Madam Pang ថ្កោលទោសកីឡាករថៃម្នាក់ ដែលដេញវា.យអាជ្ញាកណ្តាលលើទីលាន
ប្រទេសថៃ ៖ លោកស្រី Nualphan Lamsam ឬ Madam Pang ប្រធានសមាគមកីឡាបាល់ទាត់ថៃ ហៅកាត់ថា…
ប្រទេសថៃ ៖ លោកស្រី Nualphan Lamsam ឬ Madam Pang ប្រធានសមាគមកីឡាបាល់ទាត់ថៃ ហៅកាត់ថា…
ប្រទេសថៃ ៖ លោកស្រី Nualphan Lamsam ឬ Madam Pang ប្រធានសមាគមកីឡាបាល់ទាត់ថៃ ហៅកាត់ថា FAT បានចេញបញ្ជាឱ្យដាក់វិន័យយ៉ាងតឹងរ៉ឹងលើកីឡាករក្នុងស្រុកម្នាក់ ដែលបានដេញវាយអាជ្ញាកណ្តាលនៅលើទីលាន អំឡុងការប្រកួតពានរង្វាន់មួយ កាលពីពេលថ្មីៗកន្លងទៅ។
នៅក្នុងការប្រកួតពានរង្វាន់ក្នុងស្រុក Pang Aai Open Cup កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ កីឡាករ Paramachot Duangmit របស់ក្រុម Ueang Fah A បានបង្កកំហុសធ្ងន់ធ្ងរប៉ះទង្គិចដ៏គ្រោះថ្នាក់ជាមួយកីឡាករម្នាក់របស់ក្រុម Creative FC ហើយត្រូវបានអាជ្ញាកណ្តាល លោក Siwakorn Singthana សម្រេចពិន័យកាតក្រហមភ្លាមៗ។ ទោះយ៉ាងណាក៏ដោយ កីឡាករបង្កកំហុសក្រុម Ueang Fah A បង្ហាញការខឹងសម្បារយ៉ាងខ្លាំងដោយបានដាល់មុខអាជ្ញាកណ្តាលពីរដៃ មុនពេលបន្តរត់ដេញចាប់អាជ្ញាកណ្តាល ហើយចាប់ក្បាលរបស់គាត់ និងបន្តវាយគាត់បន្ថែមទៀត។ នេះបើតាមរូបភាពដែលបានចែករំលែកដោយសារព័ត៌មាន Thairath ។
ជាលទ្ធផល លោកអាជ្ញាកណ្តាលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយមានស្នាមជាំលើមុខ ហើយក្រោយមកបានដាក់ពាក្យបណ្តឹងទៅមន្ត្រីមានសមត្ថកិច្ច។ ចំណែកកីឡាករដែលវាយអាជ្ញាកណ្តាល បានបិទគណនីបណ្តាញសង្គមរបស់ខ្លួន ចាប់តាំងពីពេលនោះមក។ ប្រភពពីព័ត៌មានក្នុងស្រុកបានឱ្យដឹងថា លោកអាជ្ញាកណ្តាល Siwakorn គឺជាសមាជិកនៃគណៈកម្មាធិការអាជ្ញាកណ្តាល FAT ហើយបច្ចុប្បន្នជាមន្ត្រីក្នុងក្របខណ្ឌលីគលំដាប់ទី៣ថៃ (Thai League 3) ដែលជាផ្នែកមួយនៃប្រព័ន្ធបាល់ទាត់អាជីពរបស់ប្រទេសនេះ។
ពាក់ព័ន្ធបញ្ហានេះ Madam Pang បានដឹកនាំ FAT ដើម្បីរ៉ាប់រងថ្លៃព្យាបាលទាំងស្រុងសម្រាប់លោក Siwakorn ។ ប្រធាន FAT បានប្រាប់សារព័ត៌មានក្នុងស្រុក Siamsport ថា «គ្រប់ទម្រង់នៃអំពើហឹង្សា មិនថានៅលើ ឬក្រៅទីលាននោះទេ ត្រូវតែត្រូវបានថ្កោលទោស។ កីឡាករដែលបំពានគោលការណ៍ទាំងនេះ នឹងត្រូវទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។ ខ្ញុំមិនចង់ឃើញអំពើហិង្សាបែបនេះម្ដងទៀតក្នុងវិស័យបាល់ទាត់ថៃនោះទេ»។
អំពើហឹង្សាដែលធ្វើឱ្យខូចមុខមាត់កីឡាបាល់ទាត់ថៃ តែងតែត្រូវពិន័យជាទម្ងន់ រួមទាំងការព្យួរការប្រកួតពី ២ ទៅ ៤ ប្រកួត និងពិន័យជាប្រាក់ពី ៤ម៉ឺន ទៅ ៦ ម៉ឺនបាត ឬពី ១ ២០០ ទៅ ១ ៨០០ដុល្លារ។
អំពើហិង្សាកើតឡើងនៅទីលានបាល់ទាត់ថៃបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តួយ៉ាង កាលពីខែកុម្ភៈ ឆ្នាំ២០២៥ កីឡាករ Songkran Puangnoi ត្រូវបានបញ្ចប់កិច្ចសន្យាដោយក្លិប Hua Hin City ដែលខ្លួនប្រកបអាជីព បន្ទាប់ពីរូបគេបានវាយអាជ្ញាកណ្តាល និងគូប្រកួតអំឡុងពេលការប្រកួតជាមួយក្រុម Rajpracha ក្នុង Thai League 3។ ចំណែកកាលពីការប្រកួតវគ្គផ្តាច់ព្រ័ត្រកីឡាស៊ីហ្គេម (SEA Games) ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាករ និងគ្រូបង្វឹកមកពីក្រុម U23 ថៃ ក៏បានប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយកីឡាករ និងសមាជិកគ្រូបង្វឹកឥណ្ឌូណេស៊ី ដែលបណ្តាលឱ្យមានការពិន័យជាបន្តបន្ទាប់។
សូមជម្រាបថា Madam Pang វ័យ៥៩ឆ្នាំ គឺជាបុគ្គលលេចធ្លោក្នុងវិស័យបាល់ទាត់ថៃអស់រយៈពេលជិតមួយទសវត្សរ៍មកហើយ។ ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ លោកស្រីគឺជាអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិនារីថៃ អំឡុងការប្រកួត World Cup ឆ្នាំ២០១៥ និង២០១៩។ ក្រោយមកលោកស្រីបានបម្រើការជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិបុរស ដែលបានឈ្នះពានរង្វាន់ AFF Cup ឆ្នាំ ២០២០ និងឆ្នាំ ២០២២។ នៅខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រីត្រូវបានជ្រើសរើសជាប្រធាន FAT ដោយបានក្លាយជាស្ត្រីដំបូង ដែលកាន់តំណែងនេះ។ ក្រៅអំពីការងារបាល់ទាត់ Madam Pang ដែលកើតចេញពីគ្រួសារដ៏មានទ្រព្យសម្បត្តិច្រើនបំផុត និងលេចធ្លោបំផុតរបស់ប្រទេសថៃ ក៏ជាអ្នកជំនួញ និងជាប្រធានក្រុមហ៊ុន Muang Thai Insurance Group ផងដែរ៕ ដកស្រង់ ៖ VnExpress និង Lao Dong
ចែករំលែកព័តមាននេះ