PSG គ្រងជើងឯក Super Cup ជាលើកដំបូង តែលោក Luis Enrique បែរជាថា ក្រុមលោកមិនសមនឹងឈ្នះសោះ
ប្រទេសអ៊ីតាលី ៖ ក្រុម Paris Saint-Germain បានគ្រងជើងពានរង្វាន់ UEFA Super Cup ឆ្នាំ២០២៥…
ប្រទេសអ៊ីតាលី ៖ ក្រុម Paris Saint-Germain បានគ្រងជើងពានរង្វាន់ UEFA Super Cup ឆ្នាំ២០២៥…
ប្រទេសអ៊ីតាលី ៖ ក្រុម Paris Saint-Germain បានគ្រងជើងពានរង្វាន់ UEFA Super Cup ឆ្នាំ២០២៥ កាលពីថ្ងៃទី១៣ ខែសីហា កន្លងទៅ ក្រោយយកឈ្នះក្រុមមាន់ខ្នាយមាស Tottenham Hotspur ទាំងលំបាក ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី។ ទោះយ៉ាងណាក៏ដោយ លោក Luis Enrique គ្រូបង្វឹកក្រុមរហស្សនាម «សេដ្ឋីបារាំង» បាននិយាយថា ក្រុមរបស់លោកមិនសមនឹងឈ្នះជើងឯកពានរង្វាន់នេះសោះ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន ESPN បានចេញផ្សាយ។
ការប្រកួតដណ្តើមពានរង្វាន់ UEFA Super Cup ឆ្នាំ២០២៥ រវាងPSG ក្រុមជើងឯក UEFA Champion League រដូវកាល ២០២៤-២៥ និង Tottenham ក្រុមជើងឯក UEFA Europa League រដូវកាល ២០២៤-២៥ ធ្វើឡើងនៅកីឡដ្ឋាន Friuli ទីក្រុង Udine ប្រទេសអ៊ីតាលី។
Tottenham ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិដាណឺម៉ាក លោក Thomas Frank បានបើកការនាំមុខមុនដល់ទៅ ២ គ្រាប់ នៅចុងតង់ទី១ និងដើមតង់ទី២ មុនពេល PSG វាយបកតាមស្មើមកវិញ នៅនាទីចុងក្រោយនៃតង់ទី២ ពោលនៅនាទី ៨៥ និង ៩០+៤ មុនពេលដែលអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ដោយគ្មានការបន្ថែម ១៥នាទី ២ដងឡើយ។ អ្វីៗបានបញ្ចប់សព្វគ្រប់នៅពេលដែល PSG យកឈ្នះ Tottenham ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តីលទ្ធផល ៤ទល់នឹង៣ ដើម្បីគ្រងជើងឯកពានរង្វាន់ រង្វាន់ UEFA Super Cup ឆ្នាំ២០២៥ និងជាលើកដំបូងរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ PSG ក៏ក្លាយជាក្លិបបារាំងដំបូងគេផងដែរ ដែលឈ្នះពានរង្វាន់នេះ ដ្បិត Tottenham ខកខានឱកាសស្គាល់រសជាតិឈ្នះជើងឯកជាលើកដំបូង។
បើទោះជាបង្កើតប្រវត្តិសាស្ត្រឈ្នះជើងឯកក៏ពិតមែន ប៉ុន្តែគ្រូបង្វឹកក្រុម PSG លោក Luis Enrique បាននិយាយថា ក្រុមរបស់លោកមិនសមនឹងទទួលបានការឈ្នះពានរង្វាន់ UEFA Super Cup ដោយសារតែពួកគេមានពេលតិចណាស់ ដើម្បីប្រមូលផ្តុំហ្វឹកហាត់ ពោលបន្ទាប់ពីបញ្ចប់ភារកិច្ចការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup ដោយចាញ់ក្រុម Chelsea លទ្ធផល ៣ទល់នឹង០ កាលពីខែមុន ។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ៥៥ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មាន TNT Sports ដូច្នេះថា «សម្រាប់រយៈពេល៨០នាទី ពួកយើងមិនសមនឹងទទួលបានជ័យជម្នះទេ ខ្ញុំគិតថា Tottenham សមនឹងឈ្នះការប្រកួតនេះ ព្រោះពួកគេមានទម្រង់លេងល្អ ពួកគេបានហ្វឹកហាត់រយៈពេល៦សប្តាហ៍។ ផ្ទុយទៅវិញ យើងហ្វឹកហាត់បានត្រឹមតែ៦ថ្ងៃប៉ុណ្ណោះ ប៉ុន្តែពេលខ្លះបាល់ទាត់គឺអយុត្តិធម៌អ៊ីចឹង។ ខ្ញុំត្រូវតែនិយាយថា យើងមានសំណាងណាស់ក្នុងរយៈពេល១០នាទីចុងក្រោយ ដែលអាចស៊ុតបញ្ចូលទីបានពីរគ្រាប់វិញ»។
អតីតគ្រូបង្វឹកក្រុម Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះ បានបន្ថែមទៀតថា «កីឡាកររបស់ខ្ញុំទាំងអស់មានជំនឿចិត្តរហូតដល់នាទីចុងក្រោយ ដូចជាអ្នកគាំទ្ររបស់យើងដែរ»៕
ចែករំលែកព័តមាននេះ