ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប្រយុទ្ធដ៏កក្រើកប្រទេសឥណ្ឌានឹងកើតឡើង ផ្តួចផ្តើមដោយគ្រួសារមហាសេដ្ឋីមានបំផុតនៅអាស៊ី

9 ម៉ោង មុន

អន្តរជាតិ ៖ កាលពីពេលថ្មីៗនេះ ដំណឹងអំពីការប្រកួតក្រៅផ្លូវការរវាងកំពូលអ្នកលេងគុនចម្រុះ UFC សញ្ជាតិអៀរឡង់ Conor McGregor ទល់នឹងតារាយូធូបសញ្ជាតិអាមេរិក ដែលប្រែខ្លួនជាអ្នកប្រដាល់​សកល…

អន្តរជាតិ ៖ កាលពីពេលថ្មីៗនេះ ដំណឹងអំពីការប្រកួតក្រៅផ្លូវការរវាងកំពូលអ្នកលេងគុនចម្រុះ UFC សញ្ជាតិអៀរឡង់ Conor McGregor ទល់នឹងតារាយូធូបសញ្ជាតិអាមេរិក ដែលប្រែខ្លួនជាអ្នកប្រដាល់​សកល និងបច្ចុប្បន្នជាអ្នកកីឡាកាស WWE លោក Logan Paul ក្រោមការផ្តួចផ្តើមផ្ទាល់របស់គ្រូសារមហាសេដ្ឋីមានបំផុតប្រចាំទ្វីបអាស៊ី កំពុងតែផ្ទុះកក្រើកពេញបណ្តាញសារព័ត៌មានទូទាំងពិភពលោក។ ទោះយ៉ាងណា McGregor ចេញមកអះអាងថា កិច្ចព្រមព្រៀងមិនទាន់សម្រេចជាផ្លូវការនៅឡើយទេ។

យោងតាមកាសែត Daily Mail កាលពីថ្ងៃទី២១ ខែធ្នូ កន្លងទៅ បានឱ្យដឹងថា ការប្រកួតក្រៅផ្លូវការដ៏កក្រើក ឬ Exhibition Match តាមការគ្រោងទុកនឹងកើតឡើងក្នុងប្រទេសឥណ្ឌារវាង Conor McGregor និង Logan Paul ដែលគ្រប់គ្នាស្គាល់ច្បាស់ថា បងប្រុសបង្កើតរបស់ Jake Paul តារាយូធូបប្រែខ្លួនជាអ្នកប្រដាល់សកលអាជីព ដែលទើបយកឈ្នះលើអតីតស្តេចប្រដាល់ទម្ងន់ធ្ងន់ពិភពលោក Mike Tyson កាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅថ្មីៗនោះ ត្រូវបានរាយការណ៍ថា មិនទាន់សម្រេចជាផ្លូវការនៅឡើយទេ។

កាលពីសប្តាហ៍មុន McGregor បានធ្វើការអះអាងថា ខ្លួននឹងឡើងសង្វៀនប្រកួតតទល់ជាមួយនឹង Logan Paul សម្រាប់ការប្រកួតក្រៅផ្លូវការក្នុងប្រទេសឥណ្ឌា។ ជាមួយគ្នានោះ McGregor ក៏បានច្រានចោលដំណឹងដែលអះអាងថា រូបគេនឹងត្រូវប្រកួតជាមួយនឹងអ្នកលេងគុនចម្រុះកូនកាត់ហ្សកហ្ស៊ី-អេស្ប៉ាញ Ilia Topuria ផងដែរ។

អ្នកលេងគុនចម្រុះកំពូលឌឺជនជាតិអៀរឡង់វ័យ៣៦ឆ្នាំរូបនេះ បានសរសេរលើបណ្តាញ X របស់ខ្លួនថា «ពាក្យចចាមអារ៉ាមអំពីការប្រកួតជាមួយ Topuria គឺជារឿងមិនពិត។ ខ្ញុំកំពុងស្ថិតក្នុងកិច្ចព្រមព្រៀងបឋមជាមួយគ្រួសារត្រកូល Ambani ដើម្បីប្រកួតនឹង Logan Paul នៅក្នុងប្រទេសឥណ្ឌា។ ខ្ញុំបានយល់ព្រមហើយ បន្ទាប់មកខ្ញុំនឹងសម្លឹងមើលការវិលត្រឡប់ទៅកាន់សង្វៀនអដ្ឋកោន (៨ជ្រុង) របស់ខ្លួនឡើងវិញ»។

McGregor កំពុងតែអន្ទះសាត្រៀមខ្លួនវិលត្រឡប់ទៅកាន់សង្វៀនអដ្ឋកោន ក្រោយខកខានការប្រកួតយ៉ាងយូរ ចាប់តាំងពីការចាញ់អ្នកលេងគុនចម្រុះសញ្ជាតិអាមេរិក Dustin Poirier កាលពីឆ្នាំ ២០២១។ លោក Ariel Helwani អ្នកកាសែតកីឡាបានអះអាងថា ការប្រកួតដ៏កក្រើកប្រវត្តិសាស្ត្រប្រទេសឥណ្ឌារវាង McGregor នឹង Logan Paul មិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ស្របពេលដែលមានការផ្ដល់យោបល់ថា ការប្រកួតរវាង Jake Paul និង McGregor ក៏នៅតែអាចកើតឡើងដូចគ្នា។ ដោយសារគ្រួសារត្រកូល Ambani របស់លោក Mukesh Ambani ក៏កំពុងតែព្យាយាមនាំយកគូប្រកួតផ្សេងទៀតសម្រាប់ McGregor។

គួរឱ្យដឹងផងដែរថា លោក Mukesh Ambani មហាសេដ្ឋីជនជាតិឥណ្ឌា គឺជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេនៅអាស៊ី ហើយបើយោងតាមទិន្នន័យនៅខែតុលា ឆ្នាំ ២០២៤ របស់ទស្សនាវដ្តីពាណិជ្ជកម្មអាមេរិក Forbes បានឱ្យដឹងថា ទ្រព្យសម្បត្តិមហាសេដ្ឋីជនជាតិឥណ្ឌា ប្រធាន និងនាយកគ្រប់គ្រងក្រុមហ៊ុនខ្នាតយក្សឥណ្ឌា Reliance Industries វ័យ៦៧ឆ្នាំរូបនេះ មានរហូតដល់ ១១៩.៥ពាន់លានដុល្លារអាមេរិក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ