ខេត្តកែប ៖ កម្មវិធីកីឡាដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីកីឡា(Sport for All)គឺជាកម្មវិធីប្រចាំឆ្នាំមួយរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងគោលបំណងបំផុសដល់ស្រទាប់យុវវ័យក៏ដូចជាប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ឱ្យស្គាល់និងលើកកម្ពស់ការយល់ដឹងពីសកម្មភាពអប់រំកាយនិងកីឡាដែលមិនមែនជាប្រភេទកីឡាជំនាញ បានធ្វើដំណើរមកដល់ខេត្តកែបហើយ។
ឯកឧត្តមប៊ុយ សុភ័ណ្ឌទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាមួយនឹងផែនការប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រុមការងារបានធ្វើដំណើរមកដល់ខេត្តកែបដើម្បីរៀបចំកម្មវិធីកីឡាសម្រាប់ទាំងអស់គ្នា(Sport for All)ជាកម្មវិធីជំនួយឧបត្ថម្ភសាមគ្គីអូឡាំពិក ។ ថ្ងៃដំបូងនេះ យើងរៀនពីគុណតម្លៃរបស់អូឡាំពិក ប្រវត្តិអូឡាំពិក និងប្រវត្តិទស្សនវិជ្ជារបស់អូឡាំពិក មានការវិវត្តតាំងពីសម័យបូរាណមកដល់សម័យទំនើប ស្របទៅនឹងការផ្សព្វផ្សាយនូវយុទ្ធនាការរបស់រាជរដ្ឋាភិបាលយុវជនម្នាក់លេងកីឡាឱ្យបានមួយប្រភេទប្រចាំជីវិត។
ឯកឧត្តមបានបន្តថា សម្រាប់ដំណើរបេសកកម្មនេះធ្វើឡើងរយៈពេល២ថ្ងៃគឺនៅថ្ងៃទី២៧-២៨
ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ថ្ងៃដំបូងមានបង្រៀនអំពីគុណតម្លៃរបស់អូឡាំពិក និងថ្ងៃបន្ទាប់បង្រៀនពីសកម្មភាពកីឡាដើម្បីទាំងអស់គ្នានៅក្នុងពហុកីឡដ្ឋានខេត្តកែប ។ សម្រាប់និយមន័យនៃការលេងកីឡាដើម្បីទាំងអស់គ្នា សំដៅទៅលើសកម្មភាពអប់រំកាយ សកម្មភាពហាត់ប្រាណឬកីឡាដើម្បីផ្សព្វផ្សាយទៅដល់យុវជនក៏ដូចប្រជាពលរដ្ឋចូលរួមលេងទាំងអស់គ្នា ដែលមិនផ្ដោតទៅលើកីឡាជំនាញឬការប្រកួតនោះទេ ផ្ដោតទៅលើយុវជន និងប្រជាពលរដ្ឋធ្វើលំហាត់ប្រាណស្របទៅតាមចក្ខុវិស័យរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ គឺកសាងពិភពលោកប្រកបដោយសន្តិភាពតាមរយៈការផ្សព្វផ្សាយកីឡា។
សម្រាប់កម្មវិធីលេងកីឡាដើម្បីទាំងអស់គ្នានៅខេត្តកែបឆ្នាំនេះ នៅថ្ងៃទី២៧ វិច្ឆិកា យើងបង្រៀនអំពីប្រវត្តិនៃការកកើតនៃចលនាអូឡាំពិក និងទស្សនវិជ្ជានិងគុណតម្លៃនៃអូឡាំពិកដែលមានសិស្សានុសិស្សប្រមាណជា២០០នាក់មកពីវិទ្យាល័យខេត្តកែប ធ្វើនៅក្នុងមន្ទីរអប់រំយុវជននិងកីឡាខេត្តកែប។ នៅថ្ងៃទី២៨ វិច្ឆិកា យើងរៀបចំសកម្មភាពកីឡាសុទ្ធតែម្ដង ដែលមានដូចជាបាល់ទាត់ បាល់ទះ បាល់បោះ និងទាញព្រ័ត្រដែលជាប្រភេទកីឡាប្រពៃណីរបស់ខ្មែរ រួមជាមួយកីឡាជាច្រើនប្រភេទទៀត៕


ចែករំលែកព័តមាននេះ