ពាក់ព័ន្ធនឹងការពិន័យធ្ងន់នេះ កាសែតម៉ាឡេស៊ី New Straits Times បានដាក់ចំណងជើងថា «ការអៀនខ្មាស់ ៖ FIFA ទះកំផ្លៀង FAM ដោយការពិន័យយ៉ាងធ្ងន់ធ្ងរ និងការហាមប្រាមកីឡាករ» ខណៈដែលគេហទំព័រព័ត៌មានម៉ាឡេស៊ីមួយទៀតឈ្មោះថា Scoop បានហៅការពិន័យថា «ការផ្អាកដែលធ្វើឱ្យបាល់ទាត់ម៉ាឡេស៊ីជួបរឿងរន្ធត់»។
សារព័ត៌មានអន្តរជាតិរួមមាន Reuters, AP និង Arab News ព្រមទាំងសារព័ត៌មានរួមតំបន់អាស៊ីអាគ្នេយ៍ដូចជា Bola, Siam Sports និង The Straits Times ក៏បានរាយការណ៍ពីរឿងនេះថា គឺជាព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលផងដែរ។ ចំណែក CNN Indonesia បានអត្ថាធិប្បាយថា ការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរនេះ ប្រៀបដូចជាផ្គរលាន់ដល់ FAM និងកីឡាករ ហើយបានព្រមានថា យុទ្ធនាការជម្រុះពានរង្វាន់ Asian Cup ឆ្នាំ២០២៧ របស់ម៉ាឡេស៊ីអាចនឹងត្រូវបំផ្លាញ។
ពាក់ព័ន្ធបញ្ហានេះ FAM បានឆ្លើយតបនៅល្ងាចថ្ងៃដដែល ពោលថ្ងៃទី២៦ កញ្ញា ដោយអះអាងថា ឯកសារចូលសញ្ជាតិទាំងអស់ត្រូវបានដំណើរការប្រកបដោយស្មោះត្រង់ និងតម្លាភាព យោងទៅតាមគោលការណ៍ណែនាំរបស់ FIFA ហើយឯកសារកីឡាករក៏បានឆ្លងកាត់ការពិនិត្យមុនសម្រេចផ្លូវការ ដើម្បីអាចពួកគេលេងតំណាងប្រទេសម៉ាឡេស៊ី។ ជាមួយគ្នានោះ សមាគមក៏បានប្រកាសថា ខ្លួននឹងប្រើប្រាស់គ្រប់នីតិវិធីច្បាប់ ដើម្បីប្តឹងឧទ្ធរណ៍ចំពោះការសម្រេចរបស់ FIFA ផងដែរ។
FAM មានសិទ្ធិប្តឹងទៅ FIFA ក្នុងរយៈពេល១០ថ្ងៃ ដោយស្នើសុំការពន្យល់ពេញលេញ។ ប្រសិនបើបណ្តឹងឧទ្ធរណ៍បានជោគជ័យ ការសម្រេចថ្មីមួយនឹងត្រូវចេញផ្សាយលើគេហទំព័រគណៈកម្មាធិការវិន័យ FIFA។ ករណីការប្តឹងតវ៉ាពុំបានជោគជ័យ សេចក្តីសម្រេចរបស់ FIFA អាចប៉ះពាល់ធ្ងន់ធ្ងរដល់យុទ្ធនាការប្រកួតរបស់ម៉ាឡេស៊ីក្នុងវគ្គជម្រុះចុងក្រោយពានរង្វាន់ Asian Cup ឆ្នាំ២០២៧។
ចែករំលែកព័តមាននេះ