រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា(NOCC) និងក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជូនដំណឹងស្តីពីការដកចេញមិនចូលរួមប្រកួត៨ប្រភេទកីឡា ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ពីថ្ងៃទី០៩-២០ ខែធ្នូ ឆ្នាំ២០២៥។
នៅក្នុងលិខិតផ្លូវការមួយចុះថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២៥ ផ្ញើជូនលោក Dato’ Seri Chaiyapak Siriwat នាយកប្រតិបត្តិសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ពីការជូនដំណឹងអំពីការដកខ្លួនចេញប្រភេទកីឡាចំនួន៨របស់កម្ពុជា ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ពីថ្ងៃទី០៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៥។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) ដែលបានបន្តដឹកនាំរបស់ខ្លួន និងគណៈកម្មាធិការរៀបចំស៊ីហ្គេមរបស់ប្រទេសថៃ (THASOC) ចំពោះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងមុតមាំក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម ។ NOCC ជូនដំណឹងជាផ្លូវការដល់ SEAGF ថា កម្ពុជានឹងចូលរួមប្រកួតតែលើ១៣ប្រភេទកីឡា ដោយសម្រេចដកខ្លួនចេញពីការប្រកួតចំនួន ៨ប្រភេទកីឡា។
លិខិតដដែលបញ្ជាក់ថា ការកែតម្រូវនេះត្រូវបានធ្វើឡើងដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពសំខាន់ៗ ដែលបង្កបញ្ហាប្រឈមក្នុងការធានាសុវត្ថិភាព និងការការពារអត្តពលិក និងមន្ត្រីរបស់យើង។ ទោះបីជាមានការកាត់បន្ថយចាំបាច់នេះក៏ដោយ ក៏កម្ពុជានៅតែប្តេជ្ញារក្សាការចូលរួមរបស់ខ្លួននៅក្នុងកីឡា ដែលលក្ខខណ្ឌអនុញ្ញាតឱ្យមានការចូលរួមប្រកបដោយសុវត្ថិភាព។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយល់ដឹង និងកិច្ចសហប្រតិបត្តិការរបស់ SEAGF និងTHASOC។
ជាចុងក្រោយ យើងសូមអបអរសាទរយ៉ាងកក់ក្តៅចំពោះទាំង SEAGF និង THASOC សម្រាប់ការរៀបចំដែលកំពុងដំណើរការ ហើយយើងបង្ហាញពីទំនុកចិត្តទាំងស្រុងរបស់យើងចំពោះអង្គការជោគជ័យសម្រាប់ស៊ីហ្គេម ២០២៥។
ប្រភព NOCC បានគូសបញ្ជាក់ថា ដោយសារការគិតគូរខ្ពស់ពីសុវត្ថិភាពកីឡាករ និងកីឡាការិនីជាអាទិភាពចម្បងបំផុត និងធានាបានការចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ពិសេសទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាលបានសម្រេចជាចុងក្រោយកាត់បន្ថយហានិភ័យជាអតិបរមា ដោយរៀបចំកាត់បន្ថយចំនួនប្រភេទកីឡា ដែលប្រកួតនៅសុងក្លា តំបន់ទឹកជំនន់ចេញ និងកីឡាមួយចំនួនទៀត។
បច្ចុប្បន្នប្រតិភូកីឡាកម្ពុជាសរុបមានចំនួនតែ ១៥០នាក់ ក្នុង១៣ប្រភេទកីឡាតែប៉ុណ្ណោះ ។ នេះជាស្មារតីបុរេសកម្ម និងការសម្រេចចិត្តដ៏លំបាករបស់ថ្នាក់ដឹកនាំ ដើម្បីធានាឱ្យមានការចូលរួមផង និងធានាសុវត្ថិភាពខ្ពង់ដល់ប្រតិភូកីឡាកម្ពុជាផង។ សង្ឃឹមថា បងប្អូនជនរួមជាតិយោគយល់ អធ្យាស្រ័យខ្ពង់ចំពោះការសម្រេចចិត្តដ៏លំបាកនេះ។
គួរបញ្ជាក់ជូនថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានប្រកាសថា នឹងបញ្ជូនប្រតិភូកីឡាសរុប ៣៣៣នាក់ លើ២១កីឡាចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ។ ប៉ុន្ដែក្រោយការសម្រេចចិត្តចុងក្រោយ ដើម្បីធានាបាននូវសុវត្ថិភាព និងកាត់បន្ថយហានិភ័ជាអតិបរមាកីឡា៨ប្រភេទត្រូវបានកាត់ចេញរួមមាន៖ បាល់ទាត់ (បុរស-នារី) យូដូ ការ៉ាតេ បញ្ចសីឡាត់ ប៉េតង់ ចំបាប់ វូស៊ូ និងសីដក់។
សម្រាប់ប្រភេទកីឡានៅសល់១៣ប្រភេទកីឡា ដែលត្រៀមបញ្ជូនទៅចូលរួមប្រកួត រួមមាន៖ កីឡាហែលទឹក អត្តពលកម្ម គុនដាវ បាល់ទះ កាយសម្ព័ន្ធ ជឺជីតស៊ូ កីឡាអេឡិចត្រូនិក ឃីកបុកស៊ី តេក្វាន់ដូ-WT ជិះសេះ ម៉ូតូទឹក ទ្រីយ៉ាត្លុង និងទាត់បាល់លើតុ ៕


ចែករំលែកព័តមាននេះ