ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ចេញ​ច្បាប់​ថ្មី​ការពារ​កីឡាករ​-​កីឡាការិនី​អាយុ​១៥-១៦​ឆ្នាំ​ចុះ​ក្រោម ពេល​ឡើង​សង្វៀន​ប្រកួត

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ដែល​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ កាន់តែ​មាន​ភាព​រីក​ចម្រើន​ខ្លាំង សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​បង្កើត​ច្បាប់​ថ្មី​មួយទៀត កាលពី​ពេល​ថ្មី​នេះ បាន​ណែនាំ​ទៅ​ដល់​កីឡាករ​-​កីឡាការិនី ដែល​មាន​អាយុ​ត្រឹម​១៥-១៦​ឆ្នាំ​ចុះ​ក្រោម មុន​ពេល​ឡើង​សង្វៀន​ប្រកួត ត្រូវ​គោរព​ឱ្យ​បាន​តាម​បទបញ្ជា​បច្ចេកទេស​ត្រឹមត្រូវ…

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ដែល​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ កាន់តែ​មាន​ភាព​រីក​ចម្រើន​ខ្លាំង សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​បង្កើត​ច្បាប់​ថ្មី​មួយទៀត កាលពី​ពេល​ថ្មី​នេះ បាន​ណែនាំ​ទៅ​ដល់​កីឡាករ​-​កីឡាការិនី ដែល​មាន​អាយុ​ត្រឹម​១៥-១៦​ឆ្នាំ​ចុះ​ក្រោម មុន​ពេល​ឡើង​សង្វៀន​ប្រកួត ត្រូវ​គោរព​ឱ្យ​បាន​តាម​បទបញ្ជា​បច្ចេកទេស​ត្រឹមត្រូវ ។

យោង​តាម​ស្មារតី​អង្គប្រជុំ គណៈ​អចិ​ន្តៃ​យ៍ និង​ដៃគូ​អភិវឌ្ឍ កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដើម្បី​រក្សា​សុវត្ថិភាព សុខភាព គុណ​ផល និង​ភាព​ត្រឹមត្រូវ សុ​ក្រិ​ត្យ​ភាព យុត្តិធម៌​ជូន​ដល់​កីឡាករ កីឡាការិនី នៅ​ក្នុង​ការ​ប្រកួត សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​ធ្វើការ​ណែនាំ ទៅ​ដល់​កីឡាករ កីឡាការិនី ដែល​មាន​អាយុ​ក្រោម​១៦​ឆ្នាំ មិន​អនុញ្ញាត​ឱ្យ​ប្រកួត ដោយ​ប្រើ​ស្រោមដៃ​(​ហ្គ​ង់​)​ចេញ​ម្រាម ឬ​អំបោះឆៅ​ឡើយ​។ ជា​ពិសេស​កីឡាករ កីឡាការិនី ដែល​មាន​អាយុ​ក្រោម​១៥​ឆ្នាំ ពេល​ប្រកួត ត្រូវ​តែ​ពាក់​ប្រដាប់​ការពារ​ក្បាល និង​កែ​ដៃ ។

នៅ​ក្នុង​បទបញ្ជា បច្ចេកទេស​គ្រប់គ្រង​ការ​ប្រកួត​នេះ​ទៀត បាន​បញ្ជាក់​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា ចំពោះ​កីឡាករ កីឡាការិនី ដែល​ត្រូវ​បានដៃ​គូប្រកួត​វាយ​ចំ​ប្រដាប់​ការពារ​(​ភេ​.​ទ​) ពេល​កំពុង​ប្រកួត អាជ្ញាកណ្ដាល ត្រូវ​ពិចារណា​ទៅ​លើ​ស្ថានភាព​ធ្ងន់ ឬ​ស្រាល​។ បើ​ស្ថានភាព​ធ្ងន់ ត្រូវការ​សម្រាក​សម្រួល​ឱ្យ​កីឡាករ កីឡាការិនី​នោះ​វិល​មក​ស្ថានភាព​ប្រក្រតី​វិញ អាជ្ញាកណ្ដាល ត្រូវ​ផ្អាក​ការ​ប្រកួត​ផ្ដល់​សញ្ញា​ទៅ​ឱ្យ​គណៈវិនិច្ឆ័យ និង​មន្ត្រី​រក្សា​ថិរវេលា សម្រាក​រយៈពេល​២​នាទី​។ ហើយ​ប្រសិនបើ សម្រាក​សម្រួល​រយៈពេល​២​នាទី លើក​ទី​១ មិន​ទាន់​ស្រួល មិន​អាច​ប្រកួត​តទៅ​ទៀត​បាន អាជ្ញាកណ្ដាល ត្រូវ​សម្រាក​សម្រួល​រយៈពេល​២​នាទី​ទៀត ជា​លើក​ទី​២​។ ហើយ​មុន​ចប់​រយៈពេល​២​នាទី លើក​ទី​២ បើ​នៅ​តែ​មិន​អាច​ប្រកួត​បាន អាជ្ញាកណ្ដាល ពិនិត្យ​មើល​លើ​វី​ដេ​អូ​យឺត​ៗ អំពី​ស្ថា​ប​ភាព​វាយ​ត្រូវ​ប្រដាប់​ករពារ​ភេ​.​ទ និង​ពិភាក្សា​ជាមួយ​គណៈវិនិច្ឆ័យ ត្រៀម​វិនិច្ឆ័យ​សម្រេច​លទ្ធផល នៃ​ការ​ប្រកួត​។ ជា​ពិសេស​អាជ្ញាកណ្ដាល ត្រូវ​រាប់​តាម​និ​តិ​វិធី និង​ធ្វើការ​សម្រេច​លទ្ធផល ដែល​បាន​ពិភាក្សា​ជាមួយ​គណៈវិនិច្ឆ័យ ផ្នែក​ទី​១៧ ចំណុច​ទី​១០ ។

សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ សង្ឃឹម​យ៉ាង​មុតមាំ ថា ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ប្រធាន​សមាគម​ក្លឹ​ប​កីឡាករ កីឡាការិនី មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម​កីឡាប្រដាល់​គុន​ខ្មែរ អនុវត្ត​បាន​ត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ