រាជធានីភ្នំពេញ ៖ ទីបំផុត កីឡាករប្រដាល់គុនខ្មែរ សុខ ធី ដែលមានរហស្សនាមថា«មនុស្សឈើ» បានក្លាយជាម្ចាស់ខ្សែក្រវាត់ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម បន្ទាប់ពីយកឈ្នះលើកីឡាករប្រដាល់គុនខ្មែរពេជ្រ សម្បត្តិដែលមានរហស្សនាមថា«ក្របីព្រៃ» ដោយពិន្ទុជាឯកច្ឆន្ទ ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់POWERBOOMនៅលើសង្វៀនទូរទស្សន៍ហង្សមាស កាលពីរសៀលថ្ងៃទី២៨ មិថុនា ឆ្នាំ២០២៥។
សម្រាប់ការប្រកួតគូនេះពិតជាមិនធម្មតាមែន គឺកក្រើកទូទាំងពិភពលោកតែម្ដង ដោយមានអ្នកចូលមើលការប្រកួតផ្ទាល់ និងតាមរយៈផេករហូតដល់ទៅរាប់លាននាក់មិនចាញ់គូប្រកួតល្បីៗនៅលើពិភពលោកប៉ុន្មាននោះទេ ។
មិនចាញ់ដោយសារការប្រកួតនេះគឺជាការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រកីឡាករទាំងពីរអស់រយៈ
ពេលជាច្រើនខែមកហើយ ដោយសារតែពួកគេចង់ដឹងថា រវាងកីឡាករជើងខ្លាំងទាំងពីរតើមួយណាជាអធិរាជនៅលើសង្វៀនពិតប្រាកដ។
ទីបំផុតអ្នកគាំទ្រកីឡាករទាំងសងខាងលែងមានមន្ទិលទៀតហើយ ដោយសារតែកីឡាករសុខ ធី បានយកឈ្នះកីឡាករពេជ្រ សម្បត្តិ ទាំង៥ទឹកដាច់តែម្ដង។
បើមើលលើការប្រកួតជាក់ស្ដែង គ្រាន់តែបើកឆាកទឹកទី១ភ្លាម កីឡាករសុខ ធី បានព្យាយាមទាត់ជើងក្រោមពេជ្រ សម្បត្តិ ផ្ទួនៗ ខណៈពេជ្រ សម្បត្តិ ដើរចូលវាយម៉ាត់សងវិញមួយៗដែរ។
ចូលដល់ទឹកទី២និងទី៣ សុខ ធី ដែលមានប្រៀបជាងបានដើរចូលវាយកែងនិងបុកជង្គង់ចូលពោះទឹកពេជ្រ សម្បត្តិ ធ្វើឱ្យពេជ្រ សម្បត្តិច្រឡោតដើរចូលប្ដូរកណ្ដាប់ដៃវាយបកសងវិញក្នុងបំណងផ្ដួលគូប្រកួតឱ្យសន្លប់តែសុខ ធី នៅតែអាចទប់ទល់និងរក្សាជំហរប្រកួតបានដដែល។
ចូលដល់ទឹកទី៤និងទី៥ពេជ្រ សម្បត្តិ ទំនងជាដឹងខ្លួនថាចាញ់ប្រៀបគូប្រកួត គេបានដើរចូលវាយ
សុខ ធី ទាំងកំរោលធ្វើឱ្យអ្នកគាំទ្របង្ហាញការពេញចិត្តស្រែកហ៊ោកញ្ច្រៀវយ៉ាងកងរំពង។
ចំណែកសុខ ធី បានព្យាយាមដកថយគេចចេញពីការវាយសម្រុកនេះ ហើយពេលមានឱកាសគេបានវាយកែង និងជង្គង់សងវិញភ្លាមៗធ្វើឱ្យគូប្រកួតទាល់ច្រកបន្ថយការសម្រុកងាកមកការពារវិញ ។ ចប់ការប្រកួតចៅក្រមកាត់ក្ដីទាំង៥រូបបានផ្ដល់ពិន្ទុឱ្យមនុស្សឈើសុខ ធី ឈ្នះក្របីព្រៃពេជ្រ សប្បត្តិ ដោយឯកច្ឆន្ទ៥ទឹកដាច់តែម្ដង ។ តាមរយៈជ័យជម្នះនេះ សុខ ធី បានក្លាយជាម្ចាស់ខ្សែក្រវាត់ POWERBOOM និងទទួលបានប្រាក់រង្វាន់២០លានរៀល និងប្រាក់លើកទឹកចិត្តផ្សេងជាច្រើនទៀត។
ចំណែកកីឡាករឈឿន ល្វៃមិនអាចការពារខ្សែក្រវាត់របស់គេបានឡើយដោយធ្លាក់ទៅលើកីឡាករបារាំងអាប់ដេឡាស វ៉ាកាសេនី ជាអ្នក វាយដណ្ដើម ។ សម្រាប់ការប្រកួតគូនេះចំណាយពេល៥ទឹកពេញ ចៅក្រមទាំង៥រូបបានផ្ដល់ពិន្ទុចាញ់ឈ្នះមិនឯកច្ឆន្ទគឺ៤-១ ៕





ចែករំលែកព័តមាននេះ