រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ឆ្នាំ២០២៥ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានប្រកាសបើកការប្រកួតជាផ្លូវការហើយកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ក្នុងឱកាសនោះ ឯកឧត្តមហ៊ុន ម៉ានី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូITFអាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា ព្រមទាំងគណៈកម្មការប្រតិបត្តិកីឡាតេក្វាន់ដូITFទាំងអស់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កត្តាចម្បងដែលផ្ដល់លទ្ធភាពក្នុងការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះឡើងបាន គឺសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមបន្តថា សហគមន៍កីឡាបានរួមចំណែកដល់ការពង្រឹងសហគមន៍ ផ្សារភ្ជាប់ភាពខុសគ្នា ការលើកកម្ពស់ការគោរពគ្នាទៅវិញទៅមក និងបណ្ដុះវប្បធម៌នៃការចូលរួមជាមួយគ្នាដោយមិនគិតពីភាសា ជាតិសាសន៍ ពណ៌សម្បុរ ។ ក្នុងន័យនេះ កីឡាគឺជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនងល្អរវាងប្រជាជននិងប្រជាជន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ឱ្យកាន់តែមានភាពស្និទ្ធស្នាល តាមរយៈការលេងកីឡា និងការផ្លាស់ប្ដូរវប្បធម៌ប្រពៃណីរវាងគ្នាទៅវិញទៅមក។
ទន្ទឹមគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានផ្ដល់នូវចំណុចគន្លឹះមួយចំនួនរួមមាន៖
១-ការប្រកួតប្រកបដោយចីរភាព និងស្មារតីអូឡាំពិក
២-បង្កើនកិច្ចសហការបច្ចេកទេស
៣-ការប្រឹងប្រែងប្រកបដោយសីលធម៌ និង
៤-យុត្តិធម៌ក្នុងការកាត់ក្ដី។
ឯកឧត្តម ផាន់ វណ្ណរ័ត្ន អនុប្រធានទី១សហព័ន្ធកីឡាតេក្វាន់ដូITFនិងជាប្រធានគណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា ការប្រកួតកីឡាតេក្វាន់ដូITFជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ឆ្នាំ២០២៥ នេះគឺធ្វើឡើងចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៥ ដោយមានបណ្ដាប្រទេសចំនួន៧ចូលរួម និងមានប្រតិភូថ្នាក់ដឹកនាំ គ្រូបង្វឹកកីឡាករ កីឡាការិនីប្រមាណជិត២០០នាក់ ។
ឯកឧត្តមបានលើកឡើងថា កីឡាករ កីឡាការិនីកម្ពុជាធ្លាប់ដណ្ដើមបានមេដាយក្នុងការប្រកួត
កម្រិតអាស៊ីនិងកម្រិតពិភពលោករហូតទទួលបានរហស្សនាមក្រុមកីឡាកណ្ដូប។ ឯកឧត្តមបន្តថា ការប្រកួតនេះគោលបំណងសំខាន់គឺការផ្ដល់ឱកាសឱ្យកីឡាករ កីឡាការិនីជម្រើសជាតិថ្នាលបានដុសខាត់សមត្ថភាព បង្កើនបទពិសោធន៍មុននឹងចេញទៅប្រកួតនៅក្រៅប្រទេស ។
គួររំលឹកថា ក្នុងឋានៈជាម្ចាស់ផ្ទះនៃការប្រកួតកីឡាតេក្វាន់ដូITFជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍
លើកទី១កន្លងមក កម្ពុជាធ្លាប់ដណ្ដើមបានមេដាយ៥២គ្រឿង ក្នុងនោះមេដាយមាស៣១គ្រឿង មេដាយប្រាក់១០គ្រឿង និងមេដាយសំរឹទ្ធ១១គ្រឿង ជាប់ចំណាត់ថ្នាក់លេខ១ក្នុងចំណោមប្រទេសចំនួន៧ចូលរួម ។ ចំណែការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ឆ្នាំ២០២៥ លទ្ធផលចំនួនមេដាយត្រឹមប្រកួតថ្ងៃទី១កម្ពុជាដណ្ដើមបានមេដាយ៤២គ្រឿង ក្នុងនោះមេដាយមាស១៩គ្រឿង មេដាយប្រាក់១៨គ្រឿង និងមេដាយសំរឹទ្ធ៥គ្រឿង ៕



ចែករំលែកព័តមាននេះ