បរទេស ៖ ខ្សែប្រយុទ្ធអន្តរជាតិកូរ៉េខាងត្បូង Son Heung-min ត្រូវប្រកាសជាប់ជាកីឡាករបាល់ទាត់ល្អបំផុតនៅអាស៊ីឆ្នាំ ២០២៥ និងជាលើកទី ១០ ដោយបានយកឈ្នះមិត្តរួមក្រុមជម្រើសជាតិរបស់គេ គឺខ្សែបម្រើប្រយុទ្ធ Lee Kang-in នៅចំណាត់ថ្នាក់លេខ២ និងកំពូលខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo នៅចំណាត់ថ្នាក់លេខ ៣ នៅក្នុងការបោះឆ្នោត ដែលរៀបចំឡើងដោយកាសែតចិន Titan Sports។ នេះបើយោងតាមប្រភពពីកាសែត South China Morning Post ចេញផ្សាយកាលពីថ្ងៃទៅ១៣ តុលាកន្លងទៅ។
ពានរង្វាន់នេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ហើយបើកចំហចំពោះកីឡាករបាល់ទាត់ទាំងអស់ចូលរួមសកម្មភាពបាល់ទាត់នៅអាស៊ី តាមរយៈលេងឱ្យក្រុមជម្រើសជាតិ ឬក្លិបដែលមានទំនាក់ទំនងជាមួយសហព័ន្ធបាល់ទាត់អាស៊ី AFC អំឡុងឆ្នាំដែលត្រូវបានកំណត់។ ក្រុមអ្នកជំនាញបាល់ទាត់អាស៊ីចំនួន ៦៤នាក់ បានធ្វើការបោះឆ្នោតចុងក្រោយបំផុត ដោយផ្អែកលើទម្រង់ដ៏ល្អរបស់កីឡាករ ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំមុន រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំនេះ។
Son Heung-min បានបញ្ចប់អាជីពរបស់ខ្លួនជាមួយក្លិប Tottenham Hotspur ក្នុងខែឧសភាកន្លងទោ ដោយឈ្នះពានរង្វាន់ UEFA Europa League តែ១គត់ពីអាជីពរយៈពេល១០ឆ្នាំ នៅលីគកំពូលអង់គ្លេស មុនពេលផ្លាស់ទៅចូលរូមក្លិប Los Angeles FC នៅលីគកំពូលសហរដ្ឋអាមេរិក។ ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះ ទទួលបាន ១៤,២៦% នៃការបោះឆ្នោតរបស់ចៅក្រម តាមរយៈការស៊ុតបញ្ចូលទី១០គ្រាប់ពីការបង្ហាញខ្លួន៤៦ប្រកួតនៃអាជីពចុងក្រោយជាមួយ Spurs។ Son ក៏បានដើរតួយ៉ាងសំខាន់ក្នុងការជួយកូរ៉េខាងត្បូង កក់កៅអីពានរង្វាន់ World Cup ឆ្នាំ២០២៦ និងជាលើកទី១១ជាប់គ្នារបស់ពួកគេ។
ខ្សែប្រយុទ្ធ Cristiano Ronaldo នៅមិនទាន់ឈ្នះពានរង្វាន់ដ៏សំខាន់មួយនេះនៅឡើយទេ ចាប់តាំងពីផ្លាស់មកចូលរួមជាមួយក្លិប Al Nassr នៃលីគកំពូលអារ៉ាប៊ីសាអូឌីត កាលពីខែមករា ឆ្នាំ២០២៣ ដោយបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៣ លេខ ៤ និងលេខ ៣ នៅក្នុងការបោះឆ្នោត ៣ លើកកន្លងមក។
គួរបញ្ជាក់ជូនថា ចាប់តាំងពីត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ២០១៣ រហូតមកដល់ឆ្នាំ ២០២៥ ពានរង្វាន់កីឡាករបាល់ទាត់ល្អបំផុតនៅអាស៊ី ឬ Best Footballer in Asia ដំណើរការបោះឆ្នោត ១៣លើករួចមកហើយ ដោយខ្សែប្រយុទ្ធ Son Heung-min ឈ្នះច្រើនជាងគេ ១០លើក និងខ្សែប្រយុទ្ធស្លាបអន្តរជាតិកាតា Akram Afif (២០២៤) ខ្សែបម្រើប្រយុទ្ធអន្តរជាតិជប៉ុន Keisuke Honda (២០១៣) និងខ្សែប្រយុទ្ធជប៉ុន Shinji Okazaki (២០១៦) ឈ្នះ១លើកដូចគ្នា៕




ចែករំលែកព័តមាននេះ