រាជធានីភ្នំពេញ ៖ កីឡាករថ្នាលជើងខ្លាំងគុនខ្មែររិទ្ធី គីងកុង ដែលទើបតែដណ្ដើមបានខ្សែក្រវាត់១គ្រឿងពីប្រទេសជប៉ុនកាលពីពេលថ្មីនេះ ឥឡូវគេដណ្ដើមបានខ្សែក្រវាត់១គ្រឿងទៀតពីការប្រកួតគុនខ្មែរនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ដោយបានយកឈ្នះអ្នកប្រដាល់ជើងខ្លាំងម៉ាឡេស៊ីISLAM REMBO ក្នុងប្រភេទទម្ងន់២៥គីឡូក្រាម។
ការប្រកួតលើកនេះរិទ្ធី គីងកុង ពិតជាធ្វើបានល្អខ្លាំងណាស់ ដោយការប្រកួតដែលធ្វើឡើងត្រឹម៣ទឹកនោះ គេបានប្រើបច្ចេកទេសវាយសម្រុកទៅលើគូប្រកួតតាំងពីទឹកទី១ម៉្លេះ។
ប៉ុន្តែកីឡាករISLAM REMBOក៏មិនអន់ប៉ុន្មានដែរ គេបានព្យាយាមវាយបកសងវិញមិនបង្អង់ដៃនោះទេ ធ្វើឱ្យអ្នកតាមដានការប្រកួតសម្លឹងមើលមិនដកភ្នែក ។ ជាពិសេសការប្រើស្នៀតជើងនិងស្នៀតកែងទាត់និងវាយគ្នាទៅវិញទៅមកក្នុងបំណងយកឈ្នះរៀងខ្លួន។
ទោះបីយ៉ាងណា រិទ្ធី គីងកុង ដែលធ្លាប់ផ្ដួលគូប្រកួតឱ្យចាញ់ដោយសន្លប់ភាគច្រើននោះ បានត្រឹមតែយកឈ្នះលើកីឡាករISLAM REMBOដោយពិន្ទុទាំងប្រផិតប្រផើយប៉ុណ្ណោះតាមរយៈការយកប្រៀបលើគូប្រកួតនៅក្នុងទឹកទី៣ដែលជាទឹកបញ្ចប់ ។ ជ័យជម្នះរបស់កីឡាកររិទ្ធី គីងកុង ពេលនេះកាន់តែធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់គេកាន់តែល្បីក្នុងពិភពប្រដាល់។
ចំណែកមិត្តរួមអាជីពរបស់គេចំនួន៣រូបទៀត ក៏បានឈ្នះខ្សែក្រវាត់ និងពានរង្វាន់ម្នាក់១គ្រឿងដូចគ្នា ។ កីឡាករ ធន់ ឧត្តម យកឈ្នះកីឡាករADAM MIKAILនិងកីឡា រិទ្ធី ហុងបញ្ញា យកឈ្នះកីឡាករKHALISH MUHAMMADដណ្ដើមបានខ្សែក្រវាត់ម្នាក់១គ្រឿង។ ចំណែកកីឡាកររិទ្ធី អុិច យកឈ្នះកីឡាករSAHRIN AIDILដណ្ដើមបានពាន១គ្រឿង ខណៈកីឡាកររិទ្ធី មាន់ព្រៃ អត់បានប្រកួតទេដោយសារគូប្រកួតរបស់គេអវត្តមាន៕

ចែករំលែកព័តមាននេះ