ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AFF Cup ៖ ថៃចង់បាន៣ពិន្ទុយប់នេះ បន្តកំណត់ត្រាមិនចាញ់២៥ប្រកួត វគ្គចែកពូល

10 ម៉ោង មុន

ប្រទេសថៃ ៖ ក្រុមបាល់ទាត់ជម្រើសជាតិថៃ នឹងបើកទ្វារកីឡដ្ឋានជាតិ Rajamangala នាទីក្រុងបាងកក នៅវេលាម៉ោង ០៨:០០នាទីយប់នេះ ទទួលស្វាគមន៍ក្រុមជម្រើសជាតិកម្ពុជា សម្រាប់ជំនួបទី៤…

ប្រទេសថៃ ៖ ក្រុមបាល់ទាត់ជម្រើសជាតិថៃ នឹងបើកទ្វារកីឡដ្ឋានជាតិ Rajamangala នាទីក្រុងបាងកក នៅវេលាម៉ោង ០៨:០០នាទីយប់នេះ ទទួលស្វាគមន៍ក្រុមជម្រើសជាតិកម្ពុជា សម្រាប់ជំនួបទី៤ ដែលជាជំនួបចុងក្រោយវគ្គសន្សំពិន្ទុពូល A ពានរង្វាន់ជើងឯកអាស៊ាន AFF Cup ឆ្នាំ ២០២៤ (ASEAN Mitsubishi Electric Cup 2024)។

ក្រុមដំរីសឹកថៃ ឆ្លងកាត់៣ប្រកួតកន្លងមកក្នុងពូល A ឈ្នះទាំងអស់ និងជាក្រុមដំបូងគេកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF Cup ឆ្នាំ ២០២៤ ខណៈពេលដែល សិង្ហបុរី កម្ពុជា និងម៉ាឡេស៊ី ត្រូវប្រកួតប្រជែងគ្នានៅជំនួបចុងក្រោយដ៏តានតឹង ដើម្បីរកមួយក្រុមឡើងទៅវគ្គខ្វែង។ ដ្បិតម៉ាឡេស៊ី ត្រូវបើកទ្វារកីឡដ្ឋានជាតិ Bukit Jalil របស់ខ្លួន នៅវេលាម៉ោង ០៨:០០នាទីយប់នេះផងដែរ ដើម្បីទទួលសិង្ហបុរី។

បើទោះបីជាឈ្នះកៅអីវគ្គខ្វែងក៏ពិតមែន ប៉ុន្តែគ្រូបង្វឹកថៃ លោក Masatada Ishii នៅតែចង់បាន៣ពិន្ទុពីជំនួបចុងក្រោយជាមួយកម្ពុជា។ គ្រូបង្វឹកជនជាតិជប៉ុនវ័យ៥៧ឆ្នាំរូបនេះ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៩ ខែធ្នូ យ៉ាងដូច្នេះថា «ការប្រកួតជាមួយកម្ពុជា ខ្ញុំមើលលើរឿងពីរទាំងការសម្រាករបស់កីឡាករ ហើយខ្ញុំក៏ត្រូវការ៣ពិន្ទុផងដែរ ដើម្បីឱ្យក្រុមធ្វើបានល្អបំផុត។ បើនិយាយពីរបៀបលេងរបស់យើង ពេលនេះមិនអាចបង្ហាញបានទេ។ យើងនឹងផ្តោតលើការលេងជាក្រុម ការលេងបាល់ខ្លី ចលនាវាយសម្រុក ហើយវានឹងក្លាយជាអ្វីដែលយើងនឹងវាយតម្លៃបន្ថែមទៀតក្នុងការលេង។ ប៉ុន្តែយើងត្រូវមើលស្ថានភាពកាយសម្បទារបស់កីឡាករជាមុនសិន ដើម្បីកុំឱ្យមាននរណាម្នាក់រងរបួស»។

ដោយឡែក គ្រូបង្វឹកជនជាតិជប៉ុន លោក Koji Gyotoku របស់ក្រុមគោព្រៃកម្ពុជា ក៏បានលើកឡើងផងដែរថា «សម្រាប់ក្រុមជម្រើសជាតិថៃ អ្នកណាក៏ដឹងដែរថា ពួកគេជាក្រុមដ៏ខ្លាំង ប៉ុន្តែយើងមកទីនេះដើម្បីយក៣ពិន្ទុ ហើយសម្រាប់កីឡាករដែលមានរបួសមួយចំនួន យើងមានអ្នកជំនួសរួចរាល់ហើយ»។

ប្រវត្តិជួបគ្នារវាងក្រុមគោព្រៃកម្ពុជា ទល់នឹងក្រុមដំរីសឹកថៃ សរុបចំនួន៧លើក ដោយថៃឈ្នះ៦លើក និងស្មើគ្នា១លើក ៖
-០១/កញ្ញា/១៩៥៧: ថៃ ៣-០ កម្ពុជា (ពានរង្វាន់ Merdeka Tournament)
-០៦/កញ្ញា/១៩៦៤: កម្ពុជា ០-១ ថៃ (ពានរង្វាន់ Merdeka Tournament)
-០១/ធ្នូ/១៩៧១: ថៃ ១-១ កម្ពុជា (ព្រឹត្តិការណ៍ស៊ីហ្គេម)
-១២/ធ្នូ/១៩៩៥: ថៃ ៩-០ កម្ពុជា (ព្រឹត្តិការណ៍ស៊ីហ្គេម)
-១២/តុលា/១៩៩៧: ថៃ ៤-០ កម្ពុជា (ព្រឹត្តិការណ៍ស៊ីហ្គេម)
-០១/កញ្ញា/២០០១: ថៃ ៧-០ កម្ពុជា (ព្រឹត្តិការណ៍ស៊ីហ្គេម)
-០២/មករា/២០២៣: ថៃ ៣-១ កម្ពុជា (ពានរង្វាន់ AFF Cup)

ថៃបច្ចុប្បន្នកំពុងកាន់កំណត់ត្រាមិនទាន់ចាញ់ក្នុងវគ្គចែកពូល ពានរង្វាន់ AFF Cup បានយូរជាងគេរយៈពេល១៤ឆ្នាំ ពោល២៤ប្រកួត ដោយឈ្នះ២២លើក និងស្មើ២លើក។ ការចាញ់វគ្គចែកពូលចុងក្រោយរបស់ថៃ កើតឡើងកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១០ ក្រោមថ្វីជើងឥណ្ឌូណេស៊ីលទ្ធផល ២-១។

នៅក្នុងពូល B ឯណោះវិញ កាន់តែស្វិតស្វាញខ្លាំង ដោយសារតែពុំទាន់រកឃើញក្រុមណាមួយ កក់កៅអីវគ្គខ្វែងនៅឡើយទេ បើទោះបីជាវៀតណាមកំពុងឈរកំពូលតារាងយ៉ាងណាក៏ដោយ។ ជំនួបចុងក្រោយក្នុងពូល B ធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ដោយម្ចាស់ផ្ទះវៀតណាម ប៉ះ មីយ៉ាន់ម៉ា នៅកីឡដ្ឋាន Viet Tri នៅវេលាម៉ោង០៨:០០នាទីយប់ ហើយនៅម៉ោងជាមួយគ្នានោះ ម្ចាស់ផ្ទហឥណ្ឌូណេស៊ី ប៉ះ ហ្វីលីពីន នៅពហុកីឡដ្ឋាន Manahan។

គួរបញ្ជាក់ថា ទីម័រខាងកើតបានហាលអាវ ក្រោយឆ្លងកាត់៤ប្រកួតក្នុងពូល A ចាញ់ទាំងអស់ ស្របពេលដែលឡាវក៏អស់ឱកាសដូចគ្នា ក្រោយស្មើ២ប្រកួត និងចាញ់២ប្រកួត នៅក្នុងពូល B៕ រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា, Changsuek និង ASEAN United FC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ