ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លែងលះ​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​​កីឡា

6 ម៉ោង មុន

អន្តរជាតិ ៖ អតីត​អ្នក​កីឡាកាស Hulk Hogan អតីត​កីឡាករ​បាល់ទាត់ Thierry Henry អតីត​កីឡាបាល់បោះ Michael…

អន្តរជាតិ ៖ អតីត​អ្នក​កីឡាកាស Hulk Hogan អតីត​កីឡាករ​បាល់ទាត់ Thierry Henry អតីត​កីឡាបាល់បោះ Michael Jordan ព្រមទាំង​កីឡាករ​វាយកូនគោល Tiger Woods សុទ្ធតែ​ស្ថិត​ក្នុង​ចំណោម​អត្ត​ព​លិ​ក​ល្បី​ដ៏​លំដាប់​ពិភពលោក ដែល​បាន​ឆ្លងកាត់​ការ​លែងលះ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​។

លោក Hulk Hogan និង​អ្នកស្រី Linda Claridge ៖ ១៣​លាន​ដុល្លារ
វីរបុរស​កីឡាកាស Hulk Hogan ដែល​ទើបតែ​ទទួលអនិច្ចកម្ម កាល​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ ក្នុង​វ័យ​៧១​ឆ្នាំ​នោះ បាន​រៀប​ការ​ជាមួយ​តារា​ម៉ូ​ដែល Linda Claridge ក្នុង​ឆ្នាំ​១៩៨៣ ដែល​ជា​ភរិយា​ទី​១​របស់​លោក ដោយ​ប្តី​ប្រពន្ធ​១​គូ​នេះ​មាន​ចំណងដៃ​កូន​ពីរ​នាក់​ជាមួយ​គ្នា​។ ជីវិត​ប្តី​ប្រពន្ធ​អ្នក​ពីរ​បាន​បញ្ចប់​នៅ​ឆ្នាំ​២០០៧ នៅ​ពេល​អ្នកស្រី Linda បាន​ដាក់​ពាក្យសុំ​លែងលះ ដោយ​ចោទប្រកាន់​លោក Hogan ពី​ភាព​មិន​ស្មោះត្រង់ ហើយ​បន្ទាប់​ពី​តតាំង​គ្នា​តាម​ផ្លូវច្បាប់​ចប់​សព្វគ្រប់ Linda បាន​ទទួល​ចំណែក ៧០% នៃ​ទ្រព្យសម្បត្តិ​ប្តី​ប្រពន្ធ ក៏​ដូច​ជា ៤០% ពី​ផលប្រយោជន៍​ក្រុមហ៊ុន​របស់​អតីត​ស្វាមី និង​ប្រហែល ៣​លាន​ដុល្លារ​ជា​សាច់ប្រាក់​ផ្សេង​ទៀត ដែល​សរុប​ស្មើនឹង​ប្រហែល​១៣​លាន​ដុល្លារ​។

លោក Thierry Henry អ្នកស្រី Claire Merry ៖ ១៦​លាន​ដុល្លារ
អតីត​កីឡាករ​បាល់ទាត់​ឆ្នើម​សញ្ជាតិ​បារាំង​វ័យ​៤៧​ឆ្នាំ​រូប​នេះ បាន​រៀប​ការ​ជាមួយ​តារា​ម៉ូ​ដែល Claire Merry ក្នុង​ឆ្នាំ​២០០៣ ដោយ​បង្កើត​បានកូន​ស្រី​ម្នាក់​។ បន្ទាប់​ពី Henry បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប Barcelona នៅ​ឆ្នាំ​២០០៧ ពាក្យ​ចចាមអារ៉ាម​អំពី​ភាព​មិន​ស្មោះត្រង់​ក៏​កើតឡើង ជា​លទ្ធផល​ប្តី​ប្រពន្ធ​១​គូ​នេះ បាន​លែងលះ​គ្នា​ក្នុង​ឆ្នាំ​២០០៨ ដោយ​អ្នកស្រី Claire បាន​ទទួល​ចំណែក​ទ្រព្យសម្បត្តិ​ប្រហែល​១៦​លាន​ដុល្លារ​។

លោក Ryan Giggs អ្នកស្រី Stacey Cooke ៖ ៣១​លាន​ដុល្លារ
អតីត​កីឡាករ​បាល់ទាត់​ឆ្នើម​សញ្ជាតិ​វែ​លស៍​វ័យ​៥១​ឆ្នាំ​រូប​នេះ បាន​រៀប​ការ​ជាមួយ​អ្នកស្រី Stacey Cooke ក្នុង​ឆ្នាំ​២០០៧ និង​មានកូន​បី​នាក់​ជាមួយ​គ្នា​។ ចំណងអាពាហ៍ពិពាហ៍​អ្នក​ពីរ​បាន​ប្រះ​ឆា​ដោយសារ​រឿងអាស្រូវ​បោកប្រាស់​ជា​ច្រើន ពិសេស​ទំនាក់ទំនង​របស់ Giggs ជាមួយ​ប្រពន្ធ​របស់​បងប្រុស​កីឡាករ​រូប​នេះ​។ ជា​លទ្ធផល​នាំ​ការ​លែងលះ​ក្នុង​ឆ្នាំ​២០១៧ អ្នកស្រី Stacey បាន​ទទួល​ប្រាក់​សំណង​៣១​លាន​ដុល្លារ ស្ទើរតែ​ពាក់កណ្តាល​នៃ​ទ្រព្យសម្បត្តិ​របស់ Giggs នៅ​ពេល​នោះ​។

លោក Shaquille O’Neal អ្នកស្រី Shaunie O’Neal ៖ ៣៣​លាន​ដុល្លារ
វីរបុរស​របស់​បាល់បោះ​អា​មេ​រិ​ក​វ័យ​៥៣​ឆ្នាំ​រូប​នេះ បាន​រៀប​ការ​ជាមួយ Shaunie ក្នុង​ឆ្នាំ​២០០២ ដោយ​មានកូន​៤​នាក់​។ Shaunie បាន​ទទួល​ប្រាក់​ចំនួន ៣៣​លាន​ដុល្លារ​ពី​ការ​លែងលះ​ក្នុង​ឆ្នា​២០០៩​។ ទោះ​យ៉ាងណា​ក៏​ដោយ ក្រោយមក​អ្នក​ទាំង​ពីរ​បាន​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​គ្នា និង​រួម​គ្នា​ចិញ្ចឹម​បីបាច់​កូន​ៗ​។

លោក Tiger Woods អ្នកស្រី Elin Nordegren ៖ ១០០​លាន​ដុល្លារ
អតីត​កីឡាករ​វាយកូនគោល​លេខ​១​ពិភពលោក សញ្ជាតិ​អា​មេ​រិ​ក​វ័យ​៤៩​ឆ្នាំ​រូប​នេះ បាន​រៀប​ការ​ជាមួយ​តារា​ម៉ូ​ដែល​សញ្ជាតិ​ស៊ុ​យ​អែ​ត Elin Nordegren ក្នុង​ឆ្នាំ​២០០៤ ដោយ​មានកូន​ពីរ​នាក់​ជាមួយ​គ្នា​។ អាពាហ៍ពិពាហ៍​អ្នក​ទាំង​ពីរ​បាន​បញ្ចប់​ក្នុង​ឆ្នាំ​២០១០ បន្ទាប់​ពី​មានរឿង​អាស្រូវ​ផិតក្បត់​របស់ Tiger Woods ដ៏​កក្រើក​ពិភព​កីឡា​។ ជា​លទ្ធផល Elin បាន​ទទួល​ប្រាក់​ចំនួន ១០០​លាន​ដុល្លារ និង​សិទ្ធិ​មើលថែ​កូន​។ ទោះ​យ៉ាងណា ក្រោយមក​អ្នក​ទាំង​ពីរ​នៅ​តែ​រាប់អាន​គ្នា​ជា​មិត្ត​ភ័ក្តិ និង​ជា​ឪពុក​ម្តាយកូន​ៗ​។

លោក Greg Norma អ្នកស្រី Laura Andrassy ៖ ១០៣​លាន​ដុល្លារ
អតីត​កីឡាករ​វាយកូនគោល​ឆ្នើម​សញ្ជាតិ​អូស្ត្រាលី​រូប​នេះ បាន​រៀប​ការ​ជាមួយ Laura Andrassy ក្នុង​ឆ្នាំ​១៩៨១ ដោយ​មានកូន​ពីរ​នាក់​ជាមួយ​គ្នា​។ បន្ទាប់​ពី​រៀប​ការ​បាន​២៥​ឆ្នាំ អ្នក​ទាំង​ពីរ​បាន​លែងលះ​គ្នា​ក្នុង​ឆ្នាំ​២០០៦ ដោយ​អ្នកស្រី Laura បាន​ទទួល​ប្រាក់​សំណង​ប្រហែល ១០៣​លាន​ដុល្លារ​។

លោក Andre Agassi អ្នកស្រី Brooke Shields ៖ ១៣០​លាន​ដុល្លារ
អតីត​កីឡាករ​វាយ​តេ​ន្នី​ស​ឆ្នើម​សញ្ជាតិ​អា​មេ​រិ​ក​រូប​នេះ បាន​រៀប​ការ​ជាមួយ​តារា​សម្តែង Brooke Shields ក្នុង​ឆ្នាំ​១៩៩៧ ប៉ុន្តែ​រួមរស់​ជាមួយ​គ្នា​បាន​ត្រឹម​២​ឆ្នាំ​ប៉ុណ្ណោះ ដោយ​គ្មាន​កូន​ជាមួយ​គ្នា​។ គូស្នេហ៍​១​គូ​នេះ ត្រូវ​បាន​រាយការណ៍​ថា​បាន​បែងចែក​ទ្រព្យសម្បត្តិ​ដែល​មាន​តម្លៃ​ដល់ ១៣០​លាន​ដុល្លារ​។

លោក Michael Jordan អ្នកស្រី Juanita Vanoy ៖ ១៦៨​លាន​ដុល្លារ
វីរបុរស​បាល់បោះ​អា​មេ​រិ​ក​វ័យ​៦២​ឆ្នាំ​រូប​នេះ បាន​រៀប​ការ​ជាមួយ​អ្នកស្រី Juanita Vanoy ក្នុង​ឆ្នាំ​១៩៨៩ ដោយ​មានកូន​៣​នាក់​ជាមួយ​គ្នា​។ បន្ទាប់​ពី​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល ១៧​ឆ្នាំ ប្តី​ប្រពន្ធ​១​គូ​នេះ​បាន​លែងលះ​គ្នា ដោយ Juanita ទទួល​បាន​សំណង​១៦៨​លាន​ដុល្លារ​។ ទោះបីជា​បែកបាក់​គ្នា​ក៏​ពិតមែន ក៏​អ្នក​ទាំង​ពីរ​នៅ​តែ​ប្រកាន់​ជំហរ​ល្អ​ដើម្បី​ចិញ្ចឹម​បីបាច់​កូន​ៗ​។ ហើយ​រហូត​មក​ទល់​ពេល​នេះ វា​នៅ​តែ​ជា​ការ​លែងលះ​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​៕ ប្រភព ៖ VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ