រាជធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Conor Nestor នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ដែលជាការប្រកួតមិត្តភាពក្នុងដីដំបូងបំផុតរបស់ខ្លួន ទទួលស្វាគមន៍ក្រុមជម្រើសជាតិនារីហ្គាំ (Guam) សម្រាប់ជំនួបមិត្តភាពអន្តរជាតិ នៅវេលាម៉ោង០៧:០០នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។
ក្រឡេកមកមើលប្រវត្តិ ក៏ដូចជាសមត្ថភាព និងបទពិសោធន៍របស់ក្រុមនារីហ្គាំ គួរឱ្យចាប់អារម្មណ៍ បើទោះបីជាកោះហ្គាំហាក់មិនសូវល្បីល្បាញខ្លាំងសម្រាប់វិស័យបាល់ទាត់យ៉ាងណាក៏ដោយ។ ក្រុមនារីហ្គាំដែលមានរហស្សនាមថា «Masakada» ដោយមានន័យថា «នារីក្លាហាន» បានប្រឡូកក្នុងការប្រកួតពានរង្វាន់អន្តរជាតិតាំងពីឆ្នាំ១៩៩៧មកម្ល៉េះ ទាំងថ្នាក់តំបន់ អាស៊ី ទាំងអាស៊ីខាងកើត និងពិភពលោក។
ក្រុមនារីហ្គាំចូលរួមការប្រកួតជុំចុងក្រោយពានរង្វាន់ AFC Women’s Asian Cup ចំនួន៤លើក ពោលនៅឆ្នាំ១៩៩៧ ១៩៩៩ ២០០១ និងឆ្នាំ២០០៣ ដ្បិតពួកគេបញ្ចប់ត្រឹមវគ្គចែកពូល។ ពួកគេក៏បានឆ្លងកាត់ការប្រកួតវគ្គជម្រុះពានរង្វាន់អន្តរជាតិអាស៊ីបូព៌ា (អាស៊ីខាងកើត) ផងដែរ។ កម្រិតពិភពលោក ក្រុមនារីហ្គាំបានឆ្លងកាត់ការប្រកួតជម្រុះ World Cup ប្រចាំទី្វបអាស៊ី ចាប់ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ២០២៣ ហើយក៏បន្តសម្រាប់ការប្រកួតជម្រុះឆ្នាំ២០២៧ ផងដែរ។ ក្រុមនារីហ្គាំក៏ធ្វើបានល្អសម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាចម្រុះទ្វីបអូសេអានី Pacific Games ដែលប្រារព្ធឡើងរៀងរាល់៤ឆ្នាំម្តង ដោយក្នុងឆ្នាំ២០០៣ ជាក្រុមរងជើងឯក (មេដាយប្រាក់) និងឆ្នាំ២០១១ បញ្ចប់ត្រឹមវគ្គចែកពូល។
ក្រឡេកមើលសមាភាពកីឡាការិនីក្រុមជម្រើសជាតិហ្គាំ បើទោះជាមិនមែនព័ត៌មានទូលំទូលាយក៏ពិតមែន ប៉ុន្តែកីឡាការិនីមួយចំនួនកំពុងប្រកបអាជីពនៅបរទេស។ បើតាមបញ្ជីឈ្មោះចុងក្រោយកាលពីព្រឹត្តិការណ៍ WAFF Women’s Championship ឆ្នាំ២០២៤ ដែលអារ៉ាប៊ីសាអូឌីតធ្វើជាម្ចាស់ផ្ទះនោះ ក្រុមនារីហ្គាំមានខ្សែបម្រើ Rebecca Bartosh ប្រកបអាជីពនៅអ៊ីតាលី ខ្សែបម្រើ Jenae Perez, Kaia Villanueva, Salora La Rosa និងខ្សែការពារ Mariana Gomez ប្រកបអាជីពនៅសហរដ្ឋអាមេរិក និងខ្សែបម្រើ Jenna Merrill ប្រកបអាជីពនៅប្រទេសហ្វីលីពីន ខណៈដែលកីឡាការិនីផ្សេងទៀតប្រកបអាជីពក្នុងស្រុក និងខ្លះទៀតពុំមានព័ត៌មានបញ្ជាក់។
បច្ចុប្បន្នក្រុមជម្រើសជាតិនារីហ្គាំកំពុងឈរនៅចំណាត់ថ្នាក់ទី៩៧ ពិភពលោក (FIFA World Ranking)។ ចំណាត់ថ្នាក់ល្អបំផុតរបស់ពួកគេគឺ ៦៦ អំឡុងខែកក្កដា ឆ្នាំ២០០៣ និងខែធ្នូ ឆ្នាំ២០០៣ ដល់ខែមីនា ឆ្នាំ២០០៤។ ចំណាត់ថ្នាក់ទាបបំផុត ១០១ កាលពីខែមីនា ឆ្នាំ២០២៤។ ចំណែកក្រុមជម្រើសជាតិនារីកម្ពុជា បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់ទី១១៨ ពិភពលោក ដោយចំណាត់ថ្នាក់ល្អបំផុតគឺ ១១៥ កាលពីខែមីនា ឆ្នាំ២០២៤ និងចំណាត់ថ្នាក់ទាបបំផុត ១២០ អំឡុងខែសីហា ដល់ខែធ្នូ ឆ្នាំ២០២២។
សូមជម្រាបថា ក្រោយប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមនារីហ្គាំ ក្រុមនារីកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គជម្រុះក្នុងពូល G ពានរង្វាន់ AFC Women’s Asian Cup 2026 Qualification ជាមួយហុងកុង ហ្វីលីពីន និងអារ៉ាប់ប៊ីសាអ៊ូឌីត ចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥។ ចំណែកក្រុមនារីហ្គាំ ស្ថិតក្នុងពូល E ដែលវៀតណាមជាម្ចាស់ផ្ទះ ដោយមានអារ៉ាប់រួម និងម៉ាល់ឌីវ៕ រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង Guam Football Association
ចែករំលែកព័តមាននេះ