ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AFF Cup ៖ ៧ក្រុមប្រជែងគ្នាជំនួបចុងក្រោយ​ដណ្តើម​កៅអីវគ្គខ្វែង ដែលមានថៃចាំរួចស្រេច

7 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ការប្រកួតវគ្គចែកពូល ពានរង្វាន់ AFF Cup ឆ្នាំ ២០២៤ ឬ ASEAN…

រាជធានីភ្នំពេញ ៖ ការប្រកួតវគ្គចែកពូល ពានរង្វាន់ AFF Cup ឆ្នាំ ២០២៤ ឬ ASEAN Mitsubishi Electric Cup ឆ្នាំ ២០២៤ បានឈានដល់ជំនួបទី៤ ជាជំនួបចុងក្រោយទាំងពូល A និង B។ ហើយជាការកត់សម្គាល់ទាំងពីរពូលសុទ្ធតែកំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញដណ្តើមកៅអីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលថៃក្នុងនាមក្រុមការពារតំណែងជើងឯករង់ចាំរួចជាស្រេច បើទោះបីជាពួកគេនៅសល់១ប្រកួតទៀត ដែលត្រូវប៉ះកម្ពុជាយ៉ាងណាក៏ដោយ។

កាលវិភាគប្រកួតជំនួបចុងក្រោយ ពូល A នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ៖
-ថៃ ប៉ះ កម្ពុជា នៅកីឡដ្ឋានជាតិ Rajamangala ម៉ោង០៨:០០នាទីយប់
-ម៉ាឡេស៊ី ប៉ះ សិង្ហបុរី នៅកីឡដ្ឋានជាតិ Bukit Jalil ម៉ោង០៨:០០នាទីយប់

ថៃគឺជាក្រុមដំបូងគេកក់កៅអីវគ្គខ្វែង ក្រោយឆ្លងកាត់៣ប្រកួតកន្លងមក ឈ្នះទាំងអស់ ដោយឈ្នះទីម័រខាងកើត ០-១០ ម៉ាឡេស៊ី ១-០ និងសិង្ហបុរី ២-៤។ ចំណែកឯសិង្ហបុរី កម្ពុជា និងម៉ាឡេស៊ី នឹងត្រូវកាត់សេចក្តីនៅជំនួបចុងក្រោយថា ក្រុមមួយណាបន្ទាប់ពីថៃឡើងទៅវគ្គខ្វែង ខណៈដែលទីម័រខាងកើតហាលអាវ ក្រោយ៤ប្រកួតកន្លងមក ចាញ់ទាំងអស់។

សិងុបុរីឈរនៅលេខ២ មាន៦ពិន្ទុ ក្រោយឈ្នះកម្ពុជា និងទីម័រខាងកើត ប៉ុន្តែចាញ់ថៃ។ កម្ពុជាឈរនៅលេខ៣ មាន៤ពិន្ទុស្មើជាមួយនឹងម៉ាឡេស៊ីឈរនៅលេខ៤ ក្រោយឈ្នះ១លើក ស្មើ១លើក និងចាញ់១លើកដូចគ្នា និងគ្មានសំណល់គ្រាប់បាល់ចំណេញដូចគ្នា។ សិង្ហបុរីហាក់មានប្រៀបជាង បើធៀបជាមួយនឹងកម្ពុជា និងម៉ាឡេស៊ី ដែលត្រូវការឈ្នះជាចាំបាច់ ប៉ុន្តែនៅក្នុងបាល់ទាត់អ្វីៗអាចកើតឡើងគ្រប់ពេល។

កាលវិភាគប្រកួតជំនួបចុងក្រោយ ពូល B នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ៖
-វៀតណាម ប៉ះ មីយ៉ាន់ម៉ា នៅកីឡដ្ឋាន Viet Tri ម៉ោង០៨:០០នាទីយប់
-ឥណ្ឌូណេស៊ី ប៉ះ ហ្វីលីពីន នៅពហុកីឡដ្ឋាន Manahan ម៉ោង០៨:០០នាទីយប់
ពូល B កាន់តែស្វិតស្វាញជាងពូល A ទៅទៀត ដោយសារពុំទាន់រកឃើញក្រុមណាមួយ កក់កៅអីវគ្គខ្វែងនៅឡើយទេ បើទោះជាវៀតណាមកំពុងឈរកំពូលតារាងយ៉ាងណាក៏ដោយ។ ក្រុមរបស់គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង លោក Kim Sang-sik ឆ្លងកាត់៣ប្រកួតកន្លងមក ឈ្នះ២លើកលើឡាវ និងឥណ្ឌូណេស៊ី ប៉ុន្តែស្មើជាមួយហ្វីលីពីន។

ដោយឡែក ឥណ្ឌូណេស៊ី ដែលសម្រេចដាក់កីឡាករឈុត B ឬអាយុក្រោម២២ឆ្នាំនោះចូលរួមព្រឹត្តិការណ៍ឆ្នាំនេះ កំពុងឈរនៅលេខ២ មាន៤ពិន្ទុស្មើនឹងក្រុមលេខ៣ មីយ៉ាន់ម៉ា ក្រោយឈ្នះ១លើក ស្មើ១លើក និងចាញ់១លើកដូចគ្នា រីឯហ្វីលីពីនឈរនៅលេខ៤ មាន៣ពិន្ទុ ក្រោយស្មើទាំង៣ប្រកួតកន្លងមក ខណៈដែលឡាវអស់ឱកាស ក្រោយស្មើ២លើក និងចាញ់២លើក៕ រូបភាព ៖ Changsuek, VFF និង ASEAN United FC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ