សហរដ្ឋអាមេរិក ៖ ពិភពប្រដាល់អាជីពគ្រប់ទម្រង់ ត្រូវបានចាត់ថ្នាក់ជាកីឡាគ្រោះថ្នាក់បំផុតក្នុងចំណោមប្រភេទកីឡាផ្សេងទៀត។ ហើយជាមួយគ្នានោះ កីឡាប្រដាល់សកល ក៏ត្រូវបានចាត់ថ្នាក់ជាកីឡាទាក់ទាញ និងល្បីល្បាញបំផុត នៅក្នុងចំណោមប្រភេទកីឡាប្រដាល់ ឬកីឡាទម្រង់ប្រយុទ្ធផ្សេងទៀត។
ក្រៅអំពីលេចធ្លោជាងគេហើយនោះ កីឡាប្រដាល់សកលក៏បានបង្កើតកេរ្តិ៍ឈ្មោះ និងប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ដល់អត្តពលិក នៃកីឡាប្រភេទនេះផងដែរ។ យោងតាមប្រភពគេហទំព័រកីឡា The Sportster បានចងក្រងបញ្ជី ការប្រកួតប្រដាល់សកលពិភពលោកទាំង ១០ ដែលកីឡាករវេចលុយត្រឡប់ទៅផ្ទះច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ៖
១-ជំនួប Floyd Mayweather ទល់នឹង Conor McGregor (២៨០លានដុល្លារ) អ្នកប្រដាល់សញ្ជាតិអាមេរិក Floyd Mayweather រកបាន ២៨០លានដុល្លារអាមេរិកពីការប្រកួតយកឈ្នះលើអ្នកលេងគុនចម្រុះ UFC សញ្ជាតិអៀរឡង់ Conor McGregor កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ដោយការបោះបង់ការប្រកួតត្រឹមទឹកទី១០។ ការប្រកួតនេះ ត្រូវបានប្រសិទ្ធិនាមថា «The Money Fight» ឬការប្រយុទ្ធដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ បើទោះជាចាញ់ក៏ពិតមែន ប៉ុន្តែ McGregor អាចរកបាន ១៣០លានដុល្លារពីជំនួបដ៏កក្រើកមួយនេះ
២-ជំនួប Floyd Mayweather ទល់នឹង Manny Pacquiao (២៥០លានដុល្លារ) Mayweather ដែលពិភពលោកល្បីថាយកប្រដាល់ជាជំនួញជាងកីឡាអាជីពនោះ បានយកឈ្នះលើស្តេចប្រដាល់សកលហ្វីលីពីន Manny Pacquiao កាលពីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥ តាមរយៈការឈ្នះពិន្ទុជាឯកច្ឆន្ទ។ ហើយ Mayweather ក៏ត្រូវបានរាយការណ៍ថា កើបលុយបាន ២៥០លានដុល្លារនៅយប់នោះផងដែរ ពោលទទួលបានច្រើនជាងគូប្រកួតរបស់ខ្លួន ១០០លានដុល្លារ។
៣-ជំនួប Floyd Mayweather ទល់នឹង Manny Pacquiao (១៥០លានដុល្លារ) កេរ្តិ៍ឈ្មោះរបស់ស្តេចប្រដាល់ហ្វីលីពីន Pacquiao កាន់តែល្បីខ្លាំងឡើង ក្រោយបញ្ចប់ការប្រកួតទល់នឹងកំពូលអ្នកប្រដាល់អាមេរិក Mayweather។ បើទោះចាញ់ការប្រកួតក៏ពិតមែន ប៉ុន្តែ Pacquiao ដែលរកបាន១៥០លានដុល្លារពីជំនួបនេះ បានផ្តល់ការលំបាកដល់គ្រូប្រកួតរបស់ខ្លួនយ៉ាងខ្លាំង ខណៈអ្នកគាំទ្រប្រដាល់ពិភពលោកជាច្រើនផងដែរ ក៏បានលើកឡើងថា Pacquiao មិនសមចាញ់ការប្រកួតនេះឡើយ។
៤-ជំនួប Conor McGregor ទល់នឹង Floyd Mayweather (១៣០លានដុល្លារ) ជំនួបរវាង McGregor តទល់នឹង Mayweather ចំណាយរយៈពេលជាច្រើនឆ្នាំ មុនកើតចេញការប្រកួតដ៏កក្រើកប្រវត្តិសាស្ត្រមួយនេះ ខណៈដែលពេលនោះអ្នកលេងគុនចម្រុះសញ្ជាតិអៀរឡង់កំពុងជាកីឡាករល្បីបំផុតប្រចាំសង្វៀនអដ្ឋកោន UFC ។ ហើយទោះមិនអាចឈ្នះ Mayweather ប៉ុន្តែ McGregor បង្ហាញទម្រង់ប្រដាល់សកលបានយ៉ាងលេងល្អ និងកើបលុយ ១៣០លានដុល្លារ ជាចំនួនខ្ពស់បំផុតក្នុងអាជីពរបស់ខ្លួន។
៥-ជំនួបលើកទី១រវាង Tyson Fury ទល់នឹង Oleksandr Usyk (១០០លានដុល្លារ) អ្នកប្រដាល់អ៊ុយក្រែន Usyk បានផ្តល់អ្នកប្រដាល់អង់គ្លេស Fury កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ដោយពិន្ទុមិនឯកច្ឆន្ទ សម្រាប់ជំនួបលើកទី១។ Fury វេចលុយទៅផ្ទះ ១០០ដុល្លារអាមេរិក ខណៈ Usyk រកបាន ៣៧លានដុល្លារ។ ប៉ុន្តែជំនួបលើកទី២ កាលពីថ្ងៃទី២១ ខែធ្នូ ថ្មីៗនេះ ដែល Usyk បន្តឈ្នះជំនួបសងសឹកដោយពិន្ទុជាឯកច្ឆ័ន្ទ កីឡាករទាំងពីរត្រូវបានរាយការណ៍ថា វេចលុយសរុប ១៩០លានដុល្លារ ដោយ Usyk បានភាគលាភច្រើនជាងក្នុងនាមអ្នកឈ្នះ បើទោះបីជាចំនួនពិតប្រាកដមិនទាន់ត្រូវបានបង្ហាញផ្លូវការនៅឡើយ។
៦-ជំនួប Floyd Mayweather ទល់នឹង Canelo Alvarez (៨០លានដុល្លារ) Mayweather កើបលុយសរុបបាន ៨០លានដុល្លារពីការយកឈ្នះលើអ្នកប្រដាល់ឆ្នើមសញ្ជាតិម៉ិកស៊ិក Alvarez កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៣ ដោយពិន្ទុមិនឯកច្ឆន្ទ។ ដ្បិត Alvarez អាចរកបាន ១២លានដុល្លារពីជំនួបនេះ។
៧-ជំនួបលើកទី៣រវាង Tyson Fury ទល់នឹង Deontay Wilder (៦០លានដុល្លារ) Fury រកបាន ៦០លានដុល្លារពីជំនួបទី៣ និងចុងក្រោយតទល់នឹងអ្នកប្រដាល់សញ្ជាតិអាមេរិក Wilder កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ឱ្យសន្លប់ត្រឹមទឹកទី១១។ ជំនួបលើកទី១ កាលពីចុងឆ្នាំ ២០១៨ អ្នកទាំងពីរបានត្រឹមស្មើគ្នា ខណៈលើកទី២ កាលពីខែកុម្ភៈ ឆ្នាំ២០២០ Wilder បោះបង់ការប្រកួតត្រឹមទឹកទី៧។
៨-ជំនួប Oscar De La Hoya ទល់នឹង Floyd Mayweather (៥២លានដុល្លារ) អ្នកប្រដាល់ឆ្នើមសញ្ជាតិអាមេរិក De La Hoya រកបានសរុប ៥២លានដុល្លារពីជំនួបទល់នឹង Mayweather កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០០៧ បើទោះបីជាលោកចាញ់ការប្រកួតនោះ ដោយការដាក់ពិន្ទុមិនឯកច្ឆន្ទពីសំណាក់ចៅក្របទាំងបីរូបកក៏ពិតមែន។ ចំណែក Mayweather ក្នុងនាមអ្នកឈ្នះអាចរកបាន ២៥លានដុល្លារ។
៩-ជំនួប Anthony Joshua vs. Francis Ngannou (៥០លានដុល្លារ) អ្នកប្រដាល់ឆ្នើមចក្រភពអង់គ្លេស Joshua រកបាន ៥០លានដុល្លារពីការឈ្នះអ្នកលេងគុនចម្រុះសញ្ជាតិកាមេរូន និងបារាំង Ngannou ការប្រកួតប្រដាល់សកលអាជីព កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ដោយផ្តួលគូប្រកួតឱ្យសន្លប់ត្រឹមទឹកទី២។
១០-ជំនួបលើកទី៣រវាង Canelo Alvarez ទល់នឹង Gennadiy Golovkin (៤៥លានដុល្លារ) អ្នកប្រដាល់ម៉ិកស៊ិក Alvarez រកបាន ៤៥លានដុល្លារពីការយកឈ្នះអ្នកប្រដាល់សកលសញ្ជាតិកាហ្សាក់ស្ថាន Golovkin សម្រាប់ជំនួបលើកទី៣ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ដោយពិន្ទុជាឯកច្ឆន្ទ។ ការជួបគ្នាលើកទី១ អ្នកទាំងពីរបានត្រឹមស្មើគ្នា រីឯជំនួបលើកទី២ Alvarez ដោយពិន្ទុមិនឯកច្ឆន្ទ៕ ប្រភព ៖ The Sportster
ចែករំលែកព័តមាននេះ