រាជធានីភ្នំពេញ ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក និងអត្តពលិកមុនចេញទៅប្រកួតកីឡាស៊ីហ្គេមនៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៥ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានគិតគូរយ៉ាងល្អិតល្អន់ចំពោះការសម្រេចចិត្តបញ្ជូនអត្តពលិកទៅចូលរួមព្រឹត្តិ ការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ២០២៥ នៅប្រទេសថៃ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កីឡាស៊ីហ្គេម ជាព្រឹត្តិការណ៍កីឡារបស់ អាស៊ាន ដែលមានគណៈកម្មការកីឡាអាស៊ាន ជាអ្នកត្រួតពិនិត្យ ។ ដូច្នេះប្រសិនបើយើងមិនទៅនឹងប៉ះពាល់ដល់កិត្តិយសអាស៊ាន។ ថៃមិនមានសិទ្ធិណាមួយក្នុងការសម្រេចឱ្យយើងចូលរួម ឬមិនចូលរួមនោះទេ ។
យើងដឹងហើយថា ការសម្រេចចិត្តនេះពិបាក តែក៏យល់ឃើញថា ម្ចាស់ផ្ទះត្រូវមានកាតព្វកិច្ចថែរក្សាសុវត្ថិភាពរបស់ប្រតិភូកីឡា ។ អ៊ីចឹងប្រសិនបើ កីឡាករ កីឡាការិនីកម្ពុជា រងការវាយប្រហារ នឹងបាក់មុខម្ចាស់ផ្ទះ ។ ប៉ុន្តែទន្ទឹមនោះ ក៏យើងយកចិត្តទុកដាក់ដែរ ក្រុមមួយៗ សូមតែងតាំងអ្នកទទួលបន្ទុកសន្តិសុខ នរណាចេញទៅណាសូមឱ្យមានការទាក់ទង មានលេខទូរសព្ទ នរណាចេញទៅក្រៅ សូមចេញជាក្រុម ។ ដូច្នេះសូមឱ្យមានមន្ត្រីសន្តិសុខ និងមន្ត្រីសម្របសម្រួលមានទូរសព្ទ និងមានឈ្មោះ មានចុះវត្តមានប្រចាំថ្ងៃ។ យើងបានថ្លឹងថ្លែងមុនសម្រេចចិត្តដើម្បីផលប្រយោជន៍ជាតិ និងកិត្តិយសជាតិ។
យើងនឹងចាត់វិធានការតឹងរឹុង ដើម្បីការពារសុវត្ថិភាព។
គួរបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្រុមអត្តពលិកចំនួន២១ ប្រភេទ
កីឡារបស់កម្ពុជា នឹងចូលរួមប្រកួតប្រជែងក្នុង ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងការចូលរួមព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះកម្ពុជាសម្រេចបញ្ជូន ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន៣៣៣រូប។
សម្រាប់ប្រភេទកីឡាទាំង២១ដែលកម្ពុជាត្រូវប្រកួតប្រជែងមាន អត្តពលកម្ម ហែលទឹក ជិះសេះ គុនដាវ កាយសម្ព័ន្ធ យូដូ តេក្វាន់ដូ WT ទ្រីយ៉ាត្លុង បាល់ទះ បាល់ទាត់ ចំបាប់ បញ្ចស៊ីឡាត់ ឃីកបុកស៊ីង ប៉េតង់ សីដក់ ម៉ូតូទឹក ការ៉ាតេ ជឺជីតស៊ូ វូស៊ូ បាល់ទាត់លើតុ និងកីឡាអេឡិចត្រូនិក ៕



ចែករំលែកព័តមាននេះ