សេតវិមាននឹងធ្វើម្ចាស់ផ្ទះការប្រកួត UFC នៅឆ្នាំក្រោយ ចំថ្ងៃពិសេសរបស់លោក ត្រាំ
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា ការប្រកួតប្រដាល់គុនចម្រុះ…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា ការប្រកួតប្រដាល់គុនចម្រុះ…
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា ការប្រកួតប្រដាល់គុនចម្រុះ UFC ដែលត្រូវបានប្រកាសពីមុនថានឹងរៀបចំឡើងនៅសេតវិមាននោះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដែលជាថ្ងៃពិសេសខួបកំណើតគម្រប់ ៨០ ឆ្នាំរបស់លោកផ្ទាល់តែម្តង។ នេះបើយោងតាមប្រភពពីសារព័ត៌មាន Reuters, NBC News និង ESPN បានចេញផ្សាយកាលពីថ្ងៃទី៦ ខែតុលា កន្លងទៅ។
លោកប្រធានាធិបតី ត្រាំ បានធ្វើការប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលនេះ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ (កាលបរិច្ឆទនៅអាមេរិក) អំឡុងពេលសុន្ទរកថានៅកំពង់ផែបញ្ជាការកងនាវាចររបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក (Naval Station Norfolk) ដើម្បីត្រៀមប្រារព្ធខួបលើកទី ២៥០ នាពេលខាងមុខនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក។
គួររំលឹកថា លោក ត្រាំ កាលពីខែកក្កដាកន្លងទៅ បានប្រកាសថា ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនចម្រុះ UFC នឹងប្រព្រឹត្តទៅនៅសេតវិមាននៅឆ្នាំក្រោយ ប៉ុន្តែលោកមិនបានផ្តល់កាលបរិច្ឆេទនៅឡើយនោះទេ មុនឈានដល់ការប្រកាសជាផ្លូវការ កាលពីថ្ងៃទី៥ ខែតុលា ថ្មីៗនេះ។
លោក ត្រាំ បានចាត់ទុកលោក Dana White ដែលជានាយកប្រតិបត្តិ និងប្រធានស្ថាប័ន UFC គឺជាមិត្តជិតស្និទ្ធរបស់លោក ហើយក៏បានចាត់ទុកអ្នកគាំទ្រកីឡាឈឺសាច់មួយនេះ ជាផ្នែកនៃមូលដ្ឋាននយោបាយរបស់លោកផងដែរ។
សេតវិមានកាលពីថ្មីៗនេះ បានបញ្ជាក់ប្រាប់សារព័ត៌មាន Sports Business ថា UFC នឹងចំណាយប្រាក់ ៧០ម៉ឺនដុល្លារ ដើម្បីផ្លាស់ប្តូរស្មៅនៅក្នុងបរិវេណសេតវិមាន បន្ទាប់ពីព្រឹត្តិការណ៍នេះបញ្ចប់។
ចាប់តាំងពីក្លាយជាប្រធានាធិបតីមក លោក ត្រាំ គឺជាអ្នកចូលរួមជាទៀងទាត់នៅក្នុងការប្រកួត UFC ដែលកាលពីខែមិថុនាកន្លងទៅថ្មីៗនេះ លោកក៏បានទៅចូលរួមទស្សនាការប្រកួតនៅឯរដ្ឋញូវជឺស៊ី (New Jersey) ផងដែរ។
តាមរយៈដំណឹងដ៏ភ្ញាក់ផ្អើលនេះ អតីតម្ចាស់ខ្សែក្រវាត់ UFC ទម្ងន់ Featherweight និង Lightweight កីឡាករអៀរឡង់ Conor McGregor បានបង្ហាញចំណាប់អារម្មណ៍ចង់តទល់ជាមួយនឹងកីឡាករសញ្ជាតិអាមេរិក Michael Chandler ក្នុងព្រឹត្តិការណ៍ដ៏ពិសេសមួយនេះ។ ស្របពេលដែលកីឡាករសញ្ជាតិអាមេរិក Jon Jones ដែលបានចូលនិវត្តន៍ពីអាជីពទៅហើយ កាលពីដើមឆ្នាំនេះ ក៏បានបង្ហើបថា រូបគេមានបំណងចង់វិលត្រឡប់ឡើងសង្វៀនវិញ ជាពិសេសសម្រាប់ព្រឹត្តិការណ៍នេះផងដែរ៕
ចែករំលែកព័តមាននេះ