ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​ថៃ​បារម្ភ​ខ្លាំង ខណៈ​កីឡដ្ឋាន​ស៊ី​ហ្គេ​ម​លើក​ទី៣៣ លិចល.ង់​ដោយ​គ្រោះ​ទឹកជំនន់

5 ម៉ោង មុន

ប្រទេស​ថៃ ៖ ភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល​យូរ​បណ្តាល​ឱ្យ​មាន​ទឹកជំនន់​នៅ​ឯ​ភាគ​ខាងត្បូង​ប្រទេស​ថៃ កំពុង​តែ​បង្កើន​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​អំពី​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី ៣៣ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​។ យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន​វៀតណាម Znews កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា…

ប្រទេស​ថៃ ៖ ភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល​យូរ​បណ្តាល​ឱ្យ​មាន​ទឹកជំនន់​នៅ​ឯ​ភាគ​ខាងត្បូង​ប្រទេស​ថៃ កំពុង​តែ​បង្កើន​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​អំពី​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី ៣៣ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​។

យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន​វៀតណាម Znews កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយ​ស្រង់​ប្រភព​ពីសារព័ត៌មាន Astro បានឱ្យ​ដឹង​ថា ទីលានកីឡា​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង​សុង​ក្លា (Songkhla) ខេត្ត​សុង​ក្លា បាន​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ផល​ប៉ះពាល់​នៃ​គ្រោះ​ទឹកជំនន់​។

ពិសេស ពហុ​កីឡដ្ឋាន ទិន ស៊ូ​ឡា​ណុ​ន (Tinsulanon) ដែល​គ្រោង​នឹង​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​បាល់ទាត់​ផ្នែក​បុរស ក៏​ត្រូវ​បាន​លិចលង់​ផង​ដែរ​។ រូបភាព និង​របាយការណ៍​ពី​កន្លែង​កើតហេតុ​បាន​បង្ហាញ​ថា ទីលាន និង​តំបន់​ជុំវិញ​នោះ ត្រូវ​បាន​ជន់​លិច គំរាមកំហែង​ដល់​ការ​ជួសជុល និង​ការ​រៀបចំ​ទីលាន​ស្មៅ​ទាន់​ពេលវេលា សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ខែ​ក្រោយ​។

លើស​ពី​នេះ​ទៀត ទីលាន​សម្រាប់​ការ​ប្រកួត​កីឡា​មួយ​ថៃ (Muay Thai) និង បញ្ច​សិលា (Pencak Silat) នៅ​មជ្ឈមណ្ឌល​កីឡា ភូ ឃ្លាំង​ខាវ (Phru Khang Khao) និង ជី​រ៉ា​ណា​ខុន (Chira Nakhon Sports Complex) ក៏​រង​ផល​ប៉ះពាល់​ស្រ​ដៀង​គ្នា​ដែរ​។ ទីលាន​ទាំង ២ ត្រូវ​បាន​រាយការណ៍​ពី​ទឹកជំនន់​ក្នុង​តំបន់​សំខាន់​មួយ​ចំនួន ដែល​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ផ្លាស់​ទី​ឧបករណ៍ ដំណើរការ​ត្រួតពិនិត្យ​សុវត្ថិភាព និង​ការ​រៀបចំ​កន្លែង​ផ្សេង​ទៀត​។

បច្ចុប្បន្ន អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​គណៈកម្មាធិការ​រៀបចំ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី ៣៣ កំពុង​សម្របសម្រួល​ដោះស្រាយ​បន្ទាន់ ដើម្បី​ជំនះ​ផលវិបាក រួម​ទាំង​ការ​បូមទឹក​ចេញ ការ​ត្រួតពិនិត្យ​រចនាសម្ព័ន្ធ​អគារ និង​វាយតម្លៃ​កម្រិត​សុវត្ថិភាព​នៃ​ពហុ​កីឡដ្ឋាន​នីមួយ​ៗ​។ លើស​ពី​នេះ​ទៀត ផែនការ​បន្ទាន់​សម្រាប់​ការ​ផ្លាស់​ប្តូរ​ទីកន្លែង​ប្រកួត ឬ​កែសម្រួល​កាលវិភាគ​ប្រកួត ក៏​កំពុង​ត្រូវ​បាន​ពិភាក្សា​ផង​ដែរ ដើម្បី​ធានា​ថា ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី ៣៣ ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោងទុក​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឬ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣៣ តាម​ការ​គ្រោងទុក​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​២០ ខែធ្នូ នៅ​ទូ​ទាំង​ទីក្រុង​ចំនួន ៣ របស់​ប្រទេស​ថៃ រួម​មាន ៖ ទីក្រុង​បាងកក សុង​ក្លា និង​ឈុ​ន​បុរី​។ អត្ត​ព​លិ​ក​ប្រមាណ ១២,៥០០​នាក់​មក​ពី​ប្រទេស​អាស៊ី​អាគ្នេយ៍​ចំនួន ១១ ត្រូវ​បាន​រំពឹង​ថា​នឹង​ប្រកួតប្រជែង​នៅ​ក្នុង​វិញ្ញាសា​ចំនួន ៥៧៤ ចេញពី​កីឡា​សរុប​ចំនួន ៥០ ប្រភេទ​៕ ប្រភព ៖ Znews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ