ខ្សែប្រយុទ្ធឆ្នើម Son Heung-min បានចាកចេញពីក្លិប Tottenham Hotspur នៅចក្រភពអង់គ្លេស ដែលបានខ្លួនរួមរស់អស់រយៈពេល១០ឆ្នាំ ដើម្បីមកប្រកបអាជីពនៅលីគកំពូលអាមេរិក MLS ដោយបានចូលរួមជាមួយក្លិប Los Angeles FC កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នៅក្នុងតម្លៃ ២៦,៥លានដុល្លារអាមេរិក ដោយបានចុះកុងត្រារយៈពេល២ឆ្នាំ។
ក្រៅអំពីជាទីចាប់អារម្មណ៍សម្រាប់បាល់ទាត់នៅសហរដ្ឋអាមេរិកហើយនោះ ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងវ័យ៣៣ឆ្នាំរូបនេះ ក៏ត្រូវបានរំពឹងថានឹងបំបែកកំណត់ត្រាលក់អាវរបស់ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi របស់ក្លិប Inter Inter Miami ផងដែរ។
យោងតាមរបាយការណ៍ពីគេហទំព័រ Front Office Sports បានឱ្យដឹងថា អាវ Messi លេខ ១០ របស់ Inter Miami លក់បានច្រើនជាង៥០ម៉ឺនអាវក្នុងខែដំបូង បន្ទាប់ពីអតីតខ្សែប្រយុទ្ធឆ្នើមក្រុម Barcelona និង PSG វ័យ៣៨ឆ្នាំរូបនេះ ផ្លាស់មកប្រកបអាជីពនៅលីគកំពូលអាមេរិក កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ ទោះយ៉ាងណាក៏ដោយ បច្ចុប្បន្នការលក់អាវ Son លេខ ៧ របស់ Los Angeles FC ឈរនៅលំដាប់ទី ២ ក្នុងបញ្ជី ពោលលក់ដាច់បានជាង ៣០ម៉ឺនអាវរួចទៅហើយ ដោយមានការព្យាករណ៍ថា អាវរបស់ Son នឹងដាច់រហូតដល់ ១,៥លានអាវក្នុងខែនេះ។
ក្រៅពីកំពុងស្ថិតលើផ្លូវបំបែកកំណត់ត្រាលក់អាវរបស់ Messi នោះ Son ក៏កំពុងប្រជែងជាមួយ Messi ទាក់ទងនឹងតម្លៃសំបុត្រចូលទស្សនាការប្រកួតផងដែរ។ បើតាមប្រភពពីកាសែត Korea Times បានឱ្យដឹងថា រាល់ពេលមានការប្រកួតក្រុម Inter Miami តម្លៃសំបុត្រតែងតែឡើងថ្លៃ ប៉ុន្តែការបង្ហាញវត្តមានរបស់ Son ជាមួយក្រុម Los Angeles FC ក៏ចាប់ផ្តើមប្រជែងលើតម្លៃសំបុត្រចូលទស្សនាយ៉ាងក្តៅគគុកផងដែរ។ ជាក់ស្តែង តម្លៃសំបុត្រការប្រកួតរវាង Los Angeles FC ទល់នឹង San Diego FC នៅថ្ងៃទី១ ខែកញ្ញា ខាងមុខ ត្រូវបានរំពឹងថានឹងឡើងថ្លៃពី ៣០០ដុល្លាររហូតដល់ ១ ៥០០ដុល្លារ។
ជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួនជឿជាក់ថា ជាមួយនឹងការសម្រេចចិត្តចាកចេញពីក្លិប Tottenham របស់កីឡាករ Son Heung-min នឹងធ្វើឱ្យក្លិបរហស្សនាម «មាន់ខ្នាយមាស» មួយនេះ ខាតបង់ប្រាក់រហូតដល់ ៦០លានផោន ឬ ៨១លានដុល្លារពីដៃគូឧបត្ថម្ភ និងកិច្ចសន្យាផ្សព្វផ្សាយទាក់ទងជាមួយកីឡាករកូរ៉េខាងត្បូងរូបនេះជាមួយក្លិប៕
ចែករំលែកព័តមាននេះ