ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! Ronaldo និង​មិត្ត​ស្រី​រយៈពេល​៩​ឆ្នាំ​ភ្ជាប់ពាក្យ​ជា​ផ្លូវការ​ហើយ ជាមួយ​ចិញ្ចៀនពេជ្រ​ដ៏​ធំ

3 ម៉ោង មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ នៅ​ទីបំផុត​! កីឡាករ​បាល់ទាត់​ឆ្នើម Cristiano Ronaldo និង​មិត្ត​ស្រី​ដែល​ជាតា​រា​ម៉ូ​ដែល កញ្ញា Georgina Rodriguez…

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ នៅ​ទីបំផុត​! កីឡាករ​បាល់ទាត់​ឆ្នើម Cristiano Ronaldo និង​មិត្ត​ស្រី​ដែល​ជាតា​រា​ម៉ូ​ដែល កញ្ញា Georgina Rodriguez បាន​សម្រេច​ភ្ជាប់ពាក្យ​ជាមួយ​គ្នា​ជា​ផ្លូវការ​ជាមួយ​ចិញ្ចៀនពេជ្រ​ដ៏​ធំ កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៥ បន្ទាប់​ពី​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​អស់​រយៈពេល​៩​ឆ្នាំ ពោល​ចាប់តាំងពី​ចំណង​សេ្ន​ហ៍រ​វាង​អ្នក​ទាំង​ពីរ​ចេញ​ពន្លក​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០១៦​។

បើ​តាម​ការ​បង្ហោះ​របស់​កញ្ញា Georgina Rodriguez តារា​ម៉ូ​ដែល​កូនកាត់​អា​ហ្ស​ង់​ទី​ន​-​អេ​ស្ប៉ា​ញ​លើ​បណ្តាញ​សង្គម Instagram កាលពី​ថ្ងៃ​ទី​១១ ខែសីហា កន្លង​ទៅ ដោយ​ភ្ជាប់​ជាមួយ​រូប​ពាក់ចិញ្ចៀន​ពេជ្រ​ដ៏​ធំ​ចែងចាំង ព្រមទាំង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា នាង​បាន​យល់ព្រម​ធ្វើ​ជា​គូ​ដណ្តឹង​របស់​ខ្សែប្រយុទ្ធ​ឆ្នើម​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo ដោយ​សរសេរ​ជា​ភាសា​អង់គ្លេស​ថា «​ចាស៎​, ខ្ញុំ​យល់ព្រម​សំណើ​នេះ និង​ពេញ​មួយ​ជីវិត​របស់ខ្ញុំ​»​។ ការ​បង្ហោះ​របស់​តារា​ម៉ូ​ដែល​វ័យ​៣១​ឆ្នាំ​រូប​នេះ ផ្ទុះ​កក្រើក​បណ្តាញ​សង្គម​យ៉ាង​ខ្លាំង ដោយ​បណ្តា​អ្នកគាំទ្រ​បាន​ចូលរួម​បញ្ចេញមតិ​អបអរសាទរ និង​ជូនពរ​គូស្នេហ៍​១​គូ​នេះ​។

បើ​តាម​ការ​ចេញផ្សាយ​ពី​កាសែត​អេ​ស្ប៉ា​ញ Marca បានឱ្យ​ដឹង​ថា ចិញ្ចៀនពេជ្រ​ដ៏​ធំ​ដែល Ronaldo បំពាក់​ជូន​មិត្ត​ស្រី​របស់​ខ្លួន ត្រូវ​បាន​ប៉ាន់​ប្រមាណ​តម្លៃ​ដោយ​អ្នកជំនាញ​គ្រឿងអលង្ការ​ថា​មាន​តម្លៃ​ជាង​១​លាន​ដុល្លារ ហើយ​ទំហំ​ទំនង​លើស​ពី ១០ ទៅ ១៥​កា​រ៉ាត់​។

គួរ​រំលឹក​ថា Ronaldo និង Georgina បាន​ជួប​គ្នា​ដំបូង​បង្អស់​នៅ​ក្នុង​ហាង​លក់ទំនិញ​ប្រណិត Gucci ស្ថិត​នៅ​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ (Madrid) ប្រទេស​អេ​ស្ប៉ា​ញ ជា​កន្លែង​ដែល​នាង​ធ្វើការ​ជា​អ្នកលក់​នៅ​ទីនោះ ហើយ​គិត​មក​ទល់​ពេល​នេះ ទំនាក់ទំនង​ស្នេហា​ដ៏​រឹង​មាំ​របស់​អ្នក​ទាំង​ពីរ​មាន​រយៈពេល​៩​ឆ្នាំ​ហើយ​។

Ronaldo និង Rodriguez មានកូន​៤​នាក់​ជាមួយ​គ្នា រួម​មាន កូនភ្លោះ​ស្រី​ប្រុស Eva Maria និង Mateo កើត​ក្នុង​ឆ្នាំ​២០១៧ តាម​រយៈ​ការ​ពពោះ​ជំនួស និង​កូនស្រី Alana កើត​ក្នុង​ឆ្នាំ​២០១៧ ព្រមទាំង Bella កើត​ក្នុង​ឆ្នាំ​២០២២​។ តាម​ពិត​ទៅ Bella ក៏​ជា​កូនភ្លោះ​ស្រី​ប្រុស​ផង​ដែរ ប៉ុន្តែ​គួរ​ឱ្យ​សោកស្តាយ ប្អូនប្រុស​ភ្លោះ​របស់ Bella បាន​ស្លាប់​ពេល​កើតមក​ភ្លាម​ៗ​។ Ronaldo មានកូន​ប្រុស​ម្នាក់ គឺ Cristiano Ronaldo Jr. កើត​ក្នុង​ឆ្នាំ​២០១០ នៅ​មុន​ពេល​មាន​ទំនាក់ទំនង​ជាមួយ Rodriguez៕ ប្រភព ៖ ESPN

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ