Courtois លើកឡើងពីបញ្ហានាំឱ្យ Real Madrid ចាញ់ PSG ទក់សាច់ ៤-០ យប់មិញ
សហរដ្ឋអាមេរិក ៖ ក្រុមស្តេចស Real Madrid បញ្ចប់ដំណើរប្រជែងពានរង្វាន់ FIFA Club World Cup…
សហរដ្ឋអាមេរិក ៖ ក្រុមស្តេចស Real Madrid បញ្ចប់ដំណើរប្រជែងពានរង្វាន់ FIFA Club World Cup…
សហរដ្ឋអាមេរិក ៖ ក្រុមស្តេចស Real Madrid បញ្ចប់ដំណើរប្រជែងពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៥ នៅទឹកដីសហរដ្ឋអាមេរិក ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីចាញ់ក្រុមសេដ្ឋីបារាំង PSG យ៉ាងអាម៉ាស់លទ្ធផល ៤-០ កាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។
ជាមួយលទ្ធផលដែលអ្នកគាំទ្រជុំវិញពិភពលោកមិនគិតដល់ នៅឯកីឡដ្ឋាន MetLife មានមូលដ្ឋាននៅក្នុងរដ្ឋញូវជឺស៊ី (New Jersey) ខ្សែបម្រើកណ្តាលអេស្ប៉ាញ Fabián Ruiz រកបាន២គ្រាប់ម្នាក់ឯង ខណៈពីរគ្រាប់ផ្សេងទៀតសម្រេចបានដោយខ្សែប្រយុទ្ធបារាំង Ousmane Dembélé និងខ្សែប្រយុទ្ធព័រទុយហ្គាល់ Gonçalo Ramos ដើម្បីនាំ PSG ដែលទើបតែបានគ្រងជើងឯកពានរង្វាន់ UEFA Champions League រដូវកាល ២០២៤-២៥ ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup ឆ្នាំ២០២៥ ដោយត្រូវតទល់នឹងក្រុមតោខៀវ Chelsea នៅម៉ោង២ទៀបភ្លឺឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ម៉ោងនៅកម្ពុជា។
ជ័យជម្នះរបស់ក្រុម PSG លើក្រុម Real Madrid បានបង្កើតជារឿងដ៏ភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក ដ្បិតក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Xabi Alonso កីឡាកររបស់ក្រុមយក្សអេស្ប៉ាញមួយនេះ ហាក់បានបង្ហាញទម្រង់លេងមិនស៊ីសង្វាក់គ្នា ជាពិសេសនៅក្នុងវគ្គទី១នៃការប្រកួត។ ជាការកត់សម្គាល់អំពីការបរាជ័យដ៏ហួសចិត្តនេះ អ្នកចាំទីសញ្ជាតិបែលហ្ស៊ីក Thibaut Courtois របស់ក្រុម Real Madrid បានលើកឡើងអំពីបញ្ហារបស់ក្រុមប្រាប់ទៅគេហទំព័រ DAZN ថា «យើងចង់សុំទោសទៅកាន់អ្នកគាំទ្រ។
ពាក់ព័ន្ធនឹងបញ្ហា យើងមិនបានលេងជាក្រុមនោះទេ។ ការបង្កើតកំហុសធំពីរនៅដើមការប្រកួតបានជះឥទ្ធិពលដល់ពួកយើង។ យើងបរាជ័យក្នុងការធ្វើតាមផែនការរបស់លោក Xabi ដូច្នេះយើងត្រូវតែវិភាគពីបញ្ហារបស់វា។ ប៉ុន្តែយើងតែងតែមានប្រតិកម្មយឺតជាងគូប្រជែងរបស់យើង»។
សូមជម្រាបថា ដំណើរប្រកួតប្រជែងរបស់ក្រុម Real Madrid នៅក្នុងពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៥ បញ្ចប់ទៅដោយឈរកំពូលតារាងពូល H ក្រោយស្មើក្រុមមកពីអារ៉ាប៊ីសាអូឌីត Al-Hilal លទ្ធផល ១-០ ឈ្នះក្រុមមកពីម៉ិកស៊ិក Pachuca ៣-១ និងឈ្នះក្រុមមកពីអូទ្រីស Red Bull Salzburg ៣-០ ហើយបន្តឈ្នះ Juventus ១-០ វគ្គ១៦ក្រុម និងឈ្នះ Dortmund ៣-២ វគ្គ៨ក្រុម មុនចាញ់ PSG វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕ ដកស្រង់ ៖ SPORTbible
ចែករំលែកព័តមាននេះ