឹងការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២៦ ដែលប្រទេសអ៊ីតាលីទទួលជាម្ចាស់ផ្ទះ និងបញ្ហាជាច្រើនផ្សេងទៀត រួមទាំងការចំណាយលើការរស់នៅកើនឡើងផងដែរ។ បាតុករខ្លះបានបាញ់កាំជ្រួច ខ្លះទៀតគប់ដុំថ្ម ខណៈដែលប៉ូលិសប្រើប្រាស់ឡានទឹកបាញ់ជាការឆ្លើយតប។
យោងតាមតួលេខរបស់រដ្ឋាភិបាលបានឱ្យដឹងថា បាតុកម្មកើតឡើង បន្ទាប់ពីរដ្ឋាភិបាលបានរឹតបន្តឹងច្បាប់តវ៉ា ក្រោយផ្ទុះការតវ៉ាកាលពីចុងសប្តាហ៍មុននៅទីក្រុងទូរីន (Turin) ដែលបានបណ្តាលឱ្យមន្ត្រីសមត្ថកិច្ចជាង ១០០ នាក់រងរបួស។ ទន្ទឹមនឹងនេះ មន្ត្រីកំពុងស៊ើបអង្កេតការបំផ្លិចបំផ្លាញសង្ស័យលើបណ្តាញផ្លូវដែកភាគខាងជើងប្រទេសអ៊ីតាលីកាលពីថ្ងៃទី៧ ខែកុម្ភៈ។ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានថ្លែងថា អ្នកដែលតវ៉ាប្រឆាំងនឹងការប្រកួតកីឡាអូឡាំពិក គឺជាសត្រូវរបស់ប្រទេសអ៊ីតាលី។
នៅថ្ងៃទី៧ ខែកុម្ភៈ ភាពវឹកវរក៏បានកើតឡើងលើបណ្តាញផ្លូវដែកភាគខាងជើងមួយចំនួនរបស់ប្រទេសអ៊ីតាលីផងដែរ ដោយពន្យារពេលធ្វើដំណើរអស់ជាច្រើនម៉ោង។ អគ្គីភ័យបានឆាបឆេះហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករវាងទីក្រុងបូឡូញ៉ា (Bologna) និងទីក្រុងវេនីស (Venice) ហើយក្រោយមកប៉ូលិសបានរកឃើញខ្សែកាបដែលត្រូវបានគេកាត់ផ្តាច់ និងឧបករណ៍ផ្ទុះនៅទីតាំងក្បែរនោះ។
ស្ថានីយ៍រថភ្លើងកណ្តាលរបស់ទីក្រុងបូឡូញ៉ា គឺជាមជ្ឈមណ្ឌលសំខាន់មួយ ដែលតភ្ជាប់ទីក្រុងនានានៅភាគខាងជើង និងខាងត្បូង ព្រមទាំងខ្សែរថភ្លើងពីខាងកើតទៅខាងលិច។ ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុនរដ្ឋ Rete Ferroviaria Italiana (RFI) ដែលជាម្ចាស់ផ្លូវដែករបស់ប្រទេសនេះ បានអះអាងថា សេវាកម្មបានត្រឡប់មករកភាពធម្មតាវិញ ចាប់តាំងពីពេលនោះផងដែរ៕



ចែករំលែកព័តមាននេះ