ប្រទេសម៉ិកស៊ិក ៖ បណ្តាអ្នកជំនាញបានប្រាប់សារព័ត៌មាន BBC កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ការធ្វើជាសហម្ចាស់ផ្ទះរបស់ប្រទេសម៉ិកស៊ិក រៀបចំព្រឹត្តិការណ៍ បាល់ទាត់ពិភពលោកឆ្នាំ២០២៦ (FIFA World Cup 2026) អាចនឹងរងផលប៉ះពាល់ដោយការផ្ទុះឡើងអំពើហិង្សារបស់ក្រុមជួញដូរគ្រឿងញៀន ដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។
ក្រុមជួញដូរគ្រឿងញៀន Jalisco New Generation ឬ CJNG ដែលជាអង្គការឧក្រិដ្ឋកម្មដ៏មានឥទ្ធិពល និងគួរឱ្យខ្លាចបំផុតមួយរបស់ប្រទេសម៉ិកស៊ិក បានចូលរួមនៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើងជាមួយនឹងយោធាម៉ិកស៊ិក ដោយមានទាំងការបិទផ្លូវ ដុតយានយន្ត និងហាងលក់ដូរ ដើម្បីឆ្លើយតបនឹងការសម្លាប់មេដឹកនាំរបស់ពួកគេ គឺស្តេចគ្រឿងញៀនដ៏សាហាវ លោក Nemesio Oseguera Cervantes ដែលត្រូវបានស្គាល់រហស្សនាមថា «El Mencho» អំឡុងប្រតិបត្តិការយោធាដ៏កក្រើកប្រទេសម៉ិកស៊ិក។
អំពើហិង្សាបានចាប់ផ្តើមក្នុងរដ្ឋហាលីស្កូ (Jalisco) ភាគកណ្តាល និងខាងលិច ជាកន្លែងដែលស្ថានភាពសន្តិសុខត្រូវបានប្រកាសរឹតបន្តឹងយ៉ាងតឹងរ៉ឹងបំផុត ហើយឥឡូវនេះបានរាលដាលដល់តំបន់យ៉ាងហោចណាស់ ១០ ផ្សេងទៀត ជាមួយខ្សែអាត់វីដេអូបានបង្ហោះតាមអ៊ីនធឺណិត បង្ហាញពីបណ្តាក្រុមខ្មាន់កាំភ្លើងកំពុងអុកឡុកតាមដងផ្លូវ និងផ្សែងហុយខ្មួលខ្មាញ់គ្រប់ដណ្តប់លើទីក្រុងមួយចំនួន។ ហើយយ៉ាងហោចណាស់មន្ត្រីឆ្មាំជាតិចំនួន ២៥ នាក់បានស្លាប់ក្នុងរយៈពេល ២៤ ម៉ោង។
ទីក្រុងហ្គាដាឡាចារ៉ា (Guadalajara) ដែលជារដ្ឋធានីនៃរដ្ឋហាលីស្កូ និងជាជម្រករបស់ប្រជាជនជាង១លាននាក់ បានគ្រោងនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតចំនួន ៤ នៃព្រឹត្តិការណ៍ World Cup ឆ្នាំនេះ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា។ រីឯការប្រកួតចំនួន ៨ ផ្សេងទៀតត្រូវបានគ្រោងទុកនៅទីក្រុងម៉ិកស៊ិក និង ៤ ប្រកួតទៀតនៅទីក្រុងម៉ុងតេរេយ (Monterrey) រដ្ឋនូវ៉ូ លេអុង (Nuevo León)។
យោងតាមរបាយការណ៍ពីសារព័ត៌មានមួយចំនួនបានឱ្យដឹងថា ពលរដ្ឋជាច្រើន ពិសេសអ្នកគាំទ្របាល់ទាត់ពិភពលោកកំពុងតែអំពាវនាវឱ្យលុបចោលការប្រកួត World Cup ឆ្នាំ ២០២៦ នៅក្នុងប្រទេសម៉ិកស៊ិក ចំពេលមានការប៉ះទង្គិចគ្នារវាងក្រុម CJNG និងកងកម្លាំងប្រដាប់អាវុធម៉ិកស៊ិក។ មតិមួយចំនួនក៏ថែមទាំងបានជំរុញឱ្យលើការប្រកួតនៅម៉ិកស៊ិក ទៅរៀបចំនៅសហរដ្ឋអាមេរិក និងកាណាដា ដែលជាសហម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នៅឆ្នាំនេះ។ ដ្បិតការប្រកួតលីគបាល់ទាត់ម៉ិកស៊ិកមួយចំនួន ពិសេសលីគកំពូលត្រូវបានផ្អាករួចទៅហើយ។
មិនទាន់មានសេចក្តីថ្លែងការណ៍ណាមួយពីសហព័ន្ធបាល់ទាត់ពិភពលោក FIFA នៅឡើយទេ ជុំវិញបញ្ហានេះ ខណៈដែល BBC បានព្យាយាមទាក់ទងទៅ FIFA ដើម្បីសុំការអត្ថាធិប្បាយ៕






ចែករំលែកព័តមាននេះ