រាជធានីភ្នំពេញ ៖ ក្រោយពីដកខ្លួនចេញពីពិភពគុនអស់រយៈពេលជាច្រើនឆ្នាំ អតីតអ្នក
ប្រដាល់ជើងខ្លាំងអំឡុងទសវត្សឆ្នាំ១៩៩០ លោកជាម អាដាំ ថ្មីៗនេះគេបានឃើញបង្ហាញមុខក្នុង
នាមជាគ្រូបង្វឹកចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាប្រដាល់គុនខ្មែរស្ដីពី«បទបញ្ជាបច្ចេក
ទេសគ្រប់គ្រងការប្រកួត»រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់២៥ ខែកក្កដា ឆ្នាំ២០២៥។ នៅពេលបង្ហាញមុខ លោកគ្រូជាម អាដាំ បានទទួលស្គាល់ថា អ្នកប្រដាល់សម័យនេះសំណាងណាស់ ពួកគេមិនត្រឹមតែទទួលបានតម្លៃខ្លួនខ្ពស់ក្នុងការប្រកួតប៉ុណ្ណោះទេថែមទាំងឧស្សាហ៍ចេញទៅប្រកួតនៅក្រៅប្រទេសញឹកញាប់ទៀតផង។
លោកគ្រូជាម អាដាំ ថា បើធ្វើការប្រៀបធៀបកាលពីជំនាន់លោកនៅជាកីឡាករគឺខុសគ្នាដាច់តែម្ដង ។ កាលជំនាន់លោកពេលឡើងសង្វៀនប្រកួតម្ដងៗគឺទទួលបានតម្លៃខ្លួនខុសគ្នាឆ្ងាយពីបច្ចុប្បន្ន ហើយមិនសូវមានទីផ្សារទៀតផង ។ មិនដូចអ្នកប្រដាល់សម័យឥឡូវនេះទេ តម្លៃខ្លួនក៏ខ្ពស់ ទីផ្សារក៏សម្បូរទាំងក្នុងស្រុកនិងក្រៅស្រុក ។ កាលពីសម័យលោកនៅប្រកួតអ្នកដែលមានឱកាសចេញទៅប្រកួតនៅក្រៅប្រទេស ទាល់តែមានសមត្ថភាពស្ថិតក្នុងកម្រិតAឡើងទៅ ។ ម្យ៉ាងវិញទៀតមុននឹងដណ្ដើមបានខ្សែក្រវាត់១គ្រឿង គឺត្រូវឆ្លងកាត់ការប្រកួតជាច្រើនលើក ហើយប៉ះសុទ្ធតែជាកីឡាករជើងខ្លាំងទៀតផង។ អ្វីដែលធ្វើឱ្យកីឡាករប្រដាល់មិនសូវមានឱកាសបញ្ចេញសមត្ថភាពនៅលើសង្វៀនប្រកួតច្រើនដងបាន ដោយសារតែជំនាន់លោកមានស្ថានីយទូរទស្សន៍តិចណាស់ដែលបើកកម្មវិធីប្រដាល់។ បើលោកចាំមិនភ្លេចទេនោះគឺមានស្ថានីយទូរទស្សន៍តែ២ប៉ុណ្ណោះគឺប៉ុស្តិ៍លេខ៥និងប៉ុស្តិ៍លេខ៣។
លោកគ្រូជាម អាដាំ រំលឹកថា លោកធ្លាប់គ្រងខ្សែក្រវាត់ចំនួន២គ្រឿងក្នុងចំណោមការប្រកួត១៨០ដង។ កាលណោះអ្នកឈ្នះខ្សែក្រវាត់១គ្រឿងបានច្រើនបំផុតត្រឹមតែ១៥០០ដុល្លារប៉ុណ្ណោះ។ ខ្សែក្រវាត់ខ្លះមានរង្វាន់ម៉ូតូ១គ្រឿងនិងបន្ថែមប្រាក់ពីលើត្រឹមតែ៤០០ដុល្លារក៏មាន។
លោកថា កីឡាករប្រដាល់សម័យមុនមិនសូវខិតខំប្រឹងប្រែងហ្វឹកហាត់ប៉ុន្មានទេដោយសារ
តែតម្លៃខ្លួនទាប ហើយបើបណ្ដោយឱ្យខ្លួនឯងខ្លាំងគឺអស់គូប្រកួតតែម្ដង ទាល់តែរង់ចាំពី៦ខែរហូតដល់១ឆ្នាំទើបមានគូប្រកួតម្ដងទៀត ។
ហេតុដូច្នេះហើយទើបពួកគាត់ងាកទៅរកការងារផ្សេងធ្វើវិញដើម្បីដោះស្រាយជីវភាពនៅក្នុងគ្រួ
សារ ។ លោកសូមសរសើរដល់ជោគវាសនាអ្នកប្រដាល់ជំនាន់នេះ រាល់ការប្រកួតដណ្ដើមខ្សែក្រវាត់ម្ដងៗមិនត្រឹមតែទទួលបានប្រាក់តម្លៃខ្លួនខ្ពស់នោះទេ គឺបានទាំងផ្ទះ និងរថយន្តទៀតផង ។ លោកគិតថា វិស័យកីឡាប្រដាល់សម័យនេះមានការរីកចម្រើនខ្លាំងណាស់ មានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិទៀតផង។
ប៉ុន្តែអ្វីដែលអ្នកប្រដាល់សម័យមុនខ្លាំងជាងគឺការប្រកួតដណ្ដើមខ្សែក្រវាត់នេះតែម្ដង ទម្រាំក្លាយជាម្ចាស់ខ្សែក្រវាត់ត្រូវឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ត្រូវប៉ះគូប្រកួតចាប់ពី៨នាក់ទៅ១២នាក់។ រយៈពេលនៃការប្រកួតទៀតសោតគឺប្រើពេល៣ខែទៅ៤ខែទើបចប់។
គួររំលឹកថា លោកគ្រូជាម អាដាំ កាលនៅជាកីឡាករប្រកួតក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។ លោកធ្លាប់ឆ្លងកាត់ការប្រកួតដណ្ដើមខ្សែក្រវាត់ចំនួន៤លើកទទួលជ័យជម្នះ២លើក(ខ្សែក្រវាត់ជើងឯក២គ្រឿង)។គូប្រកួតខ្លាំងៗក្នុងប្រភេទទម្ងន់៦៥គីឡូក្រាមដែលលោកពិបាកទប់ទល់បំផុតគឺកីឡាករវ៉ាន់ ចាន់វៃ កីឡាករផល សុផាត កីឡាករសៅ ប៊ុននឿន កីឡាករពេជ្រ អារុណ កីឡាករបឺត ខាំ និងកីឡាករផុន ផាន់ណាត។
លោកឈានជើងឡើងសង្វៀនប្រកួតនៅឆ្នាំ២០០៥ និងបានបោះបង់ចោលអាជីពជាអ្នកប្រដាល់នៅក្នុងឆ្នាំ២០១៣ដោយសារតែលោកមានបញ្ហាជំងឺក្រពះ។ លោកធ្លាប់ដណ្ដើមបានខ្សែក្រវាត់២គ្រឿងគឺខ្សែក្រវាត់ខេស៊ីមេននិងខ្សែក្រវាត់ជើងឯកគុនខ្មែរវគ្គ១ចំនួន១គ្រឿងព្រមទាំងពានជើងឯកថ្នាក់ជាតិជាច្រើនគ្រឿង។លោកក៏មានបំណងចង់វិលត្រឡប់មកចាប់អាជីពជាអ្នកប្រដាល់ម្ដងទៀតដែរតែដោយសារជំងឺក្រពះអត់ទាន់ជាសះស្បើយ លោកបានត្រឹមតែធ្វើជាគ្រូជំនួយរបស់ក្លិបលោកគ្រូឡុង សុវណ្ណឌឿន ម្ដងម្កាលប៉ុណ្ណោះ ៕


ចែករំលែកព័តមាននេះ