តំបន់ហ្កាហ្សា ៖ ជារឿងដ៏តក់ស្លុត និងរន្ធត់បំផុតមួយ បន្ទាប់ពីសមាគមកីឡាបាល់ទាត់ប៉ាឡេស្ទីន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានប្រកាសពីការបាត់បង់ជីវីតអតីតខ្សែបម្រើប្រយុទ្ធឆ្នើម Suleiman al-Obeid ដែលត្រូវបានគេដាក់រហស្សនាមឱ្យថា «Pelé ប៉ាឡេស្ទីន» ដោយសារតែការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅពេលដែលលោកកំពុងរង់ចាំជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា។ នេះបើយោងតាមប្រភពពីកាសែតបារាំង L’Équipe និងសារព័ត៌មាន TRT World របស់តួកគីបានចេញផ្សាយ។
នៅពេលដែលគ្រប់គ្នាកំពុងប្រឈមមុខនឹងស្ថានភាពដ៏លំបាកខ្លាំងបំផុត ដោយសារតែស្ថានភាពមនុស្សធម៌នៅឯតំបន់ហ្គាហ្សា ស្រាប់តែពេលនេះក្រុមបាល់ទាត់ជម្រើសជាតិប៉ាឡេស្ទីនកំពុងតែកាន់ទុក្ខចំពោះការបាត់បង់លោក Suleiman Obeid ដែលជាអតីតកីឡាករដ៏មានទេពកោសល្យបំផុត១រូបរបស់ប៉ាឡេស្ទីន រហូតត្រូវបានគេដាក់រហស្សនាមឱ្យថា «Pelé ប៉ាឡេស្ទីន» ដោយត្រូវបានប្រដូចទៅនឹងវីរបុរសបាល់ទាត់ប្រេស៊ីល លោក Pelé។
យោងតាមសមាគមបាល់ទាត់ប៉ាឡេស្ទីនបានឱ្យដឹងថា អតីតខ្សែបម្រើប្រយុទ្ធវ័យ៤១ឆ្នាំរូបនេះ ត្រូវបានសម្លាប់ដោយការវាយប្រហារតាមផ្លូវអាកាសរបស់ប្រទេសអ៊ីស្រាអែល ខណៈពេលដែលលោកកំពុងរង់ចាំជំនួយមនុស្សធម៌នៅហ្គាហ្សា ភាគខាងត្បូង។
អតីតកីឡាករឆ្នើមក្រុមជម្រើសជាតិប៉ាឡេស្ទីនអំឡុងឆ្នាំ ២០០៧ ដល់ ២០១៣ រូបនេះ ធ្លាប់ប្រកបអាជីពជាមួយក្លិបមួយចំនួន រួមទាំង Khadamat al-Shatea និង Markaz Shabab al-Am’ari ផងដែរ។
បើយោងតាមគេហទំព័រ Transfermarkt បានបង្ហាញថា លោក Suleiman Obeid ដែលស៊ុតបញ្ចូលទីបាន២គ្រាប់ពីក្នុងការបង្ហាញខ្លួនសរុប១៨ប្រកួតជាមួយក្រុមជម្រើសជាតិ គឺជាអត្តពលិកប៉ាឡេស្ទីនចុងក្រោយគេដែលបានស្លាប់បាត់បង់ជីវិត ចាប់តាំងពីការចាប់ផ្តើមជម្លោះនៅមជ្ឈិមបូព៌ា ដ្បិតបើតាមទិន្នន័យចេញផ្សាយដោយសមាគមបាល់ទាត់ប៉ាឡេស្ទីន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា អត្តពលិក និងកាយរឹទ្ធិប៉ាឡេស្ទីនចំនួន ៨០៧នាក់ ត្រូវបានសម្លាប់នៅក្នុងរយៈពេល៦៧០ថ្ងៃ៕
ចែករំលែកព័តមាននេះ