ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រី​ក​ឃី​ត​កម្ពុជា ប្ដេជ្ញា​ដណ្ដើម​យក​លទ្ធផល​ល្អ មុន​ចេញ​ទៅ​ប្រកួត​ស៊ី​ហ្គេ​ម​លើក​ទី​៣៣ នៅ​ថៃ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមកីឡា​ការិនី គ្រិ​ក​ឃី​ត​កម្ពុជា បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ការ​ប្រកួត​ពាន​មិត្តភាព​អន្តរជាតិ ជាមួយ​សិង្ហ​បុរី (Cambodia-Singapore Women’s Friendship Cup…

រាជធានី​ភ្នំពេញ ៖ ក្រុមកីឡា​ការិនី គ្រិ​ក​ឃី​ត​កម្ពុជា បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ការ​ប្រកួត​ពាន​មិត្តភាព​អន្តរជាតិ ជាមួយ​សិង្ហ​បុរី (Cambodia-Singapore Women’s Friendship Cup 2025) ដែល​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៣ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែសីហា ហើយ​ទាំង​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា គ្រិ​ក​ឃី​ត​កម្ពុជា គ្រូបង្វឹក និង​ក្រុម​អត្ត​ព​លិ​ក បាន​តាំងចិត្ត​ដណ្តើម​យក​លទ្ធផល​ល្អ​ត្រឡប់​មក​វិញ មុន​បង្ហាញខ្លួន​ជា​ថ្មី នៅ​ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេ​ម លើក​ទី​៣៣ នៅ​ប្រទេស​ថៃ នា​ខែធ្នូ ឆ្នាំ​២០២៥​នេះ ។

លោក នូ សុផល ជា​អគ្គលេខាធិការ​សហព័ន្ធ បានឱ្យ​ដឹង​ថា នេះ​ជា​លើក​ដំបូង​ហើយ សម្រាប់​ក្រុមកីឡា​ការិនី​គ្រិ​ក​ឃី​ត​កម្ពុជា បាន​ចេញ​ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ នៅ​ក្រៅប្រទេស ក្រោយ​ការ​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។ លើក​នេះ​យើង​បាន​បញ្ជូន​គ្រូបង្វឹក ២​នាក់ ក្រុមកីឡា​ការិនី ១៥​នាក់ ឲ្យ​ទៅ​ចូលរួម​ប្រកួត ។

លោក​អគ្គលេខាធិការ​រូប​នេះ បាន​ទទួលស្គាល់​ថា ក្រុមកីឡា​ការិនី​គ្រិ​ក​ឃី​ត​កម្ពុជា ពិតជា​ធ្វើ​មិនសូវ​បាន​ល្អ សម្រាប់​ការ​បង្ហាញខ្លួន​ជា​លើក​ដំបូង នៅ​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ ដោយសារ​កាលនោះ ពួក​គេ​នៅ​មានបទពិសោធន៍​ខ្ចី​ពេក ប៉ុន្តែ​តាម​រយៈ​ការ​ខិតខំ​ហ្វឹកហាត់ និង​ប្រកួតប្រជែង​នៅ​ក្នុងស្រុក រហូត​មក​ដល់​ពេល​នេះ លោក​រំពឹង​ថា ក្រុមកីឡា​ការិនី​គ្រិ​ក​ឃី​ត​កម្ពុជា នឹង​ដណ្តើម​បាន​លទ្ធផល​ល្អ នៅ​សិង្ហ​បុរី ។

លោក​បញ្ជាក់​ថា ៖ «​កីឡាការិនី​ទាំង​អស់នេះ សុទ្ធតែ​ជា​អត្ត​ព​លិ​ក ដែល​បាន​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ហើយ​ពួក​គាត់ បាន​ហ្វឹកហាត់​យ៉ាង​យកចិត្តទុកដាក់ មុន​ចេញ​ទៅ​ប្រកួត​នៅ​សិង្ហ​បុរី​នេះ អ៊ីចឹង​យើង​សង្ឃឹមថា ពួក​គាត់ នឹង​ទទួល​បាន​បទ​ពិសោធន៍​ល្អ​ៗ បែប​លក្ខណៈ​អន្តរជាតិ ជា​លើ​ដំបូង​នេះ ហើយ​ក៏​អាច​ទទួល​បាន​ជ័យជម្នះ​ត្រឡប់​មក​វិញ​ផង​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ