ប្រទេសស្វីស ៖ វីរបុរសកីឡាវាយតេន្នីសរបស់ប្រទេសស្វីស លោក Roger Federer កាលពីពេលថ្មីៗនេះ ទើបតែទទួលបានងារជាមហាសេដ្ឋីផ្លូវការ ហើយក៏ជាអត្តពលិកកីឡាវាយតេន្នីសដំបូងគេដែលទទួលបានងារមួយនេះ នៅពេលដែលទ្រព្យសម្បត្តិសុទ្ធរបស់លោកបានកើនឡើងដល់ ១,៣ពាន់លានដុល្លារអាមេរិក។
យ៉ាងណាមិញ បើទោះបីជាឈ្នះពានរង្វាន់ Grand Slam រហូតដល់២០ដងក៏ដោយ ក៏ប៉ុន្តែប្រាក់រង្វាន់បានមកពីអាជីពកីឡាវាយតេន្នីស គ្រាន់តែជាចំណែកតូចមួយនៃទ្រព្យសម្បត្តិរបស់លោកតែប៉ុណ្ណោះ។ ជាក់ស្តែង ប្រាក់ចំណូលបានពីភាពជាដៃគូសហការជាមួយបណ្តាម៉ាកយីហោល្បីដូចជា Rolex, Mercedes-Benz ក៏ដូចជា Uniqlo ព្រមទាំងការវិនិយោគនៅក្នុងក្រុមហ៊ុនស្បែកជើងស្វីស On បានធ្វើឱ្យតួលេខលុយក្នុងកុងធនាគាររបស់ Roger Federer កើនឡើងយ៉ាងខ្លាំង។
លោក Roger Federer ត្រូវបានពិភពលោកស្គាល់ថា កីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រកីឡាវាយតេន្នីស ប៉ុន្តែបច្ចុប្បន្នអតីតកីឡាករដែលបានប្រកាសចូលនិវត្តន៍កាលពីឆ្នាំ២០២២រូបនេះ ឡើងងារជាមហាសេដ្ឋីដោយសារតែទ្រព្យសម្បត្តិសរុបប្រមាណ ១,៣ពាន់លានដុល្លារ ដូចដែលត្រូវបានរាយការណ៍ដោយសារព័ត៌មាន Bloomberg។ នោះរាប់បញ្ចូលទាំងប្រាក់រង្វាន់ ១៣០,៦លានដុល្លារក្នុងរយៈពេល២៤ឆ្នាំនៃអាជីព អំឡុងពេលឈ្នះជើងឯកព្រឹត្តិការណ៍ Wimbledon ៨ដង US Open ៥ដង Australian Open ៦ដង និង French Open ១ដង។
ក្រៅពីនោះប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់របស់ Federer កើតចេញពីភាពជាដៃគូជាមួយកិច្ចព្រមព្រៀងក្រុមហ៊ុនល្បីៗជាច្រើន រួមទាំងប្រាក់ចំណូលប្រចាំឆ្នាំដែលបានរាយការណ៍ចំនួន ៨លានដុល្លារពីក្រុមហ៊ុននាឡិកាស្វីស Rolex និង ៥លានដុល្លារក្នុងមួយឆ្នាំពីក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ Mercedes-Benz ព្រមទាំង ២០លានដុល្លារពីក្រុមហ៊ុនសូកូឡារបស់ស្វីស Lindt ផងដែរ។
បន្ទាប់ពីការសម្រេចចិត្តចែកផ្លូវជាមួយក្រុមហ៊ុនផលិតសម្ភារៈកីឡារបស់អាមេរិក Nike នៅឆ្នាំ២០១៨ ដែលជាដៃគូសហការតាំងពី Federer មានអាយុ១៣ឆ្នាំ និងរកបានប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់នោះ មិនយូរប៉ុន្មាន Federer បានចាប់ដៃគូជាមួយក្រុមហ៊ុនសម្លៀកបំពាក់ជប៉ុន Uniqlo លើទឹកប្រាក់ចំនួន៣០០លានដុល្លារក្នុងកុងត្រារយៈពេល១០ឆ្នាំ។
ឆ្នាំ ២០១៩ Federer បានធ្វើការភ្នាល់យ៉ាងធំមួយ ដោយបោះទុនវិនិយោគក្នុងក្រុមហ៊ុនផលិតស្បែកជើងរបស់ស្វីស On ដោយទិញភាគហ៊ុន ៣% បន្ទាប់ពីរកឃើញប្រពន្ធ និងមិត្តភក្តិរបស់គាត់ពេញចិត្តនឹងស្បែករបស់ក្រុមហ៊ុននេះយ៉ាងខ្លាំង។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុននេះបានផ្ទុះឡើងនូវប្រជាប្រិយភាពនៅសហរដ្ឋអាមេរិក ហើយយោងតាម Bloomberg ឥឡូវនេះ On មានតម្លៃទីផ្សារប្រហែល១៧ពាន់លានដុល្លារ ដែលមានន័យថាផលលាភភាគហ៊ុនរបស់ Federer មានយ៉ាងហោចណាស់៥០០លានដុល្លារ។
គួររំលឹកថា មុនពេលចូលនិវត្តន៍នៅខែកញ្ញា ឆ្នាំ២០២២លោក Roger Federer បានគ្រងតំណែងជាកីឡាករលេខ១ពិភពលោកអស់រយៈពេល៣១០សប្តាហ៍ ហើយរហូតមកទល់ពេលបច្ចុប្បន្ននេះ និមិត្តរូបកីឡាវាយតេន្នីសស្វីសវ័យ៤៣ឆ្នាំរូបនេះ នៅតែទទួលបានការគោរពពីអត្តពលិកតេន្នីស ជាពិសេសអត្តពលិកជំនាន់ក្រោយ ព្រមទាំងអ្នកគាំទ្រនៅទូទាំងពិភពលោកផងដែរ៕ ប្រភព ៖ Fortune





ចែករំលែកព័តមាននេះ