សហរដ្ឋអាមេរិក ៖ កីឡាការិនីសញ្ជាតិម៉ិកស៊ិក Lizbeth Ovalle បានក្លាយជាកីឡាការិនីបាល់ទាត់ដែលមានតម្លៃផ្ទេរថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោក បន្ទាប់ពីនាងបានសម្រេចការផ្លាស់ពីក្លិប Tigres UANL នៅប្រទេសកំណើតរបស់នាងទៅចូលរួមជាមួយក្លិប Orlando Pride នៅ
សហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។ នេះបើតាមប្រភពពីសារព័ត៌មាន BBC បានចេញផ្សាយ។
Orlando Pride ដែលជាក្រុមនៅលីគកំពូលបាល់ទាត់នារីអាមេរិក NWSL បានធ្វើឱ្យ Lizbeth Ovalle ក្លាយជាកីឡាការិនីថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់នារីពិភពលោក ដោយបានចុះហត្ថលេខានាំយកខ្សែបម្រើស្លាបឆ្វេងម៉ិកស៊ិកវ័យ២៥ឆ្នាំរូបនេះពី Tigres UANL នៅក្នុងកិច្ចព្រមព្រៀងផ្ទេរតម្លៃ ១.៥លានដុល្លារអាមេរិក ដោយនាងសម្រេចចុះហត្ថលេខាលើកុងត្រារយៈពេល២ឆ្នាំ ជាមួយក្រុមម្ចាស់ជើងឯក NWSL ជាមួយជម្រើស បន្តកុងត្រារយៈពេលមួយឆ្នាំទៀត។
ការផ្ទេររបស់កីឡាការិនី Ovalle បានបំបែកកំណត់ត្រាកំណត់ក្លិប Arsenal កាលពីខែមុននៅពេលដែលពួកគេចុះហត្ថលេខានាំយកខ្សែប្រយុទ្ធកាណាដា Olivia Smith ពីក្លិប Liverpool នៅក្នុងតម្លៃផ្ទេរ ១,៣លានដុល្លារអាមេរិក។
កញ្ញា Lizbeth Ovalle បានក្លាយជាកីឡាការិនីបាល់ទាត់អាជីពក្នុងឆ្នាំ២០១៧ ជាមួយ Tigres UANL ផ្ទាល់តែម្តង នៅលីគកំពូលបាល់ទាត់នារីម៉ិកស៊ិក Liga MX Femenil។ កីឡាការិនីកើតនៅឆ្នាំ១៩៩៩រូបនេះ បានចាកចេញពីក្លិបនៅប្រទេសកំណើតក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេជាមួយគ្រាប់បាល់ចំនួន ១៣៦គ្រាប់ បញ្ចូនបាល់ឱ្យមិត្តរួមក្រុមសម្រេចគ្រាបបញ្ចូលទី (Assist) ១០៣លើកពីការបង្ហាញខ្លួនសរុប ២៩៤ប្រកួតអំឡុងអាជីពរបស់នាងរយៈពេល៨ឆ្នាំនៅទីនោះ ដោយឈ្នះជើងឯកលីគកំពូល៦លើកផងដែរ។
Ovalle ក៏បានបង្ហាញខ្លួនសរុបចំនួន ៨១ប្រកួតជាមួយក្រុមជម្រើសជាតិម៉ិកស៊ិក ដោយស៊ុតបញ្ចូលទីបាន ២០គ្រាប់ ដោយជួយក្រុមឈ្នះមេដាយមាសព្រឹត្តិការណ៍កីឡាចម្រុះ Pan American Games ឆ្នាំ២០២៣ នៅប្រទេសឈីលីផងដែរ៕
ចែករំលែកព័តមាននេះ