ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo រកបាន​ជិត​៥០០​លាន​ដុល្លារ​ពី​កុងត្រា​ថ្មី​រយៈពេល​២​ឆ្នាំ​ជាមួយ​ក្លិប Al Nassr

7 ម៉ោង មុន

ទីក្រុង​រី​យ៉ា​ដ ៖ កីឡាករ​បាល់ទាត់​ឆ្នើម Cristiano Ronaldo បាន​សម្រេច​ចុះហត្ថលេខា​លើ​កុងត្រា​ថ្មី​រយៈពេល​ពីរ​ឆ្នាំ​បន្ថែម​ទៀត​ជាមួយ​ក្លិប Al Nassr ដែល​មាន​ន័យ​ថា ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ…

ទីក្រុង​រី​យ៉ា​ដ ៖ កីឡាករ​បាល់ទាត់​ឆ្នើម Cristiano Ronaldo បាន​សម្រេច​ចុះហត្ថលេខា​លើ​កុងត្រា​ថ្មី​រយៈពេល​ពីរ​ឆ្នាំ​បន្ថែម​ទៀត​ជាមួយ​ក្លិប Al Nassr ដែល​មាន​ន័យ​ថា ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ នឹង​បន្ត​អាជីព​នៅ​លី​គ​កំពូល​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​រហូត​ដល់​អាយុ​៤២​ឆ្នាំ​។

កុងត្រា​បច្ចុប្បន្ន​របស់​កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់វ័យ​៤០​ឆ្នាំ ដែល​បាន​ផ្លាស់​មក​ចូលរួម​ជាមួយ​ក្លិប Al Nassr ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​រី​យ៉ា​ដ (Riyadh) កាលពី​ខែធ្នូ ឆ្នាំ​២០២២ បន្ទាប់​ពី​ចាក​ចេញពី​ក្លិប Manchester United រូប​នេះ នឹង​អស់​សុពលភាព​នៅ​ចុងខែ​មិថុនា​នេះ​ផ្ទាល់​តែ​ម្តង ហើយ​ការ​សម្រេច​បន្ត​កុងត្រា​ថ្មី​នេះ ដើម្បី​បិទ​បញ្ចប់​ការ​រំពឹង​ទុក​ថា Ronaldo អាច​នឹង​ចាក​ចេញពី​ទឹកដី​អា​រ៉ា​ប៊ី​សា​អូឌីត​។

បើ​យោង​តាម​ប្រភព​ពី​កាសែត The Sun បាន​លាតត្រដាង​ពី​កិច្ចព្រមព្រៀង​ថ្មី Ronaldo ថា Ronaldo នឹង​ទទួល​បាន​ថ្លៃ​ពលកម្ម​រហូត​ដល់​១៧៨​លាន​ផោន ឬ ២៤៥​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំ​ពី​ក្លិប Al Nassr មាន​ន័យ​ថា អតីត​ខ្សែប្រយុទ្ធ​ឆ្នើម Sporting Lisbon, Manchester United, Real Madrid និង Juventus រូប​នេះ​នឹង​រកបាន ៤៨៨ ០០០​ផោន ឬ ៦៧០ ០០០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ដូច្នេះ​ត្រឹមតែ​២​ថ្ងៃ Ronaldo អាច​រកបាន​ជាង ១,៣​លាន​ដុល្លារ​បាត់​ទៅ​ហើយ​។

លើស​ពី​នេះ​ទៀត កាសែត The Sun បាន​បន្ត​ថា ថ្លៃ​ពលកម្ម​របស់​កីឡាករ Ronaldo នឹង​កើនឡើង​ថែម​ទៀត ប្រសិនបើ​រូបគេ​បន្ត​លេង​ដល់​ឆ្នាំ​ទី​២ នៃ​កុងត្រា​ថ្មី​រយៈពេល​២​ឆ្នាំ​របស់​ខ្លួន​ជាមួយ Al Nassr​។ ប្រភព​ដដែល​ក៏​បាន​អះអាង​បន្ថែម​ទៀត​ថា ក្លិប Al Nassr បាន​ផ្តល់​ឱ្យ Roanldo នូវ​ចំណែក​ភាគហ៊ុន ១៥% នៅ​ក្នុង​ក្លិប​ដែល​មាន​តម្លៃ ៣៣​លាន​ផោន ឬ ៤៥​លាន​ដុល្លារ ដោយ​ពួក​គេ​សង្ឃឹមថា Ronaldo នឹង​ក្លាយជា​ឯកអគ្គរាជទូត​របស់​ក្លិប​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ​។

ចាប់​តាំង​បង្ហាញខ្លួន​លើ​ទីលាន​ជា​លើក​ដំបូង​ជាមួយ Al Nassr កាលពី​ខែមករា ឆ្នាំ​២០២៣ រហូត​មក​ទល់​ពេល​នេះ Ronaldo ស៊ុត​បញ្ចូល​ទី​បាន ៩៩​គ្រាប់​ពី​ការ​បង្ហាញខ្លួន​ចំនួន ១១១​ប្រកួត ដោយ​ជួយ​ក្រុម​ឈ្នះ​ជើងឯក​ពានរង្វាន់ Arab Club Champions Cup កាលពី​ឆ្នាំ​២០២៣​។

បន្ទាប់​ពី​បាន​ជួយ​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ឈ្នះ​ជើងឯក​ពានរង្វាន់ UEFA Nations League កាលពី​ជាង​ពី​រស​ប្តា​ហ៍​មុន​រួច​មក ម្ចាស់​ពានរង្វាន់ Ballon d’Or ៥​សម័យកាល​រូប​នេះ ប្រាកដ​ណាស់​ថា រូបគេ​កំពុង​តែ​កំណត់​គោលដៅ​សម្រាប់​ការ​ប្រកួត​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០២៦ និង​ជា​លើក​ទី​៦​របស់​ខ្លួន ហើយ​ក៏​ទំនងជា​ការ​បង្ហាញ​វត្តមាន​ចុង​ក្រោយ សម្រាប់​ព្រឹត្តិការណ៍​មួយ​នេះ​៕ ដកស្រង់ ៖ The Sun, BBC និង goal.com

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ