ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​តាមដាន​យ៉ាង​ដិត​ដល់​នូវស្ថានការណ៍​ថៃ និង​កម្ពុជា ខណៈ​កីឡា​ស៊ី​ហ្គេ​ម​ខិត​ជិត​មក​ដល់

12 ម៉ោង មុន

ទីក្រុង​ហ្សា​ការ​តា ៖ រដ្ឋមន្ត្រីក្រសួង​យុវជន និង​កីឡា​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី លោក Dito Ariotedjo បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥…

ទីក្រុង​ហ្សា​ការ​តា ៖ រដ្ឋមន្ត្រីក្រសួង​យុវជន និង​កីឡា​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី លោក Dito Ariotedjo បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ ថា ក្រសួង​របស់​លោក​កំពុង​តាមដាន​យ៉ាង​ដិត​ដល់​នូវ​ស្ថានការណ៍​រវាង​ថៃ និង​កម្ពុជា មុន​ពេល​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍ (SEA Games) លើក​ទី​៣៣ នៅ​ចុងឆ្នាំ​នេះ ដែល​ថៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ ចូល​មក​ដល់​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​អង់​តារា​ឥណ្ឌូ​ណេ​ស៊ី (Antara) បាន​ចេញផ្សាយ​។

ប្រភព​ដដែល​បន្ត​ថា ការ​វិវឌ្ឍន៍​នៃ​ស្ថានការណ៍​ថៃ​-​កម្ពុជា នឹង​ក្លាយជា​កត្តា​កំណត់​ការ​ចូលរួម​របស់​ឥណ្ឌូ​ណេ​ស៊ី​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៥ ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​២០ ខែធ្នូ នៅ​ក្នុង​ទីក្រុង​បាងកក ឈុ​ន​បុរី និង​សុង​ក្លា​។ លោក​រដ្ឋមន្ត្រី​កីឡា​ឥណ្ឌូ​ណេ​ស៊ី​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ដូច្នេះ​ថា «​ពិត​ណាស់ ក្រសួង​យុវជន និង​កីឡា រួម​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​ឥណ្ឌូ​ណេ​ស៊ី (NOC) កំពុង​តែ​បន្ត​តាមដាន​ការ​វិវឌ្ឍន៍​ចុង​ក្រោយបង្អស់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​រវាង​ថៃ និង​កម្ពុជា មុន​ការ​សម្រេចចិត្ត​ទាក់ទង​នឹង​កីឡា​ស៊ី​ហ្គេ​ម​»​។

ឥណ្ឌូ​ណេ​ស៊ី​មិន​ទាន់​ធ្វើការ​សម្រេចចិត្ត​ច្បាស់លាស់​ទាក់ទង​នឹង​ការ​ចូលរួម​របស់​ខ្លួន នៅ​ក្នុង​កីឡា​ស៊ី​ហ្គេ​ម​នោះ​ទេ​។ លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា ក្រសួង​របស់​លោក​នឹង​ផ្តល់​អាទិភាព​លើ​សុវត្ថិភាព និង​សុខុមាលភាព​របស់​ភាគី​ឥណ្ឌូ​ណេ​ស៊ី ដោយ​សម្រប​តាម​វិធីសាស្ត្រ​របស់​ខ្លួន​ដោយ​ផ្អែក​លើ​ស្ថានភាព​ជម្លោះ​។ ប៉ុន្តែ​ទោះបី​មានការ​ប្រែប្រួល​ក៏​ដោយ លោក​បញ្ជាក់​ថា ការ​ត្រៀមខ្លួន​របស់​ឥណ្ឌូ​ណេ​ស៊ី​សម្រាប់​កីឡា​ស៊ី​ហ្គេ​ម​កំពុង​បន្ត ខណៈ​អត្ត​ព​លិ​ក​កំពូល​ៗ​ពី​វិញ្ញាសា​កីឡា​ផ្សេង​ៗ​កំពុង​ចូលរួម​ក្នុង​ជំរុំ​ហ្វឹកហាត់​ថ្នាក់​ជាតិ ដើម្បី​ត្រៀម​ប្រកួត​នៅ​ចុងឆ្នាំ​នេះ​។

ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​កីឡា​របស់​ឥណ្ឌូ​ណេ​ស៊ី​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​រដ្ឋមន្ត្រីក្រសួង​យុវជន និង​កីឡា​ប្រទេស​ម៉ា​ឡេ​ស៊ី អ្នកស្រី Hannah Yeoh កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៥ បាន​ថ្លែង​ថា ម៉ា​ឡេ​ស៊ី​កំពុង​តែ​តាមដាន​យ៉ាង​ដិត​ដល់​នូវ​ជម្លោះ​រវាង​ប្រទេស​ថៃ និង​កម្ពុជា ហើយ​សង្ឃឹមថា ការ​ប៉ះទង្គិច​គ្នា​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នឹង​ត្រូវ​បាន​ដោះស្រាយ មុន​ពេល​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣៣ ចូល​មក​ដល់​។

ដោយនៅ​ពេល​នោះ អ្នកស្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ក្រុមប្រឹក្សា​កីឡា​ជាតិ​ម៉ា​ឡេ​ស៊ី នឹង​រង់ចាំ​ការ​ណែនាំ​បន្ថែម​ពី​ក្រសួងមហាផ្ទៃ និង​ក្រសួងការបរទេស​។ យើង​មានការ​ព្រួយបារម្ភ​អំពី​បញ្ហា​នេះ ប៉ុន្តែ​នាយក​រដ្ឋមន្ត្រី​របស់​យើង លោក អាន់​វ៉ា អ៊ី​ប្រា​ហី​ម (Anwar Ibrahim) កំពុង​ប្រឹងប្រែង​អស់ពី​សមត្ថភាព ដើម្បី​ជជែក​ជាមួយ​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​។ ជាមួយ​គ្នា​នោះ​ក៏​មាន​កិច្ច​ពិភាក្សា​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី ហើយ​យើង​ចង់បាន​សន្តិភាព​សម្រាប់​ការ​ប្រកួត​នៅ​ទីនោះ​»​។ នេះ​បើ​តាម​ប្រភព​សារព័ត៌មាន​ម៉ា​ឡេ​ស៊ី Bernama, New Straits Times និង The Sun បាន​ចេញផ្សាយ​។

គិត​ចាប់ពី​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ ការ​ប៉ះទង្គិច​គ្នា​រវាង​ថៃ និង​កម្ពុជា​បាន​ស្ងប់ស្ងាត់ ដែល​កើត​ចេញពី​ការ​ព្រមព្រៀង​គ្នា​លើ​បទ​ឈប់​បាញ់ ជា​លទ្ធផល​ពី​កិច្ចប្រជុំ​ពិសេស​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ដែល​មាន​ម៉ា​ឡេ​ស៊ី​ធ្វើ​ជា​ម្ចាស់ផ្ទះ សហរដ្ឋអាមេរិក​ជា​សហ​អ្នក​រៀបចំ និង​មានការ​ចូលរួម​ពី​តំណាង​ចិន កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ កន្លង​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ