តាមប្រភពពីបណ្តាប្រព័ន្ធផ្សព្វផ្សាយព័រទុយហ្គាល់ រួមទាំងកាសែត Jornal da Madeira រាយការណ៍ថា Cristiano Ronaldo ខ្សែប្រយុទ្ធឆ្នើមក្រុម Al Nassr នៅលីគកំពូលអារ៉ាប៊ីសាអូឌីត (Saudi Pro League) នឹងរៀបចំពិធីមង្គលការនៅរដូវក្តៅ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ (World Cup 2026) ដែលយើងនឹងបានឃើញខ្សែប្រយុទ្ធវ័យ៤០ឆ្នាំរូបនេះ បន្តពាក់ស្លាកប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ សម្រាប់ការប្រកួតដែលសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកធ្វើជាស់ផ្ទះរួមគ្នា។ ដ្បិត World Cup ឆ្នាំក្រោយ នឹងក្លាយជាការប្រកួតចុងក្រោយរបស់កីឡាកររូបនេះ នៅក្នុងពានរង្វាន់បាល់ទាត់ធំបំផុតមួយនេះ។
ទីតាំងត្រូវបានជ្រើសរើស សម្រាប់ពិធីដ៏សំខាន់របស់អតីតខ្សែប្រយុទ្ធឆ្នើមក្រុម Sporting Lisbon Manchester United Real Madrid និង Juventus រូបនេះ គឺនៅក្នុងព្រះវិហារកាតូលិក Funchal ដ៏ចំណាស់ជាងគេអាយុកាល ៥១១ ឆ្នាំ ស្ថិតនៅក្នុងតំបន់ Madeira ដែលជាស្រុកកំណើត Ronaldo។
បើកសម្ពោធនៅក្នុងឆ្នាំ ១៥១៤ ព្រះវិហារ Funchal សាងសង់ឡើងដោយរលេចជាមួយ ចម្លាក់ដ៏អស្ចារ្យ និងត្រូវបានចាត់ទុកជាបេះដូងសាសនានៃតំបន់ Madeira។ ពិធីមង្គលការនេះ សំខាន់ជាពិសេសសម្រាប់ Ronaldo ដោយសារតែព្រះវិហារមានទីតាំងស្ថិតនៅចម្ងាយប្រហែល ៣ គីឡូម៉ែត្រប៉ុណ្ណោះពីមន្ទីរពេទ្យដែលរូបគេបានកើតក្នុងឆ្នាំ ១៩៨៥។ មិនតែប៉ុណ្ណោះ សាលាបាល់ទាត់ថ្នាលដែលរបស់ Ronaldo ចូលហ្វឹកហាត់ Nacional da Madeira ក៏នៅក្បែរទីនោះផងដែរ។
Ronaldo និង Georgina បានជួបគ្នាជាលើកដំបូងនៅឆ្នាំ ២០១៦ នៅពេលដែលនាងកំពុងបម្រើការងារផ្នែកលក់នៅហាង Gucci ក្នុងប្រទេសអេស្ប៉ាញ។ បច្ចុប្បន្នគូស្នេហ៍១គូនេះ មានកូនពីរនាក់ជាមួយគ្នាគឺ Alana អាយុ៧ឆ្នាំ និង Bella អាយុ៣ឆ្នាំ ព្រមទាំងកូន៣នាក់របស់ Ronaldo តាមរយៈការពពោះជំនួសគឺ Cristiano Jr. អាយុ ១៥ ឆ្នាំ និងកូនភ្លោះ Mateo និង Eva Maria អាយុ ៨ ឆ្នាំ។
ចែករំលែកព័តមាននេះ