រាជធានីភ្នំពេញ ៖ វគ្គសិក្សាសាមគ្គីអូឡាំពិកស្ដីពីរដ្ឋបាលកីឡាសម្រាប់ថ្នាក់ដឹកនាំ មន្ត្រីនិងគ្រូបង្វឹកដែលមកពីសហព័ន្ធកីឡាជាតិ និងស្ថាប័នពាក់ព័ន្ធនានាចំនួន៥៦នាក់បានបិទបញ្ចប់ជាស្ថាពរហើយកាលពីថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៥ ។ វគ្គសិក្សាស្ដីពីរដ្ឋបាលកីឡានេះរៀបចំធ្វើឡើងកាលពីថ្ងៃទី១៥ ខែកញ្ញា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ឯកឧត្តមបណ្ឌិតថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)ដែល
បានអញ្ជើញជាគណៈអធិបតីនៅក្នុងឱកាសនោះបានមានប្រសាសន៍ថា វគ្គសិក្សាសាមគ្គី
អូឡាំពិកស្ដីពីរដ្ឋបាលកីឡាពិតជាមានសារៈសំខាន់ជាមូលដ្ឋានក្នុងដំណើរការដឹកនាំ គ្រប់គ្រង
អង្គការកីឡាប្រកបដោយតម្លាភាព សុចរិតភាពអភិបាលកិច្ចល្អ និងភាពជាអ្នកដឹកនាំល្អ ដើម្បី
ធានានូវប្រសិទ្ធភាពការងារកីឡា ឈានទៅអភិវឌ្ឍវិស័យកីឡាជំនាញនីមួយៗឱ្យទទួលបានភាពប្រកួតប្រជែងស្មើគុណផលកីឡាកម្រិតតំបន់ ទ្វីប និងពិភពលោកនាថ្ងៃអនាគត។
ឯកឧត្តមបណ្ឌិតថោង ខុន បានបន្តថា សិក្ខាកាមទាំងអស់ក៏បានយល់ដឹងអំពីគោលការណ៍អភិបាលកិច្ចល្អសម្រាប់ចលនាអូឡាំពិកដែលជាគោលការណ៍គន្លឹះសំខាន់ដែលតម្រូវឱ្យសមាជិកនៃចលនាអូឡាំពិកទាំងអស់រួមទាំងសហព័ន្ធកីឡាជាតិ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនដើម្បីធានាអនុលោមភាពស្របតាមធម្មនុញ្ញអូឡាំពិក។
រដ្ឋបាលកីឡាត្រូវសិក្សារៀនសូត្រ និងយល់ដឹងច្បាស់លាស់នូវនិយាមរដ្ឋបាលកីឡាជាតិនិងនិយាមរដ្ឋបាលកីឡាអន្តរជាតិ ។ មានន័យថា កម្ពុជាមានគោលនយោបាយកីឡាជាតិ មានគោលការណ៍យុទ្ធសាស្ត្រនិងអភិវឌ្ឍន៍កីឡាជាតិ ដែលជាបន្ទាត់នយោបាយតម្រង់ទិសក្នុងការអភិវឌ្ឍវិស័យកីឡាជាតិ ក៏ប៉ុន្តែរាល់ការអនុវត្តត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាព អនុលោមទៅនឹងគោលការណ៍គ្រឹះកីឡាអន្តរជាតិនិងធម្មនុញ្ញអូឡាំពិកអន្តរជាតិ។
ឯកឧត្តមប្រធានNOCCបានបន្តឱ្យដឹងទៀតថា វគ្គសិក្សានេះបានផ្ដល់នូវពុទ្ធិ ល្អៗ ថ្មីៗ ទាំងរដ្ឋ
បាលកីឡា បច្ចេកទេសកីឡា វិទ្យាសាស្ត្រកីឡា និងទ្រឹស្ដីកីឡា អាចឱ្យប្អូនៗជាសិក្ខាកាមយកទៅបម្រើការក្នុងសហព័ន្ធកីឡាជាតិប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែទន្ទឹមគ្នានេះដែរត្រូវយកលទ្ធផលនៃចំណេះដឹងជំនាញពីការសិក្សាទៅអនុវត្តឱ្យបានត្រឹមត្រូវ និងបន្តចែលរំលែកដល់គ្រួសារកីឡារបស់ខ្លួនបន្ថែមទៀត ទើបអាចផ្ដល់ផលវិជ្ជមាន និងទទួលបានលទ្ធផលជាក់ស្ដែងក្នុងការកសាង និងអភិវឌ្ឍវិស័យកីឡាជំនាញនៅតាមសហព័ន្ធកីឡាជាតិ ៕




ចែករំលែកព័តមាននេះ