រាជធានីភ្នំពេញ ៖ ឯកឧត្តមវ៉ាត់ ចំរើនរដ្ឋលេខធិការក្រសួងអប់រំ យុវជន និងកីឡានិងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានណែនាំទៅដល់សហព័ន្ធកីឡាផិក្កប៊ល
កម្ពុជា(Pickleball)ដែលទើបតែបង្កើតឡើងថ្មីដើម្បីយកទៅអនុវត្តសំដៅឆ្លើយតបទៅនឹងតម្រូវការ និងស្របទៅតាមប្រព័ន្ធដឹកនាំកីឡា។
សហព័ន្ធកីឡាផិក្កប៊លកម្ពុជាត្រូវបានប្រកាសបើកឱ្យដំណើរការនៅក្នុងប្រទេសកម្ពុជា ជាលើកដំបូងកាលពីថ្ងៃទី២៩ ខែមករាឆ្នាំ២០២៦។ ក្នុងការប្រកាសទទួលស្គាល់សហព័ន្ធថ្មីនេះបានធ្វើឡើងនៅក្នុងទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយបានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា និងគណម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានឯកឧត្តមវ៉ាត់ ចំរើន ជាគណៈអធិបតី និងវត្តមានរបស់ឯកឧត្តមប៉ុន សុខ អគ្គនាយកកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។
សម្រាប់សមាសភាពសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាផិក្កប៊លដែលបានជ្រើសតាំងក្នុងអាណត្តិថ្មីឆ្នាំ២០២៦-២០៣០នេះមានចំនួន២៣រូប ក្នុងនោះអ្នកដែលឈរឈ្មោះជាប្រធានសហព័ន្ធគឺលោកលឹម ហួរនិតា ឯកឧត្តមប៉ុន សុខ អនុប្រធានទី១ អមជាមួយអនុប្រធាន៩រូបផ្សេងទៀត ។ អគ្គលេខាធិការគឺលោកអន ចិត្រាសំរឹត អមជាមួយអគ្គលេខាធិការរងចំនួន៣រូប អគ្គហិរញ្ញឹកគឺលោកលឹមហួរម៉េងហុង អមជាមួយអគ្គហិរញ្ញឹក១រូប ក្រៅពីនោះគឺជាសមាជិក។
ឯកឧត្តមវ៉ាត់ ចំរើន បានណែនាំទៅដល់សមាជិកគណៈកម្មការប្រតិបត្តិសហព័ន្ធកីឡាផិក្កប៊លកម្ពុជាទាំងអស់ ត្រូវគោរពឱ្យបានទៅតាមគោលការណ៍របស់ក្រសួងអប់រំ យុវជននិងកីឡា និងគណៈម្មាធិការជាតិអូឡាំពិកកម្ពុជាដូចសហព័ន្ធកីឡាជាតិដទៃទៀតនៅក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានសិទ្ធិប្រកួតពេញលេញ។
ដូច្នេះ បើចង់ឱ្យកីឡាផិក្កប៊លកម្ពុជាឈានទៅប្រកួតនៅថ្នាក់តំបន់ និងកម្រិតពិភពលោកប្រកបដោយសក្ដានុពល សហព័ន្ធថ្មីត្រូវចេះរៀចំផែនការយុទ្ធសាស្ត្រឱ្យបានល្អក្នុងនោះឯកឧត្តមបានណែនាំចំនួន៦ចំណុចក្នុងការរៀបចំរួមមាន៖
ទី១-ដំណើរការរដ្ឋបាល ដែលមានរដ្ឋបាលផ្ទៃក្នុង និងរដ្ឋបាលក្រៅសហព័ន្ធ គឺទាក់ទងជាមួយក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលស្ថាប័នទាំងពីរនេះជាអ្នកគ្រប់គ្រងចលនាកីឡានៅក្នុងប្រទេស ។
ទី២-គឺការចូលរួមប្រកួតជាអន្តរជាតិបង្កើតឱ្យមានគណៈកម្មការមួយជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ ព្រោះកីឡាមួយនេះជាប្រភេទកីឡាមកពីក្រៅប្រទេសត្រូវតែមានទំនាក់ទំនង
ល្អផ្នែកខាងក្រៅប្រទេស។
ទី៣-គឺត្រវមានគណៈកម្មការបច្ចេកទេសរួមមានការបណ្ដុះធនធានមនុស្សផ្នែកបច្ចេកទេសគឺត្រូវបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រមឱ្យបានច្រើនទាំងថ្នាក់ជាតិនិងអន្តរជាតិ ធនធានមនុស្សសំខាន់មួយទៀតគឺគ្រូបង្វឹក ហើយអ្វីដែលសមាសភាពសំខាន់បំផុតរបស់សហព័ន្ធគឺធនធានអត្ត
ពលិក បើគ្មានកីឡាករ កីឡាការិនីក៏គ្មានសហព័ន្ធដែរ។
ទី៤-គឺត្រូវមានគណៈកម្មការរៀបចំផែនការគួបផ្សំជាមួយនឹងសហព័ន្ធទើបតែបង្កើតឡើងត្រូវមានផែនការយុទ្ធសាស្ត្រឱ្យបានច្បាស់លាស់មានផែនការរយៈពេលវែង រយៈពេលមធ្យមនិងរយៈពេលខ្លី។
ទី៥-គឺការបង្កើតគណៈកម្មការទីផ្សារកីឡាព្រោះសហព័ន្ធជាអង្គការសង្គមមួយដែលត្រូវចេះស្វែងរកការគាំទ្រឧបត្ថម្ភដោយខ្លួនឯង។
ទី៦-គឺការបង្កើតព័ត៌មានកីឡាដែលជាអង្គការមួយដ៏សំខាន់ក្នុងការជួយផ្សព្វផ្សាយទៅកន្លែងផ្សេងៗ ដើម្បីឱ្យប្រជាជនបានស្គាល់យ៉ាងទូលំទូលាយ។
លោក លឹម ហួរនីតា បានឱ្យដឹងថា ដើមចមដែលធ្វើឱ្យកីឡាផិក្កប៊លមកកាន់ប្រទេសកម្ពុជានាពេលនេះ ដោយសារតែលោកមើលឃើញថា កីឡាប្រភេទនេះមានប្រជាប្រិយនិងការគាំទ្រខ្លាំងនៅក្រៅប្រទេស ជាពិសេសនៅសហរដ្ឋអាមេរិក ដែលជាប្រទេសបានបង្កើតកីឡានេះឡើង ។ ចំណែកបណ្ដាប្រទេសក្នុងតំបន់ក៏មានការគាំទ្រខ្លាំងណាស់ដែរ ព្រោះវាជាប្រភេទកីឡាកូនកាត់ចំនួន៣រួមបញ្ចូលគ្នា គឺកីឡាវាយកូនបាល់ វាយសី និងវាយកូនឃ្លីលើតុ៕



ចែករំលែកព័តមាននេះ