រាជធានីភ្នំពេញ ៖ លោក ប៊ី សុភាព អតីតកីឡាករប្រដាល់ក្បាច់គុនខ្មែរបូរាណដ៏ល្បីឈ្មោះរបស់ក្លិបកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលធ្លាប់ធ្វើឱ្យកក្រើកសង្វៀនប្រដាល់ក្នុងអំឡុងឆ្នាំ២០០៥-២០០៦ បានទទួលមរណភាពហើយកាលពីយប់ថ្ងៃទី២៤ ធ្នូ ក្នុងជន្មាយុ៤២ឆ្នាំដោយសារជំងឺគាំងបេះដូង។
លោកប៊ី សុភាព គឺជាអតីតកីឡាករប្រដាល់ជើងចាស់មួយរូបធ្លាប់សាងកេរ្ដិ៍ឈ្មោះយ៉ាងល្បីល្បាញកាលពីអំឡុងឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១២ លោកបានលាឈប់ពីអាជីពជាអ្នកប្រដាល់មកធ្វើជាមន្ត្រីបច្ចេកទេសចៅក្រម អាជ្ញាកណ្ដាលកាត់ក្ដីនៅលើសង្វៀនវិញនៅក្នុងឆ្នាំ២០១៣ ។ ការប្រឡូកនៅក្នុងវិស័យកីឡាប្រដាល់គុនខ្មែរអស់រយៈពេលជាច្រើនឆ្នាំមកនេះ បានធ្វើឱ្យអ្នកគាំទ្រមិនតិចនាក់ទេដែលស្គាល់រូបលោក ប៉ុន្តែគួរឱ្យស្ដាយរូបលោកបានលាចាកលោកនេះទៅទាំងវ័យក្មេង ហើយថែមទាំងមិនទាន់មានភរិយាទៀត។
លោកប៊ី សុភាព ក៏ជាអតីតមន្ត្រីបម្រើការនៅក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទមួយរូបផងដែរ ដោយមានឋានន្តរៈសក្តិវរសេនីយ៍ត្រី(សក្ដិ៤)។ ដូច្នេះការបាត់បង់លោកប៊ី សុភាព ប្រៀបបាននឹងការបាត់បង់ធនធានកីឡាប្រដាល់គុនខ្មែរដ៏សំខាន់មួយរូបដែលគួរឱ្យសោកស្ដាយបំផុត។ តាមការឱ្យដឹងបន្ថែមសពរបស់លោកត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យឯស្រុកកំណើតក្នុងភូមិសំរោងខេត្តបាត់ដំបង។
នៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរក៏បានបង្ហោះសារចូលរួមរំលែកទុក្ខក្រុមគ្រួសារសពផងដែរ។ ខ្លឹមសាររំលែកទុក្ខ៖«យើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនី នៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរទាំងអស់មានការសោកស្ដាយនិងទុក្ខក្រៀមក្រំបំផុតចំពោះដំណឹងមរណភាព លោក ប៊ី សុភាព ដែលជាមន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។
យេីងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារនៃសពដោយសេចក្តីសង្វេគបំផុត និងសូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់លោក ប៊ី សុភាព បានទៅកាន់ឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ៕
ចែករំលែកព័តមាននេះ