ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូ​ដែល​ម្នាក់​ទម្លាយ​ថា នាង​បាន​បដិសេធ​ការ​អញ្ជើញ​ទៅ​ខួបកំណើត Yamal ព្រោះតែ​ការ​ទាមទារ​ដ៏​ចម្លែក

2 ថ្ងៃ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ តារា​ម៉ូ​ដែល​ជនជាតិ​អេ​ស្ប៉ា​ញ កញ្ញា Claudia Calvo បាន​ទម្លាយ​សាធារណ​ថា នាង​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យទៅ​ចូលរួម​ពិធី​ខួបកំណើត​គម្រប់​១៨​ឆ្នាំ​របស់​កីឡាករ​បាល់ទាត់​វ័យក្មេង​កំពុង​ល្បី​ខ្លាំង Lamine Yamal…

ប្រទេស​អេ​ស្ប៉ា​ញ ៖ តារា​ម៉ូ​ដែល​ជនជាតិ​អេ​ស្ប៉ា​ញ កញ្ញា Claudia Calvo បាន​ទម្លាយ​សាធារណ​ថា នាង​ត្រូវ​បាន​គេ​អញ្ជើញ​ឱ្យទៅ​ចូលរួម​ពិធី​ខួបកំណើត​គម្រប់​១៨​ឆ្នាំ​របស់​កីឡាករ​បាល់ទាត់​វ័យក្មេង​កំពុង​ល្បី​ខ្លាំង Lamine Yamal ប៉ុន្តែ​ត្រូវ​បាន​នាង​បដិសេធ ដោយសារ​តែ​ការ​ទាមទារ​ដ៏​ចម្លែក​។

យោង​តាម​ប្រភព​ពី goal.com កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា តារា Claudia Calvo បាន​បង្ហោះ​សេចក្តីថ្លែងការណ៍​មួយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដោយ​បាន​អះអាង​ថា នាង​បាន​បដិសេធ​ការ​អញ្ជើញ​ចូលរួម​ពិធី​ខួបកំណើត​កីឡាករ Lamine Yamal ខ្សែប្រយុទ្ធ​ស្លាប​ឆ្នើម​របស់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ និង​ក្លិប​អ្នកមាន​បុណ្យ Barcelona ដោយសារ​ការ​ទាមទារ​ដ៏​ចម្លែក​ធ្វើ​ឡើង​ដោយ​អ្នក​រៀបចំ​កម្មវិធី​នោះ​។

ពិធី​ខួបកំណើត​របស់ Lamine Yamal បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា កន្លង​ទៅ តាម​សេចក្តីរាយការណ៍​រៀបចំ​នៅ​លើ​នាវា​ឯកជន​១​គ្រឿង ដែល​រក្សា​ការ​សម្ងាត់​តាំង​ចាប់ផ្តើម​រហូត​ដល់​ចប់​កម្មវិធី​។ សេចក្តីរាយការណ៍​ពី​បណ្តា​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេ​ស្ប៉ា​ញ​បានឱ្យ​ដឹង​ថា កញ្ញា Claudia Calvo ដែល​ជាតា​រា​ម៉ូ​ដែល​ជនជាតិ​អេ​ស្ប៉ា​ញ​បាន​អះអាង​ថា នាង​ត្រូវ​បាន​ទាក់ទង​ដោយ​អ្នក​រៀបចំ​កម្មវិធី​របស់ Yamal ដោយ​មិន​ត្រឹម​ខ្លួន​នាង​ផ្ទាល់​ចូលរួម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ឱ្យ​នាង​ជួយ​រក​នារី​ចំនួន​១២​នាក់​ដែល​មាន​ដើមទ្រូង​ធំ​ៗ និង​សក់​ពណ៌​ទុងដែង ដោយ​អ្នក​រៀបចំ​សន្យា​ថា​នឹង​ផ្តល់​ប្រាក់​ក្នុង​ម្នាក់​ៗ​ពី​១​ម៉ឺន​-២​ម៉ឺន​អឺ​រ៉ូ ប៉ុន្តែ​ពួក​គេ​មិន​អាច​យក​ទូរស័ព្ទ​ទៅ​ជាមួយ​បាន​នោះ​ទេ​។ ទោះ​យ៉ាងណា Calvo បាន​បដិសេធ បន្ទាប់​ពី​នាង​មាន​អារម្មណ៍​មិន​ស្រួល​ចំពោះ​សំណើ​ទាំងនេះ ព្រោះ​នាង​មិនដឹង​ថា ពួក​គេ​រំពឹង​ចង់បាន​អ្វី​ឱ្យ​ប្រា​ដក​នោះ​ទេ​។

ពាក់ព័ន្ធ​ជុំវិញ​បញ្ហា​នេះ Yamal ត្រូវ​បាន​រង​ការ​រិះគន់​ចំពោះ​ភាព​ចម្រូងចម្រាស​មួយ​ចំនួន​ដែល​បាន​កើតឡើង​ក្នុង​ពិធីជប់លៀង​ខួបកំណើត​របស់​គេ កាលពី​ពេល​ថ្មី​ៗ​នេះ ខណៈ​ដែល​យុវជន​រូប​នេះ ក៏​កំពុង​ប្រឈម​មុខ​នឹង​វិធានការ​ផ្លូវច្បាប់​ផង​ដែរ ចំពោះ​ការ​ប្រើ​អ្នក​សំដែង​ជា​មនុស្ស​តឿ​សម្រាប់​ការ​កម្សាន្ត​ក្នុង​ពិធីជប់លៀង​ដែល​មាន​រយៈពេល​ពេញ​មួយ​យប់​របស់​គេ​។

សូម​ជម្រាប​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​កីឡាករ Lamine Yamal កើត​មានរឿង​ចម្រូងចម្រាស​ជាមួយ​នារី​ៗ​រូប​ស្រស់​។ ជាក់ស្តែង កាលពី​ខែ​មុន កីឡាករ​រូប​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ពាក្យ​ចចាមអារ៉ាម​ទំនាក់ទំនង​ស្នេហា​ខុស​វ័យ​ជាមួយ​កញ្ញា Fati Vázquez ជនជាតិ​អេ​ស្ប៉ា​ញ​វ័យ​៣០​ឆ្នាំ ដែល​ជា​បុគ្គល​ល្បី​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម (Influencer) បន្ទាប់​ពី​នាង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ធ្វើ​ដំណើរ​វិស្សមកាល​ជាមួយ Yamal ដោយ​ជិះ​ម៉ូតូ​ទឹក​លេង​ជាមួយ​គ្នា​យ៉ាង​ស្និទ្ធស្នាល​នៅ​កោះ Pantelleria ប្រទេស​អ៊ី​តា​លី​។

យ៉ាងណាមិញ ក្រោយមក​ទៀត Yamal ត្រូវ​បាន​រាយការណ៍​ថា ព្យាយាម​ញ៉ែ និង​ចង់​ណាត់ជួប​ជាមួយ​អតីត​តារា​កុនកូនជ្រូក​ជនជាតិ​អេ​ស្ប៉ា​ញ (​ភាពយន្ត​អាសអាភាស​) កញ្ញា Claudia Bavel ដែល​មាន​អាយុ​បងខ្លួន​ដល់​១២​ឆ្នាំ​ថែម​ទៀត​។ ប៉ុន្តែ Yamal បាន​ច្រានចោល​ទាំងស្រុង​ដោយ​បញ្ជាក់​ថា រូបគេ​គ្មាន​ចំណាប់អារម្មណ៍​ចំពោះ Bavel ហើយ​ក៏​ជា​រឿង​មិន​អាច​ទៅ​រួច​ថែម​ទៀត ព្រោះ​បច្ចុប្បន្ន​គេ​រស់នៅ​ជាមួយ​ម្តាយ​ដែល​មិន​អនុញ្ញាត​ឱ្យ​អ្នក​មិន​ធ្លាប់​ស្គាល់​ណាត់ជួប​នោះ​ទេ​។

ជា​ការ​ឆ្លើយ​តប Bavel បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​របស់​នាង ដើម្បី​រៀប​រ៉ាប់​រឿង​របស់​នាង​ថា នាង​គ្មាន​ចេតនា​ចង់​បង្ហាញ​រឿង​នេះ​ជា​សាធារណៈ​នោះ​ទេ តែ​មាន​អារម្មណ៍​បង្ខំ​ឱ្យ​នាង​ត្រូវ​និយាយ​រឿង​នេះ បន្ទាប់​ពី Yamal បាន​និយាយ​ពី​នាង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​អេ​ស្ប៉ា​ញ​។ Bavel បាន​ប្រាប់​ថា «Yamal អះអាង​ថា​រស់នៅ​ជាមួយ​ម្តាយ ប៉ុន្តែ​តាម​ពិត​គេ​រស់នៅ​ម្នាក់ឯង​ទេ​។ គេ​និយាយ​ថា គេ​បាន​បដិសេធ និង​មិន​ចាប់អារម្មណ៍​លើ​ខ្ញុំ ទាំង​ដែល​គេ​ជា​អ្នក​ចង់​ចាប់ផ្តើម​ទំនាក់ទំនង ហើយ​ទទូច​ឱ្យ​មានការ​ណាត់ជួប​។

គេ​បដិសេធ​ថា យើង​មិន​បាន​ជួប​គ្នា បើ​ទោះបីជា​ឆ្លើយឆ្លង​គ្នា​តាម​បណ្តាញ​សង្គម​ជា​ច្រើន​ក៏​ដោយ​»​។ Bavel បាន​បញ្ជាក់​ទៀត​ថា នាង​គឺជា​អ្នក​បដិសេធ​ការ​ណាត់ជួប Yamal ដោយសារ​តែ​គេ​ជា​អនីតិជន​៕ ប្រភព ៖ goal.com, Tribuna និង Athlon Sports

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ