AFF Cup ៖ វៀតណាម កំពុងប្រដេញកំណត់ត្រាមិនចាញ់ច្រើនប្រកួតក្នុងវគ្គចែកពូលរបស់ថៃ
ប្រទេសវៀតណាម ៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាវៀតណាម បានបន្តភាពមិនស្គាល់ចាញ់សោះ២០ប្រកួតជាប់គ្នា នៅក្នុងវគ្គចែកពូល នៃពានរង្វាន់ ASEAN Cup ដែលជាអតីត AFF…
ប្រទេសវៀតណាម ៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាវៀតណាម បានបន្តភាពមិនស្គាល់ចាញ់សោះ២០ប្រកួតជាប់គ្នា នៅក្នុងវគ្គចែកពូល នៃពានរង្វាន់ ASEAN Cup ដែលជាអតីត AFF…
ប្រទេសវៀតណាម ៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាវៀតណាម បានបន្តភាពមិនស្គាល់ចាញ់សោះ២០ប្រកួតជាប់គ្នា នៅក្នុងវគ្គចែកពូល នៃពានរង្វាន់ ASEAN Cup ដែលជាអតីត AFF Cup បន្ទាប់ពីបានយកឈ្នះលើក្រុមឥណ្ឌូណេស៊ី ដោយលទ្ធផល ១-០ ដែលជំនួបវគ្គសន្សំពិន្ទុពូល B កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។
ប្រភពពីសារព័ត៌មាន VnExpress បានឱ្យដឹងថា ការបន្តភាពមិនស្គាល់ចាញ់សោះរបស់វៀតណាម គិតមកទល់នឹងនេះ មានរយៈពេល១២ឆ្នាំមកហើយ ដោយការចាញ់លើកចុងក្រោយរបស់ពួកគេក្នុងវគ្គចែកពូល កើតឡើងកាលពីឆ្នាំ ២០១២។ នៅក្នុងឆ្នាំនោះ វៀតណាមក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Phan Thanh Hung បានចាប់ផ្តើមការប្រកួតជាមួយលទ្ធផលស្មើ ១-១ នឹងមីយ៉ាន់ម៉ា បន្ទាប់មកចាញ់ហ្វីលីពីន ០-១ និងចាញ់ថៃ ១-៣ ហាលអាវត្រឹមវគ្គចែកពូល ហើយនោះក៏ជាលើកចុងក្រោយ ដែលវៀតណាមបរាជ័យក្នុងការឆ្លងផុតវគ្គចែកពូល។
ចាប់តាំងពីពេលនោះមក វៀតណាមបានប្រកួតវគ្គចែកពូលចំនួន២០ប្រកួត ដោយឈ្នះ ១៦ដង ស្មើ៤ដង ស៊ុតបញ្ចូលទីបាន៤៧គ្រាប់ និងរបូតត្រឹម៦គ្រាប់ប៉ុណ្ណោះ។ ប៉ុន្តែទោះយ៉ាងណា វៀតណាមមិនធ្លាប់ជួបថៃ នៅក្នុងរយៈពេលនោះឡើយ ប៉ុន្តែបានជួបម៉ាឡេស៊ីចំនួន៤ដង។
ក្រៅអំពីការប្រកួតឆ្នាំ ២០២០ ដែលវៀតណាមបានបញ្ចប់នៅចំណាត់ថ្នាក់លេខ ២ ក្រុមមួយនេះតែងតែឈរនៅលើកំពូលតារាងជាប្រចាំ។ បន្តមកទៀត ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង លោក Park Hang-seo វៀតណាមមិនស្គាល់ចាញ់សោះក្នុងវគ្គចែកពូល នៃពានរង្វាន់ AFF Cup រហូតដល់១២ប្រកួត ជាមួយការមិនរបូតគ្រាប់បាល់សោះ ឬ Clean Sheet។ ទោះយ៉ាងណា កំណត់ត្រា Clean Sheet នេះ ត្រូវបានបំបែកដោយម្ចាស់ផ្ទះឡាវ នៅក្នុងការប្រកួតបើកឆាកពូល B ពានរង្វាន់ ASEAN Cup ឆ្នាំ 2024 ឬ ASEAN Mitsubishi Electric Cup 2024 ដោយលទ្ធផលចាញ់ក្រុមភ្ញៀវវៀតណាម ១-៤ កាលពីថ្ងៃទី៩ ខែធ្នូ កន្លងទៅ។
ភាពមិនស្គាល់ចាញ់សោះ២០ប្រកួតនេះ គឺជារយៈពេលយូរបំផុតក្នុងប្រវត្តិសាស្ត្ររបស់វៀតណាម សម្រាប់ការប្រកួតវគ្គចែកពូល ASEAN Cup បើទោះជាវាមិនមែនជាកំណត់ត្រាក្នុងតំបន់យ៉ាងណាក៏ដោយ។ ដ្បិតថៃរក្សាកំណត់ត្រាមិនចាញ់សោះរហូតដល់២៣ប្រកួត ដោយឈ្នះ២១ដង និងស្មើ២ដង ចាប់តាំងពី AFF Cup ឆ្នាំ ២០១០ នៅពេលពួកគេបានចាញ់ឥណ្ឌូណេស៊ី ១-២ ក្នុងការប្រកួតចុងក្រោយ នៃវគ្គចែកពូល និងធ្លាក់ត្រឹមវគ្គនេះ ហើយនោះជាលើកចុងក្រោយដែលថៃបរាជ័យក្នុងការឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ដោយឡែក ការប្រកួតនៅឆ្នាំនេះ ដែលកំពុងដំណើរការតាំងពីថ្ងៃទី៨ ខែធ្នូ មកនោះ នៅពូល A ថៃក្នុងនាមជាក្រុមការពារតំណែងជើងឯក កំពុងឈរកំពូលតារាង ដោយមាន៦ពិន្ទុស្មើនឹងសិង្ហបុរី។ ម៉ាឡេស៊ីឈរនៅលេខ៣ មាន៤ពិន្ទុ រីឯកម្ពុជាឈរនៅលេខ៤ មាន១ពិន្ទុ ខណៈដែលទីម័រខាងកើតនៅបាតតារាងគ្មានពិន្ទុរាប់ និងហាលអាវនៅត្រឹមវគ្គចែកពូល។ ចំណែកពូល B ក៏កំពុងប្រទាញប្រទង់ខ្លាំង ដោយវៀតណាមកំពុងឈរកំពូលតារាង មាន៦ពិន្ទុ ឥណ្ឌូណេស៊ីឈរនៅលេខ២ មាន៤ពិន្ទុ។ ហ្វីលីពីនឈរនៅលេខ៣ មាន២ពិន្ទុស្មើជាមួយឡាវឈរនៅលេខ៤ ខណៈមីយ៉ាន់ម៉ានៅបាតតារាងមាន១ពិន្ទុ។
គួរបញ្ជាក់ថា ពានរង្វាន់ជើងឯកអាស៊ានពីមុនត្រូវបានហៅថា AFF Championship ឬ AFF Cup មុនប្រែជា ASEAN Championship ឬ ASEAN Cup ហើយបច្ចុប្បន្នជា ASEAN Mitsubishi Electric Cup ដោយផ្អែកលើម្ចាស់ឧបត្ថម្ភ គឺជាការប្រកួតរៀបចំដោយសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) សម្រាប់ក្រុមបុរស។ បង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៦ បច្ចុប្បន្ន ថៃឈ្នះជើងឯកច្រើនជាងគេពោល៧សម័យកាល, សិង្ហបុរី ឈ្នះ៤សម័យកាល, វៀតណាមឈ្នះ២សម័យកាល និងម៉ាឡេស៊ីឈ្នះ១សម័យកាល ៕ (រូបភាព ៖ VnExpress, Changsuek និង ASEAN United FC)
ចែករំលែកព័តមាននេះ