ស្ថិតក្នុងវ័យ៤៨ឆ្នាំ លោក Ronaldo Nazario ដែលឈ្នះពានរង្វាន់ FIFA World Cup ជាមួយនឹងក្រុមសាំបាប្រេស៊ីលឆ្នាំ ១៩៩៤ និង ២០០២ នឹងឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីលនៅឆ្នាំ ២០២៦ ជំនួសតំណែងប្រធាននាពេលបច្ចុប្បន្នគឺ លោក Ednaldo Rodrigues ។
អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Barcelona, Inter Milan និង Real Madrid រូបនេះបានបញ្ជាក់ថា លោករំពឹងថានឹងលក់ភាគហ៊ុនផ្ទាល់ខ្លួនក្នុងក្លិប Real Valladolid សមាជិកក្របខណ្ឌកំពូលអេស្ប៉ាញ La Liga។ ដោយបានបន្ថែមថា «យើងកំពុងចរចារលក់ភាគហ៊ុនតាមដែលអាចធ្វើទៅបានក្នុងពេលឆាប់ៗនេះ ហើយយើងគួរតែបិទកិច្ចព្រមព្រៀង។ ហើយវានឹងមិនមែនជាឧបសគ្គចំពោះបេក្ខភាពប្រជែងតំណែងប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីលរបស់ខ្ញុំទេ»។
ក្រៅពីមានភាគហ៊ុននៅក្នុងក្លិប Real Valladolid ហើយនោះ លោក Ronaldo Nazario ក៏ធ្លាប់មានភាគហ៊ុនរហូតដល់ ៩០% នៅក្នុងក្រុម Cruzeiro ដ៏ខ្លាំងមួយនៅក្នុងប្រទេសប្រេស៊ីល ប៉ុន្តែលោកបានលក់ កាលពីដើមឆ្នាំនេះ។
នៅក្នុងបទសម្ភាសន៍មួយ វីរបុរសប្រេស៊ីលរូបនេះបានគូសបញ្ជាក់ថា លោកចង់នាំយកភាពរុងរឿងដល់ក្រុមជម្រើសជាតិប្រេស៊ីលត្រឡប់មកវិញ ខណៈដែលលោកកំពុងសម្លឹងមើលទៅអនាគត និងការប្រកួត FIFA World Cup ឆ្នាំ ២០២៦ ដែលប្រទេសកាណាដា សហរដ្ឋអាមេរិក និងម៉ិកស៊ិកធ្វើជាម្ចាស់ផ្ទះរួមគ្នា។
ការបោះឆ្នោតប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល នឹងត្រូវធ្វើឡើងមុនការប្រកួត World Cup ឆ្នាំ ២០២៦ ស្របពេលអាណត្តិដឹកនាំរបស់លោក Ednaldo Rodrigues ដំណើរការរហូតដល់ខែមីនា ឆ្នាំ ២០២៦។ ប្រេស៊ីលក្នុងនាមប្រទេសឈ្នះជើងឯក World Cup ច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្រ ពោលគឺ៥សម័យកាល (១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤ និង ២០០២) បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី៥ នៃតារាងចំណាត់ថ្នាក់ពិភពលោក FIFA Ranking៕ ប្រភព ៖ goal.com និង VnExpress
ចែករំលែកព័តមាននេះ