អារ៉ាប៊ីសាអូឌីតដាក់លក់ភាគហ៊ុនក្លិប Al Nassr និងក្លិប៣ផ្សេងទៀត ពោល២ខែប៉ុណ្ណោះក្រោយ Ronaldo តកុងត្រាថ្មី
16 ម៉ោង មុន
ប្រទេសអារ៉ាប៊ីសាអូឌីត ៖ នៅក្នុងការផ្លាស់ប្តូរមួយដើម្បីកាត់បន្ថយការចំណាយ ក៏ដូចជាជំរុញការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាព មូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត ហៅកាត់ថា PIF បានប្រកាសដាក់លក់ភាគហ៊ុនក្លិបបាល់ទាត់ Al Nassr…
ប្រទេសអារ៉ាប៊ីសាអូឌីត ៖ នៅក្នុងការផ្លាស់ប្តូរមួយដើម្បីកាត់បន្ថយការចំណាយ ក៏ដូចជាជំរុញការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាព មូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត ហៅកាត់ថា PIF បានប្រកាសដាក់លក់ភាគហ៊ុនក្លិបបាល់ទាត់ Al Nassr និងក្លិបធំចំនួន ៣ ផ្សេងទៀត រួមមាន Al Hilal, Al Ittihad និង Al Ahli។ ការប្រកាសលក់នេះ កើតឡើងត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានបន្តកុងត្រាថ្មីជាមួយ Al Nassr។
ចាប់តាំងត្រូវបានកាន់កាប់ដោយ PIF ដែលជាមូលនិធិវិនិយោគសាធារណៈដ៏ធំបំផុតមួយលើពិភពលោក ជាមួយទ្រព្យសកម្មត្រូវបានប៉ាន់ស្មានសរុបចំនួនរហូដល់ ៩៤១ពាន់លានដុល្លារនោះ បណ្តាក្លិបនៅលីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League បានចាប់ផ្តើមសម្រុកនាំចូលកីឡាករឆ្នើមល្បីលំដាប់ពិភពលោកដែលមិនធ្លាប់មានពីមុនមក រួមទាំង Cristiano Ronaldo, Neymar និង Karim Benzema ជាដើម ដោយកីឡាករទាំងនោះ សុទ្ធតែមានតម្លៃផ្ទេរ និងថ្លៃពលកម្មខ្ពស់។ គិតតែនៅក្នុងឆ្នាំ២០២៣ បណ្តាក្លិបនៅ Saudi Pro League បានចាយប្រាក់ជិត១ពាន់លានដុល្លារចាក់ចូលក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ដោយបង្ហាញពីមហិច្ឆតាក្នុងការលើកកម្ពស់លីគបាល់ទាត់ជាតិរបស់ពួកគេ ដែលស្ថិតក្នុងផ្នែកមួយនៃយុទ្ធសាស្ត្រ Vision 2030 ស្របតាមចក្ខុវិស័យរបស់ព្រះអង្គម្ចាស់ Mohammed bin Salman។
ក្រសួងកីឡាអារ៉ាប៊ីសាអូឌីត បានបញ្ជាក់កាលពីខែមុនហើយថា ក្លិបចំនួន ៣ បានបញ្ចប់ការផ្ទេរកម្មសិទ្ធិរបស់ពួកគេជាផ្លូវការ។ តួយ៉ាង Al Kholood បានក្លាយជាក្លិបក្នុងស្រុកដំបូងគេដែលត្រូវបានលក់ភាគហ៊ុនគ្រប់គ្រងទៅឱ្យអ្នកវិនិយោគបរទេស Harburg Group ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ បន្តបន្ទាប់ក្លិប Al Zulfi និង Al Ansar ត្រូវបានលក់ទៅឱ្យអ្នកវិនិយោគក្នុងស្រុក ហើយថ្មីៗនេះ ក្រសួងបានប្រកាសថា ខ្លួនកំពុងស្វែងរកការវិនិយោគសម្រាប់ក្លិបនៅ Saudi Pro League ចំនួន ២ ផ្សេងទៀតគឺ Al Najma និង Al Okhdood ផងដែរ៕ ប្រភព ៖ VnExpress
ចែករំលែកព័តមាននេះ