ប្រទេសជប៉ុន ៖ ជារឿងដ៏រន្ធត់បំផុតសម្រាប់ពិភពលោកប្រដាល់របស់ប្រទេសជប៉ុន ក៏ដូចជាពិភពលោក បន្ទាប់ពីអង្គការកីឡាប្រដាល់ពិភពលោក ឬ WBO បានប្រកាសថា កីឡាករប្រដាល់សកលជនជាតិជប៉ុន២រូប គឺកីឡាករ Shigetoshi Kotari និងកីឡាករ Hiromasa Urakawa បានទទួលមរណៈភាព ដោយសារតែរបួសខួរក្បាល អំឡុងការប្រកួតចំនួន ២ ដាច់ដោយឡែកពីគ្នា ប៉ុន្តែស្ថិតក្នុងព្រឹត្តិការណ៍ប្រកួតតែ១ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ។ នេះបើតាមប្រភពពី USA Today និង BBC បានចេញផ្សាយកាលពីថ្ងៃទី៩ ខែសីហា កន្លងទៅ។
ដំណឹងមរណៈភាពរបស់កីឡាករ Shigetoshi Kotari វ័យ២៨ឆ្នាំ ត្រូវបានប្រកាសដោយក្រុមប្រឹក្សាប្រដាល់ពិភពលោក ឬ WBC និងអង្គការប្រដាល់ពិភពលោក ឬ WBO កាលពីថ្ងៃទី៨ ខែសីហា មុនពេលដំណឹងមរណៈភាពរបស់កីឡាករ Hiromasa Urakawa វ័យ២៨ឆ្នាំដូចគ្នា ត្រូវបានប្រកាសដោយ WBO កាលពីថ្ងៃទី៩ ខែសីហា ពោលរំលងគ្នាត្រឹមតែ១ថ្ងៃប៉ុណ្ណោះ
បើយោងតាមសេចក្តីរាយការណ៍ពី WBC បានឱ្យដឹងថា កីឡាករ Shigetoshi Kotari បានសន្លប់បាត់បង់ស្មារតី បន្ទាប់ពីការប្រកួតអស់១២ទឹក លទ្ធផលស្មើជាមួយកីឡាកររួមជាតិ Yamato Hata នៃការប្រកួតដណ្តើមខ្សែក្រវាត់ OPBF Super Featherweight។ Kotari ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយទទួលបានការវះកាត់ខួរក្បាលបន្ទាន់ ដើម្បីយកឈាមចេញពីចន្លោះស្រោមខួរ និងខួរក្បាល ដែលត្រូវបានស្គាល់ថា Hematoma Subdural។
លោក Mauricio Sulaiman ប្រធាន WBC បានបង្ហោះសារលើបណ្តាញសង្គមដូច្នេះថា «សុំទោសជាខ្លាំងចំពោះការបាត់បង់នេះ ដែលធ្វើឱ្យយើងទាំងអស់គ្នាត្រឡប់ទៅបន្តការស្រាវជ្រាវ ដើម្បីស្វែងរកវិធីធ្វើឱ្យកីឡាប្រដាល់មានសុវត្ថិភាព និងអនុវត្តកម្មវិធីបង្ការ។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតសម្រាប់គ្រួសារ Kotari និងសហគមន៍ប្រដាល់នៅប្រទេសជប៉ុន»។
ដោយឡែក បើតាមការចេញផ្សាយពីសារព័ត៌មាន BBC ដោយស្រង់ប្រភពពីគណៈកម្មការប្រដាល់ជប៉ុន បានឱ្យដឹងថា កីឡាករ Hiromasa Urakawa ក៏ត្រូវវះកាត់ខួរក្បាលផងដែរ ការវះកាត់ខួរក្បាលធ្វើឡើង បន្ទាប់ពីការប្រកួតដែលកីឡាកររូបនេះ បានចាញ់កីឡាកររួមជាតិ Yoji Saito នៅទឹកទី៦ នៅក្នុងព្រឹត្តិការណ៍ប្រកួតតែមួយនឹងកីឡាករ Kotari ដែរ។
ជាមួយគ្នានោះ WBO បានបង្ហោះសារលើបណ្តាញសង្គមថា «យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារ មិត្តភ័ក្តិ និងសហគមន៍កីឡាប្រដាល់ជប៉ុន នៅអំឡុងពេលដ៏លំបាកដ៏អស្ចារ្យនេះ»។
បន្ទាប់ពីព្រឹត្តិការណ៍ប្រកួតកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ដែលកើតរឿងអកុសលមិននឹកស្មានដល់រួចមក គណៈកម្មការកីឡាប្រដាល់ជប៉ុនបានប្រកាសថា រាល់ការប្រកួតដណ្តើមខ្សែក្រវាត់របស់សហព័ន្ធប្រដាល់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក (OPBF) នឹងធ្វើឡើងតែ ១០ទឹកប៉ុណ្ណោះ ជំនួសឱ្យការប្រកួត ១២ទឹក ។
កីឡាករ Shigetoshi Kotari និង Hiromasa Urakawa គឺជាអ្នកប្រដាល់លំដាប់ខ្ពស់ទី២ និងទី៣ ដែលបានស្លាប់នៅក្នុងឆ្នាំ២០២៥ បន្ទាប់ពីកីឡាករប្រដាល់អៀរឡង់ John Cooney ដែលបានទទួលមរណភាពកាលពីថ្ងៃទី៨ ខែកុម្ភៈ កន្លងទៅ បន្ទាប់ពីការប្រកួតតទល់នឹងកីឡាករ Nathan Howells នៅក្នុងទីក្រុង Belfast កាលពីថ្ងៃទី១ ខែកុម្ភៈ។ Cooney បានទទួលមរណៈភាពនៅក្នុងវ័យ២៨ឆ្នាំ ក្រោយរងរបួសក្បាលធ្ងន់ធ្ងរមានការហូរឈាមក្នុងខួរក្បាល៕ ប្រភព ៖ USA Today និង BBC
ចែករំលែកព័តមាននេះ