រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះជាលើកទី២ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី៧-១២ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប ២៨គ្រឿង រួមមានមេដាយមាស ៥ ប្រាក់ ១២ និងសំរឹទ្ធ១១គ្រឿង។
ពិធីបិទព្រឹត្តិការណ៍វាយសីថ្នាក់តំបន់នេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម លី កុសល រដ្ឋលេខា
ធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងលោក Kim Jong Soo ប្រធានសហព័ន្ធកីឡាវាយសីអាស៊ី ព្រមទាំងប្រតិភូ និងអត្តពលិកទាំង៥ប្រទេសដែលចូលរួមការប្រកួតនេះ រួមមានមីយ៉ាន់ម៉ា ឡាវ ព្រុយណេ ទីម័រខាងកើត និងម្ចាស់ផ្ទះកម្ពុជា។
ការប្រកួតនេះ បែងចែកជា ៣ប្រភេទអាយុ គឺអាយុក្រោម ១៥ឆ្នាំ, អាយុក្រោម ១៧ឆ្នាំ និងអាយុក្រោម ២៣ឆ្នាំ ដែលមានវិញ្ញាសាសរុបចំនួន១៨វិញ្ញាសា ។ ជាលទ្ធផលក្រុមកីឡាវាយសីកម្ពុជា ដណ្ដើមបានមេដាយ២៨គ្រឿង (មាស ៥ ប្រាក់១២ និងសំរឹទ្ធ១១) ខណៈមីយ៉ាន់ម៉ា ឈរលេខ១ ដណ្ដើមបានមេដាយសរុប២២គ្រឿង (មាស១២ ប្រាក់៣ និងសំរឹទ្ធ ៧)។ រីឯឡាវ ឈរលេខ៣ ឈ្នះមេដាយសរុប ១១គ្រឿង (មាស១ ប្រាក់៣ និងសំរឹទ្ធ៧), ទីម័រខាងកើត ឈរលេខ៤ ឈ្នះមេដាយសំរឹទ្ធ ៥គ្រឿង និងព្រុយណេ ឈរលេខ៥ ឈ្នះមេដាយសំរឹទ្ធ៤គ្រឿង។
ថ្លែងក្នុងពិធីបិទការប្រកួតខាងលើ ឯកឧត្តម លី កុសល មានប្រសាសន៍ថា នេះគឺជាកំណត់
ត្រាប្រវត្តិសាស្ត្រថ្មី ដែលកម្ពុជាបានធ្វើម្ចាស់ផ្ទះជាលើកទី២ បន្ទាប់ពីទទួលបានការគាំទ្រពីសហ
ព័ន្ធកីឡាវាយសីអាស៊ី និងថវិកាភាគទានរបស់សហព័ន្ធជាតិ ក៏ដូចជាការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមម្លប់នៃសន្ដិភាពដែលជំរុញឲ្យព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យយ៉ាងត្រចះត្រចង់ ។
ឯកឧត្តមបន្ដថា ឆ្លងកាត់ការប្រកួតជិត១សប្ដាហ៍កន្លងមក បានបង្ហាញឲ្យឃើញថា កីឡាករ-កីឡា
ការិនីទាំងអស់ បានបង្ហាញនូវភាពក្លាហានឆន្ទៈ មោះមុត ការតាំងចិត្តខ្ពស់ក្នុងការប្រកួតគ្រប់វិញ្ញាសាយ៉ាងស្វិតស្វាញ ដើម្បីដណ្តើមយកមេដាយជូនជាតិរបស់ខ្លួន ។ ចុងក្រោយគណៈកម្មការ
បានរកឃើញកីឡាករ-កីឡាការិនី ដែលមានទេពកោសល្យខ្ពស់ និងអ្នកនៅមានកម្រិតយ៉ាងពិតប្រាកដ តាមរយៈលទ្ធផលជាក់ស្តែង ។ ក្នុងនោះ ឯកឧត្តមក៏បានអបអរសាទរចំពោះអ្នកទទួលបានជយលាភី និងជំរុញឲ្យអ្នកពុំទទួលបានមេដាយ បន្ដខំប្រឹងហាត់ដើម្បីត្រៀមការប្រកួតបន្ដបន្ទាប់ទៀត។
ឯកឧត្តម លី កុសល បន្ថែមទៀតថា ថ្វីត្បិតការប្រកួតបានបញ្ចប់ក៏ពិតមែន ប៉ុន្តែកិច្ចសហការ សាមគ្គីភាព មិត្តភាពដ៏ស្អិតរមួត អនុស្សាវរីយ៍ល្អៗជាច្រើន ដែលសាងឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានបន្សល់ទុកនូវស្នាមញញឹម ភាពរួសរាយរាក់ទាក់ មនោសញ្ចេតនានៃក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅរវាងកីឡាករ-កីឡាការិនី និងប្រតិភូនៃប្រទេសទាំង៥ ក្នុងសហគមន៍អាស៊ីអាគ្នេយ៍ នៅតែដិតជាប់ក្នុងអារម្មណ៍របស់យើងទាំងអស់គ្នាឲ្យចងចាំជានិច្ចទោះបីត្រូវចាកចេញទៅប្រទេសរៀងៗខ្លួននៅថ្ងៃស្អែកនេះក៏ដោយ ។ សង្ឃឹមថា យើងនឹងអាចបានជួបគ្នាសាជាថ្មីនៅចុងឆ្នាំ២០២៦ ប្រសិនបើកម្ពុជានឹងត្រូវបានធ្វើជាម្ចាស់ផ្ទះម្តងទៀត៕


ចែករំលែកព័តមាននេះ