ទីក្រុងប៉េកាំង ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ត្រូវបានរាយការណ៍ថាបានទទួលកាដូពិសេសមួយពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក ខៀរ ស្តារម័រ (Keir Starmer) នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ កាដូនោះគឺជាបាល់ទាត់ផ្លូវការពីការប្រកួតក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ជំនួបដែលក្រុមបិសាចក្រហម Manchester United យកឈ្នះក្រុមកាំភ្លើងធំ Arsenal នៅឯកីឡដ្ឋាន Emirates កាលពីថ្ងៃទី២៥ ខែមករា កន្លងទៅ។ នេះបើតាមការចេញផ្សាយពីកាសែតហុងកុង South China Morning Post ។
លោក ខៀរ ស្តារម័រ បានបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំអង់គ្លេស ចាប់តាំងពីឆ្នាំ ២០១៨។ ហើយជាការកត់សម្គាល់ ខណៈពេលដែលលោក ស្តារម័រ គឺជាអ្នកគាំទ្រដ៏ខ្លាំងក្លារបស់ Arsenal នោះ លោក ស៊ី ឯណោះវិញ ត្រូវបានរាយការណ៍ថា គឺជាអ្នកគាំទ្រក្រុម Man Utd។ អំឡុងពេលកិច្ចសន្ទានរវាងមេដឹកនាំទាំងពីរ ប្រធានាធិបតីចិនបានបង្ហាញចំណាប់អារម្មណ៍របស់លោកចំពោះវិស័យបាល់ទាត់អង់គ្លេស និងបានទទួលស្គាល់ថា លោកគឺជាអ្នកគាំទ្រក្រុមបិសាចក្រហមពិតប្រាដកមែន។
តាមរយៈការផ្តល់ជូនកាដូពាក់ព័ន្ធនឹងក្រុមទាំងពីរ ដែលស្ថិតនៅក្នុងចំណោមក្រុមដ៏ល្បីបំផុតរបស់ Premier League កាយវិការលោក ស្តារម័រ ត្រូវបានគេមើលឃើញថា ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវវាងចិន-អង់គ្លេស ដែលមានភាពស្មុគស្មាញកាលពីកន្លងមក។ ដ្បិត លោក ស៊ី ត្រូវបានគេយល់យ៉ាងទូលំទូលាយថា គឺជាអ្នកចូលចិត្តកីឡាបាល់ទាត់ ដែលជំរុញឱ្យមេដឹកនាំពិភពលោកមួយចំនួនសាកល្បងប្រើប្រាស់ការទូតបាល់ទាត់ ដើម្បីស្វែងរកចំណុចរួមជាមួយប្រធានាធិបតីចិនរូបនេះ។
ជាមួយដំណើរទស្សនកិច្ចដ៏សំខាន់ ប្រទេសចិន និងចក្រភពអង់គ្លេស បានសន្យាថានឹងពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ប្រធានាធិបតីចិនបានអំពាវនាវឱ្យបើកជំពូកថ្មីនៅក្នុងចំណងមិត្តភាពនេះ ហើយនាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយថា ទំនាក់ទំនងភាគីទាំងពីរស្ថិតនៅកន្លែងដ៏រឹងមាំ។ ក្រោយមក លោក ស្តារម័រ បានប្រកាសថា កិច្ចព្រមព្រៀងជាច្រើនត្រូវបានធ្វើឡើងជាមួយប្រទេសចិន រួមទាំងការចូលដោយគ្មានទិដ្ឋាការសម្រាប់ពលរដ្ឋអង់គ្លេសទៅកាន់ប្រទេសចិនរយៈពេលរហូតដល់ ៣០ ថ្ងៃ និងកិច្ចព្រមព្រៀងមួយដើម្បីសិក្សាលទ្ធភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងសេវាកម្មទ្វេភាគី៕
ចែករំលែកព័តមាននេះ