រាជធានីភ្នំពេញ ៖ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាលោក អាំង សិរីពិសិដ្ឋ ថ្មីៗនេះបានថ្លែងថា ការវិលត្រឡប់មកវិញរបស់កីឡាករ សួន ចាន់ណារ៉ូ មិនទាន់ប្រាកដថាអាចលេងនៅស៊ីហ្គេមចុងឆ្នាំនេះបានទេ រង់ចាំមើលការហ្វឹកហាត់របស់គាត់ល្អដល់កម្រិតណាសិន។
លោក អាំង សិរីពិសិដ្ឋ បន្តថា មិនមែនតែ កីឡាករ សួន ចាន់ណារ៉ូូ នោះទេពោលគឺកីឡាករទាំងអស់មិនទាន់ដឹងថានរណានឹងជាប់បានទៅលេងនោះដែរ ពោលគឺរង់ចាំមើលលទ្ធផលការហ្វឹកហាត់ល្អកម្រិតណា រហូតត្រូវជ្រើសរើស និងចេញបញ្ជីឈ្មោះផ្លូវការសិន។
ចំណែកសួន ចាន់ណារ៉ូ អតីតអ្នកលើកបាល់ឆ្នើមក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងក្លិប
បាល់ទះវិសាខា ក៏បានឲ្យដឹងថាដែរថា បច្ចុប្បន្ននេះរូបលោកទើបតែចូលហាត់នៅក្លិបបាល់ទះវិសាខា មិនទាន់ចូលជំរំជម្រើសជាតិជាផ្លូវការនៅឡើយទេ ។ ទាល់តែហ្វឹកហាត់បានល្អសិនទើបអាចចូលជាមួយក្រុមជម្រើសជាតិវិញបាន។ កីឡាករ សួន ចាន់ណារ៉ូ បញ្ជាក់ដែរថា បន្ទាប់ពីការចាកចេញពីជម្រើសជាតិបាល់ទះជិតមួយឆ្នាំមកនេះ លោកត្រូវបានសហព័ន្ធហៅមកវិញដើម្បីជួយដល់ក្រុមត្រៀមការប្រកួតសំខាន់ៗនៅពេលខាងមុខ ដូចជាស៊ីហ្គេមចុងឆ្នាំ២០២៥។
ប៉ុន្តែសហព័ន្ធកំពុងតាមដានមើលសមត្ថភាពរបស់លោកផងដែរថានៅល្អដូចមុន ឬយ៉ាងណា។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ កីឡាករ សួន ចាន់ណារ៉ូ ប្រធានក្រុមជម្រើសជាតិបាល់ទះបុរសកម្ពុជា បានប្រកាសចូលនិវត្តន៍ពីកីឡាករបាល់ទះអាជីព ។ ដំណឹងនេះ ជារឿងសោកសៅរបស់មហាគ្រួសារបាល់ទះកម្ពុជា ប៉ុន្តែនៅក្នុងពិភពកីឡា មិនមានអ្វីស្ថិតស្ថេរជានិរន្តនោះឡើយ តែងតែមានការចាប់ផ្ដើមនិងបញ្ចប់។
បើទោះជា សួន ចាន់ណារ៉ូ បានចាកចេញពីកីឡាករអាជីពក៏ពិតមែន ប៉ុន្តែស្នាដៃរបស់គាត់ ជាមួយមិត្តរួមជំនាន់បានជួយឱ្យទង់ជាតិកម្ពុជា រះលើឆាកអន្តរជាតិជាច្រើន ទាំងការជួយក្លិបបាល់ទះវិសាខា និងក្រុមជម្រើសជាតិកម្ពុជា។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ រូបគាត់ជាផ្នែកមួយជួយឱ្យក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា
ឡើងដល់វគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រ។
កម្មវិធីការចូលនិវត្តន៍របស់កីឡាករ សួន ចាន់ណារ៉ូ ត្រូវបានរៀបចំធ្វើនៅថ្ងៃទី២១ ខែតុលា
ឆ្នាំ២០២៤ វេលាម៉ោង ៦:០០ល្ងាច នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល រាជធានីភ្នំពេញ ។ អ្នកគាំទ្រក៏ដូចជាថ្នាក់ដឹកនាំសង្ឃឹមថា សួន ចាន់ណារ៉ូ នឹងមិនទៅណាឆ្ងាយពីវិស័យបាល់ទះយើងឡើយ គាត់នឹងសិក្សាស្វែងយល់ពីវគ្គសិក្សានានាបន្ថែម ដើម្បីវិវត្តន៍ខ្លួនទៅជាគ្រូបង្វឹក ឬថ្នាក់ដឹកនាំក្លិបបាល់ទះណាមួយនៅថ្ងៃខាងមុខ ៕
ចែករំលែកព័តមាននេះ