ប្រទេសអេស្ប៉ាញ ៖ យុវជនបាល់ទាត់ឆ្នើមលំដាប់ពិភពលោក Lamine Yamal បានចេញមកបដិសេធការចោទប្រកាន់ថា រូបគេបានព្យាយាមចែចង់អតីតតារាកុនកូនជ្រូកជនជាតិអេស្ប៉ាញ (ភាពយន្តអាសអាភាស) កញ្ញា Claudia Bavel ដែលមានអាយុបងខ្លួនដល់១២ឆ្នាំ។
ខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិអេស្ប៉ាញ និងក្រុមអ្នកមានបុណ្យ Barcelona វ័យ១៧ឆ្នាំរូបនេះ បានច្រានចោលពាក្យចចាមអារ៉ាមស្នេហាជាមួយ Claudia Bavel តាមរយៈកម្មវិធីទូរទស្សន៍អេស្ប៉ាញ TardeAR ហើយបានអះអាងថា រូបគេគ្មានចំណាប់អារម្មណ៍ចំពោះ Bavel ហើយក៏មិនដែលបានជួបនាងថែមទៀតផង។ នៅពេលដែលអ្នកយកព័ត៌មាន លោក Alex Alvarez បានអះអាងថា Bavel ត្រូវបានគេចោទថា នាងមានគម្រោងជួលអ្នកថតរូប និងលក់រូបការណាត់ជួបគ្នារវាងអ្នកទាំងពីរនោះ Yamal បានច្រានចោលទាំងស្រុងដោយបញ្ជាក់ថាជារឿងមិនអាចទៅរួចទេ ដោយសារគេបច្ចុប្បន្នរស់នៅជាមួយម្តាយដែលមិនអនុញ្ញាតឱ្យអ្នកមិនធ្លាប់ស្គាល់ណាត់ជួបនោះទេ។
ជាការឆ្លើយតប អតីតតារាកុនកូនជ្រូក កញ្ញា Claudia Bavel វ័យ២៩ឆ្នាំ បានប្រើប្រាស់បណ្ដាញសង្គមដែលមានអ្នកតាមដានប្រមាណ ២៥៩,០០០នាក់ ដើម្បីប្រាប់រឿងរបស់នាងថា នាងគ្មានចេតនាចង់បង្ហាញរឿងនេះជាសាធារណៈនោះទេ តែមានអារម្មណ៍បង្ខំឱ្យនាងត្រូវនិយាយរឿងនេះ បន្ទាប់ពី Yamal បាននិយាយពីនាងនៅលើកញ្ចក់ទូរទស្សន៍អេស្ប៉ាញ។ Bavel បានប្រាប់ថា «Yamal អះអាងថារស់នៅជាមួយម្តាយគេ ប៉ុន្តែតាមពិតគេរស់នៅម្នាក់ឯង។ គេនិយាយថា គេបានបដិសេធ និងមិនចាប់អារម្មណ៍លើខ្ញុំ ទាំងដែលគេជាអ្នកចង់ចាប់ផ្តើមទំនាក់ទំនង ហើយទទូចឱ្យមានការណាត់ជួប។ គេបដិសេធថា យើងមិនបានជួបគ្នា បើទោះបីជាឆ្លើយឆ្លងគ្នាតាមបណ្តាញសង្គមជាច្រើនក៏ដោយ»។
ជាមួយគ្នានោះ Bavel ក៏បានសុំឱ្យសាធារណជនឈប់ផ្ញើសារប្រមាថនាងតទៅទៀត។ ព្រោះនាងមិនដែលមានទំនាក់ទំនងស្នេហា ឬណាត់ជួបជាមួយនឹងអនីតិជន ព្រមទាំងមិនដែលគិតចង់មានទំនាក់ទំនង ឬពាក់ព័ន្ធជាមួយបុគ្គលល្បី ឬអ្នកមានលុយចាយមិនអស់នោះទេ។
រឿងមួយនេះមិនទាន់ចប់ត្រឹមនឹងទេ ដោយក្រោយមក Bavel បានបង្ហាញខ្លួននៅកម្មវិធី TardeAR កាលពីពេលថ្មីៗនេះ ដោយបានបញ្ជាក់ម្តងទៀតថា នាងជាអ្នកបដិសេធការណាត់ជួប Yamal ដោយសារតែគេជាអនីតិជន។ នាងក៏បានអះអាងថានឹងរក្សាខ្សែអាត់សំឡេងផ្ញើមកនាងដែលចោទប្រកាន់ថា ពួកគេទាំងពីរអាចមានទំនាក់ទំនងជាមួយគ្នា បើទោះបីជាមានអាយុខុសគ្នាក៏ដោយ។ Bavel បញ្ជាក់ថា ចាប់តាំងពីពេលនោះមក ពួកគេបានឈប់ទាក់ទងគ្នា ប៉ុន្តែកាលពីថ្មីៗនេះ នាងបានចោទប្រកាន់ថា Yamal បានគំរាមនាងឱ្យរក្សាការសម្ងាត់ការសន្ទនាឯកជនរបស់ពួកគេ។
ភាពចម្រូងចម្រាសរវាង Yamal និង Bavel បានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសារព័ត៌មាន Lecturas បានចេញផ្សាយរូបថតអំឡុងវិស្សមកាលរបស់ Yamal នៅកោះ Pantelleria ប្រទេសអ៊ីតាលីជាមួយ Influencer ឈ្មោះ Fati Vazquez អាយុ២៩ឆ្នាំ។ អ្នកទាំងពីរត្រូវបានគេប្រទះឃើញជិះម៉ូតូទឹកជាមួយគ្នា ដែលបានបង្កឱ្យមានពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហា។ ប៉ុន្តែក្រោយមកទាំង Yamal និង Vazquez បានបដិសេធទាំងស្រុង។ ដោយ Yamal បានអះអាងថា គេកំពុងសម្រាកវិស្សមកាល ជាមួយមិត្តរួមក្រុម Barcelona ជាច្រើននាក់ មិនមែនតែ Vazquez ម្នាក់ឯងនោះទេ។ តាមរយៈពាក្យចចាមអារ៉ាមនេះ Vazquez ក៏បានអះអាងថា នាងទទួលការគំរាមកំហែង និងប្រមាថដល់អាយុជីវិតថែមទៀតផង។
សូមជម្រាបថា ខ្សែប្រយុទ្ធ Lamine Yamal ទើបតែបញ្ចប់រដូវកាលដ៏លេចធ្លោជាមួយ Barcelona ដោយឈ្នះពានរង្វាន់ La Liga, Spanish Super Cup និង Copa del Rey ហើយកំពុងក្លាយបេក្ខភាពដ៏លេចធ្លោក្នុងការប្រជែងពានរង្វាន់កីឡាករឆ្នើមបំផុត Ballon d’Or ឆ្នាំ២០២៥ផងដែរ៕ ដកស្រង់ ៖ VnExpress
ចែករំលែកព័តមាននេះ