ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ័យ​៤០​ឆ្នាំ លេង​ពេញ​៩០​នាទី​! Thiago Silva ស្រក់​ទឹកភ្នែក​ក្រោយ​ជួយ Fluminense ទម្លាក់ Inter Milan ពី CWC

5 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ស្ថិត​ក្នុង​វ័យ​៤០​ឆ្នាំ ខ្សែការពារ​ឆ្នើម​សញ្ជាតិ​ប្រេ​ស៊ី​ល Thiago Silva បាន​បង្ហាញខ្លួន​៩០​នាទី​ពេញ និង​ដើរ​យ៉ាង​សំខាន់​នៅ​ក្នុង​ជ័យជម្នះ​លទ្ធផល ២-០ របស់​ក្រុម…

សហរដ្ឋអាមេរិក ៖ ស្ថិត​ក្នុង​វ័យ​៤០​ឆ្នាំ ខ្សែការពារ​ឆ្នើម​សញ្ជាតិ​ប្រេ​ស៊ី​ល Thiago Silva បាន​បង្ហាញខ្លួន​៩០​នាទី​ពេញ និង​ដើរ​យ៉ាង​សំខាន់​នៅ​ក្នុង​ជ័យជម្នះ​លទ្ធផល ២-០ របស់​ក្រុម Fluminense លើ​ក្រុម Inter Milan ទម្លាក់​ក្រុម​ជើងឯក​រង​ពានរង្វាន់ Champions League រដូវ​កាល ២០២៤-២៥ មួយ​នេះ ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ FIFA Club World Cup ឆ្នាំ​២០២៥ (FIFA CWC) លើ​ទឹកដី​សហរដ្ឋអាមេរិក​។ Silva ក៏​បាន​រួមចំណែក​យ៉ាង​សំខាន់​ជា​រនាំង​ការពារ Fluminense មិន​ឱ្យ​គូប្រកួត​ស៊ុត​បញ្ចូល​ទី​បាន (Clean Sheet) ជា​លើក​ទី​៣​ហើយ​ក្នុង​ការ​ប្រកួត​ពានរង្វាន់​ក្លិប​បាល់ទាត់​ពិភពលោក​នៅ​ឆ្នាំ​នេះ​។

ក្រោយ​ចប់​ការ​ប្រកួត នៅ​កីឡដ្ឋាន Bank of America កាលពី​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៥ (​ម៉ោង​នៅ​កម្ពុជា​) ខ្សែការពារ Thiago Silva បាន​សម្រក់​ទឹកភ្នែក​ដោយ​ក្ដី​សោមនស្ស​រីករាយ​បំផុត និងរ​ត់ទៅ​ថើប​ភរិយា​ជាទី​ស្រឡាញ់​នៅ​កន្លែង​អ្នក​ទស្សនា​ផង​ដែរ​។ អតីត​ខ្សែការពារ​កណ្តាល​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​រូប​នេះ បាន​ថ្លែងប្រាប់​គេហទំព័រ DAZN ដូច្នេះ​ថា «​ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​ក្រុម និង​មិត្ត​រួម​ក្រុម​របស់ខ្ញុំ​។ ការ​ប្រកួត​នេះ​ពិតជា​លំបាក​នៅ​ពេល​យើង​ជួប​ជាមួយ​ក្លិប​ដែល​ទើបតែ​បាន​លេង​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League កាលពី​មួយ​ខែ​មុន​។ បើ​ទោះជា​លេង​ក្នុង​លក្ខខណ្ឌ​អាកាសធាតុ​អាក្រក់​ខ្លាំង​ក៏​ពិតមែន ប៉ុន្តែ Fluminense បាន​បង្ហាញ​រូបភាព​នៃ​ភាព​ជា​ក្រុម​ដ៏​អស្ចារ្យ​មួយ​»​។

ក្រឡេក​ទៅ​ការ​ប្រកួត​បើ​ទោះជា Inter Milan គ្រប់គ្រង​បាល់​បាន​ល្អ​ជាង និង​ស៊ុត​បាន​រហូត​ដល់​១៦​លើក​ក្នុង​ការ​ប្រកួត​ក៏​ដោយ ក៏​ខ្សែការពារ​របស់ Fluminense ដែល​មាន Silva ជា​ប្រធាន​ក្រុម​ផ្ទាល់ នៅ​តែ​ជា​ខែល​ដែកថែប​ដ៏​រឹង​មាំ និង​ជា​ជំនួយ​ដ៏​សំខាន់​ដល់​មិត្ត​រួម​ក្រុម​គឺ ខ្សែប្រយុទ្ធ Germán Cano និង​ខ្សែបម្រើ Hércules មានឱកាស​សម្រេច​បាន​ម្នាក់​១​គ្រាប់​ជួយ​ក្រុម​លោកគ្រូ​បង្វឹក ​Renato Gaúcho ដែល​តំណាង​ប្រេ​ស៊ី​ល​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​។

ជាមួយ​គ្នា​នេះ​ដែរ ក្រៅ​អំពី​ខ្សែការពារ Thiago Silva ខ្សែប្រយុទ្ធ Lautaro Martinez របស់​ក្លិប Inter Milan ក៏​បាន​ចែករំលែក​អំពី​លក្ខខណ្ឌ​អាកាសធាតុ​ក្តៅ និង​ការ​លំបាក​ដែល​ក្រុម​របស់​ខ្លួន​បាន​ជួប​ប្រទះ​ផង​ដែរ​។ ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​បាន​សារភាព​ដូច្នេះ​ថា «​យើង​លេង​មិន​បាន​ល្អ​ក្នុង​តង់​ទី​មួយ​។ Inter បាន​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើន​ពេក និង​បាត់បង់​បាល់​ច្រើន ស្រប​ពេល ​Fluminense ការពារ​បាន​ល្អ និង​លេង​ការ​វាយបក​យ៉ាង​មាន​ប្រសិទ្ធភាព​។ ខ្ញុំ​សុំ​ទោស​អ្នកគាំទ្រ និង​អ្នក​ដែល​មក​គាំទ្រ​នៅ​ទី​នេះ​»៕ ដកស្រង់ ៖ Znews

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ