ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ឬ អូ​ម៉​ង់ យក​បាន​៣​ពិន្ទុ​ពី​ការ​ប្រកួត​វគ្គ​ជម្រុះ AFC U23 Asian Cup យប់​នេះ?

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា យុវជន​អាយុ​ក្រោម​២៣​ឆ្នាំ នឹង​ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ជម្រើសជាតិ​អូ​ម៉​ង់ អាយុ​ក្រោម​២៣​ឆ្នាំ ជំនួប​បើក​ឆាក​ការ​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​យុវជន​អាយុ​ក្រោម ២៣​ឆ្នាំ ទ្វីបអាស៊ី ឆ្នាំ​២០២៦…

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា យុវជន​អាយុ​ក្រោម​២៣​ឆ្នាំ នឹង​ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ជម្រើសជាតិ​អូ​ម៉​ង់ អាយុ​ក្រោម​២៣​ឆ្នាំ ជំនួប​បើក​ឆាក​ការ​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​យុវជន​អាយុ​ក្រោម ២៣​ឆ្នាំ ទ្វីបអាស៊ី ឆ្នាំ​២០២៦ (AFC U23 Asian Cup Saudi Arabia 2026) ប្រចាំ​ពូ​ល G ដែល​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ (​អូ​ឡាំ​ពិ​ក​) វេលា​ម៉ោង ៧:០០​នាទី​យប់​នេះ​។

លោក Koji Gyotoku គ្រូបង្វឹក​ក្រុម U23 កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត កាលពី​ថ្ងៃ​ទី​២ កញ្ញា ថា លោក​ពិតជា​រីករាយ ដែល​អាច​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ៗ នៅ​វគ្គ​ជម្រុះ​នេះ ហើយ​លោក​បាន​រៀបចំ​ក្រុម​រួចរាល់​ហើយ សម្រាប់​ការ​ប្រកួត​ទល់​នឹង​អូ​ម៉​ង់​។

ទោះ​យ៉ាងណា​ក៏​ដោយ គ្រូ​ជនជាតិ​ជប៉ុន​រូប​នេះ ក៏​មានការ​បារម្ភ​ថា ការ​ប្រកួត​ជម្រុះ​នេះ អាច​មានការ​រំខាន ដោយសារ​ភ្លៀង​ធ្លាក់ ហើយ​លោក​ក៏​មិន​បាន​តាមដាន​ការ​ហ្វឹកហាត់​របស់​ក្រុម​ផ្សេង​ៗ​ផង​ដែរ មិនដឹង​ថា កាយសម្បទា​កីឡាករ​ក្រុម​ផ្សេង​ធំ​ប៉ុនណា បើ​ធៀប​នឹង​ក្រុម​កម្ពុជា​។ យ៉ាងនេះ​ក្តី លោក​បង្ហាញ​ការ​ជឿជាក់​លើ​កូនក្រុម​ថា​នឹង​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​នេះ ដោយ​មិន​ខ្វល់​ពី​កត្តា​កាយសម្បទា និង​ល្បឿន​របស់​គូប្រកួត​ឡើយ​។

សូម​ជម្រាប​ថា កម្ពុជា​បាន​ទទួល​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​វគ្គ​ជម្រុះ​ទាំងអស់​នៅ​ពូ​ល G រួម​ជាមួយ​ក្រុម U23 អ៊ី​រ៉ា​ក់​, អូ​ម៉​ង់ និង​ប៉ា​គី​ស្ថាន ដោយ​ការ​ប្រកួត​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៥​។ ដ្បិត​ការ​ប្រកួត​វគ្គ​ជម្រុះ​នេះ មាន​សរុប​ចំនួន ៤៤​ក្រុម​ចូលរួម​ប្រកួត ចែក​ចេញ​ជា ១១ ពូ​ល ដោយ ១ ពូ​ល​មាន ៤ ក្រុម​។

ក្រុម​ចំណាត់ថ្នាក់​លេខ​១ តាម​ពូ​ល​នីមួយ​ៗ និង​ក្រុម​លេខ​២​ល្អ ចំនួន ៤ ក្រុម នឹង​បន្ត​ទៅ​កាន់ការ​ប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៥៕ រូបភាព ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​, CPL និង AFC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ