សហរដ្ឋអាមេរិក ៖ ស្តេចប្រដាល់សកលហ្វីលីពីន ម៉ានី ប៉ាក់គីអៅ (Manny Pacquiao) កាលពីពេលថ្មីៗនេះបានទទូចថា ការវិលត្រឡប់ឡើងសង្វៀនអាជីពសាជាថ្មីរបស់លោក ដោយត្រូវតទល់នឹងអ្នកប្រដាល់ឆ្នើមវ័យក្មេងសញ្ជាតិអាមេរិក Mario Barrios ដណ្តើមខ្សែក្រវាត់ពិភពលោក WBC welterweight នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ មិនមែនដោយសារលុយទេ ប៉ុន្តែដើម្បីប្រវត្តិសាស្ត្រ។
នេះបើយោងតាមប្រភពពីទស្សនាវដ្តីកីឡាប្រដាល់ Ring កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។
ជាមួយនឹងប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ពីអាជីពប្រដាល់សកលជាង ៥៥០លានដុល្លារអាមេរិករួចស្រេចក្នុងកុងធនាគារនោះ ប៉ាក់គីអៅ ដែលចូលនិវត្តន៍ជាផ្លូវការតាំងពីឆ្នាំ២០២១ ហើយបច្ចុប្បន្នឈានដល់វ័យ៤៦ឆ្នាំ បានថ្លែងប្រាប់ Ring Magazine យ៉ាងដូច្នេះថា «ខ្ញុំមិនត្រូវការលុយនោះទេ ខ្ញុំត្រូវការប្រវត្តិសាស្ត្រ។ ខ្ញុំរំភើប និងរីករាយដែលបានត្រលប់មកវិញ វាពិតជាល្អណាស់ដែលបានប្រកួតកម្រិតពិភពលោកម្តងទៀត។ ខ្ញុំ សម្រាករាងកាយអស់រយៈពេល៤ឆ្នាំ ខ្ញុំបានប្រដាល់មិនឈប់តាំងពីអាយុ១២ឆ្នាំ ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍រំភើប និងការលះបង់គ្រប់បែបយ៉ាងដូចពីមុន»។
ជាមួយនឹងកំណត់ត្រាប្រកួត ៧២ ដង ឈ្នះ ៦២ ចាញ់ ៨ និងស្មើ ២ ដោយផ្តួលគូប្រកួតឱ្យសន្លប់ ៣៩ ដង ម៉ានី ប៉ាក់គីអៅ ទទួលបានការកោតសរសើរពីអ្នកគាំទ្រពិភពលោក និងត្រូវបានចាត់ទុកជាអ្នកប្រដាល់សកលដ៏ល្អបំផុតមួយរូបក្នុងប្រវត្តិសាស្ត្រផងដែរ។ ស្តេចប្រដាល់ហ្វីលីពីនរូបនេះ ត្រូវតទល់នឹងអ្នកប្រដាល់វ័យ៣០ឆ្នាំ កំពុងលេចធ្លោខ្លាំងនាពេលបច្ចុប្បន្ន ជាមួយនឹងកំណត់ត្រាប្រកួត ៣២ ដង ឈ្នះ ២៨ ចាញ់ ២ និងស្មើ ១ ដោយផ្តួលគូប្រកួតសន្លប់ ១៨ ដង នៅទីក្រុងឡាសវេហ្គាស (Las Vegas) ទឹកដីសហរដ្ឋអាមេរិក។
ការវិលត្រឡប់ដ៏ភ្ញាក់ផ្អើលនេះ ប៉ាក់គីអៅ នឹងត្រូវរត់ប្រណាំងប្រជែងរឿងដ៏សំខាន់មួយទៀត ដើម្បីបំបែកឯតទគ្គកម្មរបស់អតីតអ្នកប្រដាល់សញ្ជាតិអាមេរិក លោក Bernard Hopkins ដែលជាជើងឯកពិភពលោកវ័យចាស់បំផុតក្នុងប្រវត្តិសាស្ត្រនៅវ័យ៤៩ឆ្នាំ ដ្បិតបច្ចុប្បន្នលោកឈានដល់វ័យ៦០ឆ្នាំ ខណៈដែលលោក George Foreman អ្នកប្រដាល់សញ្ជាតិអាមេរិក ដែលទើបទទួលអនិច្ចកម្មកាលពីចុងខែមីនាកន្លងទៅ នៅក្នុងវ័យ៧៦ឆ្នាំនោះ ឈរនៅលំដាប់ទី២ នៅវ័យ៤៥ឆ្នាំ។
ដូច្នេះបើ ប៉ាក់គីអៅ អាចផ្តួល Mario Barrios ម្ចាស់ខ្សែក្រវាត់ WBC Welterweight Barrios នោះ ប៉ាក់គីអៅ អ្នកប្រដាល់សកលតែម្នាក់ក្នុងប្រវត្តិសាស្ត្រឈ្នះខ្សែក្រវាត់ពិភពលោក៨ប្រភេទទម្ងន់ផ្សេងគ្នា ហើយក៏ជាអ្នកប្រដាល់តែម្នាក់គត់ដែលកាន់កាប់ខ្សែក្រវាត់ពិភពលោកយូរជាងគេក្នុងរយៈពេល៤ទសវត្សរ៍នោះ នឹងក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោកមានអាយុច្រើនជាងគេទីពីរក្នុងប្រវត្តិសាស្ត្រប្រដាល់សកល។ អ្នកនយោបាយល្បីរូបនេះ ក៏នឹងបំបែកកំណត់ត្រាចាស់របស់ខ្លួនក្នុងការក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក Welterweight ចាស់ជាងគេក្នុងវ័យ៤០ឆ្នាំ ដែលសម្រេចបានកាលពីឆ្នាំ២០១៩ នៅពេលបានយកឈ្នះអ្នកប្រដាល់សញ្ជាតិអាមេរិក Keith Thurman។
គួររំលឹកថា ប៉ាក់គីអៅ បានចាញ់ការប្រកួតអាជីពចុងក្រោយទល់នឹងអ្នកប្រដាល់គុយបា Yordenis Ugas នៅខែសីហា ឆ្នាំ២០២១ ហើយក្រោយមកបានប្រកាសព្យួរស្រោមដៃជាផ្លូវការក្នុងឆ្នាំដដែលតែម្តង។ ប៉ុន្តែបើទោះបីជាចូលនិវត្តន៍ក្តី ប៉ាក់គីអៅ ក៏នៅតែឆ្លៀត ចូលរួមក្នុងការប្រកួតក្រៅផ្លូវការមួយចំនួនផងដែរ៕ ប្រភព ៖ Ring Magazine




ចែករំលែកព័តមាននេះ