ប្រទេសថៃ ៖ អ្នករៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣៣ កំពុងរៀបចំផែនការឆ្លើយតប និងតាមដានយ៉ាងដិតដល់នូវស្ថានភាពទឹកជំនន់ក្នុងខេត្តសុងក្លា ដើម្បីពិចារណាកែសម្រួលផ្លាស់ប្តូរទីតាំងប្រកួតតាមការសមស្រប។ នេះបើតាមប្រភពពីទីភ្នាក់សារព័ត៌មានថៃ (TNA) ចេញផ្សាយនៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោក Chalitrat Chantrubeksa អគ្គលេខាធិការរងនៃគណៈកម្មាធិការអូឡាំពិកជាតិថៃ បានធ្វើអត្ថាធិប្បាយលើវឌ្ឍនភាពនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅខែក្រោយ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខេត្ត/ក្រុងសំខាន់ៗចំនួន ៣ គឺ ទីក្រុងបាងកក ខេត្តឈុនបុរី និងសុងក្លា។ ទោះយ៉ាងណាក៏ដោយ ទាក់ទងនឹងគ្រោះទឹកជំនន់ដ៏អាក្រក់នៅខេត្តសុងក្លា អ្នករៀបចំកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាព និងជួបប្រជុំគ្នា ដើម្បីបង្កើតផែនការឆ្លើយតបសម្រាប់ការផ្លាស់ប្តូរទីតាំងប្រកួតទៅកាន់ខេត្ត/ក្រុងម្ចាស់ផ្ទះពីរទៀត គឺ ទីក្រុងបាងកក និងខេត្តឈុនបុរី។
លោកវេជ្ជបណ្ឌិត Kongsak Yodmanee អភិបាលនៃអាជ្ញាធរកីឡាថៃ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានថៃថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមកំពុងត្រូវបានតាមដាន និងវាយតម្លៃយ៉ាងដិតដល់។ ទោះយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា ខេត្តសុងក្លានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដូចធម្មតា ប្រសិនបើស្ថានភាពប្រសើរឡើងទាន់ពេលវេលា។ លោកបានបន្ថែមថា លោកនឹងពិចារណាផ្លាស់ប្តូរទីតាំងប្រកួត ប៉ុន្តែនឹងរក្សាវាស្ថិតនៅក្នុងខេត្តសុងក្លាដដែល។ លោកសង្ឃឹមថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនឹងបម្រើជាឧបករណ៍ដើម្បីជំរុញសេដ្ឋកិច្ច និងធ្វើឱ្យខេត្តសុងក្លារស់ឡើងវិញ បន្ទាប់ពីវិបត្តិបច្ចុប្បន្ន។
ខេត្តសុងក្លា ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាសរុបចំនួន ១០ ប្រភេទ ដណ្តើមមេដាយមាសសរុបចំនួន ១០៩ គ្រឿង រួមមានកីឡាប្រដាល់ បញ្ចសិលា (Pencak silat) បាល់ទាត់បុរស អុក យូដូ កីឡា Kabaddi ការ៉ាតេ ចំបាប់ ប៉េតង់ និងវ៉ូស៊ូ។ បច្ចុប្បន្នប្រដាល់គឺជាកីឡាតែមួយគត់ ដែលបានផ្លាស់ប្តូរទីតាំងប្រកួតពីពហុកីឡដ្ឋានភាគខាងត្បូងទីក្រុងទៅកាន់មជ្ឈមណ្ឌលសន្និបាតអន្តរជាតិសាកលវិទ្យាល័យសុងក្លា។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ឬកីឡាស៊ីហ្គេមលើកទី៣៣ តាមការគ្រោងទុកនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ នៅទូទាំងទីក្រុងចំនួន ៣ របស់ប្រទេសថៃ រួមមាន ៖ ទីក្រុងបាងកក សុងក្លា និងឈុនបុរី។ អត្តពលិកប្រមាណ ១២,៥០០នាក់មកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១១ ត្រូវបានរំពឹងថានឹងប្រកួតប្រជែងនៅក្នុងវិញ្ញាសាចំនួន ៥៧៤ ចេញពីកីឡាសរុបចំនួន ៥០ ប្រភេទ៕ ប្រភព ៖ TNA





ចែករំលែកព័តមាននេះ