Neymar ក្លាយជាអ្នកស្នងមរតកជាង១ពាន់លានដុល្លារពីមហាសេដ្ឋីម្នាក់ ទាំងមិនដែលស្គាល់គ្នា
ប្រទេសប្រេស៊ីល ៖ យោងតាមប្រភពពីសារព័ត៌មានធំៗជាច្រើន រួមទាំង goal.com Daily Mail និង The Sun…
ប្រទេសប្រេស៊ីល ៖ យោងតាមប្រភពពីសារព័ត៌មានធំៗជាច្រើន រួមទាំង goal.com Daily Mail និង The Sun…
ប្រទេសប្រេស៊ីល ៖ យោងតាមប្រភពពីសារព័ត៌មានធំៗជាច្រើន រួមទាំង goal.com Daily Mail និង The Sun កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានរាយការណ៍ថា មហាសេដ្ឋីប្រេស៊ីលមិនស្គាល់អត្តសញ្ញាណម្នាក់ បានដាក់ឈ្មោះ Neymar ជាអ្នកស្នងមរតកនៃទ្រព្យសម្បត្តិទាំងអស់របស់ខ្លួន បើទោះបីជាអ្នកទាំងពីរមិនដែលបានជួប ឬស្គាល់គ្នាយ៉ាងណាក៏ដោយ។
Neymar ខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិប្រេស៊ីល និងក្លិប Santos វ័យ៣៣ឆ្នាំ កាលពីពេលថ្មីៗនេះ ត្រូវបានរាយការណ៍ថា ជាអ្នកទទួលមរកតដ៏មហាសាលចំនួន ៨៤៦លានផោន ឬជាង ១,១៣ពាន់លានដុល្លារអាមេរិកពីមហាសេដ្ឋីប្រេស៊ីលវ័យ៣១ឆ្នាំ ដែលបានទទួលមរណៈភាព និងមិនត្រូវបានស្គាល់អត្តសញ្ញាណម្នាក់ ខណៈដែលមរតកតនោះ រួមមាន ទ្រព្យសុទ្ធ អចលនទ្រព្យ ការវិនិយោគ និងភាគហ៊ុនក្នុងក្រុមហ៊ុនធំៗផងដែរ។
ប្រភពពីសារព័ត៌មានប្រេស៊ីល RIC បានចេញផ្សាយថា ការលះបង់ទ្រព្យសម្បត្តិនេះ ត្រូវបានធ្វើឡើងជាផ្លូវការនៅការិយាល័យផ្លូវច្បាប់មួយក្នុងទីក្រុង Porto Alegre នៃរដ្ឋ Rio Grande do Sul ហើយត្រូវបានផ្ទៀងផ្ទាត់ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ជាមួយសាក្សី២នាក់ដែលបង្ហាញវត្តមានដោយផ្ទាល់។ បញ្ហានេះ នឹងត្រូវឆ្លងកាត់ការជំនុំជម្រះពីតុលាការប្រេស៊ីលជាមុនសិន ប្រសិនបើ Neymar ពិតជាត្រូវបានដាក់ឈ្មោះជាអ្នកស្នងមរតកដ៏មហាសាលនេះ ដោយសារតែមហាសេដ្ឋីរូបនេះ ត្រូវបានរាយការណ៍ថា គ្មានកូន និងនៅលីវ។
ពាក់ព័ន្ធនឹងរឿងនេះ Neymar មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈលើរបាយការណ៍ជុំវិញការទទួលមរតកនោះនៅឡើយទេ។ ការលះបង់ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរូបនោះ អាចប្រឈមនឹងផលវិបាកផ្លូវច្បាប់ជាច្រើន បើទោះជាវានឹងត្រូវបានអនុម័តក៏ដោយ។
នៅក្នុងឯកសារផ្លូវច្បាប់ មហាសេដ្ឋីមិនស្គាល់អត្តសញ្ញាណរូបនោះបានអះអាងថា លោកជ្រើសរើស Neymar ជាអ្នកទទួលមរកតក្នុងការវិនិច្ឆ័យពេញលេញ ដោយគ្មានការបង្ខិតបង្ខំ ឬការលើកទឹកចិត្តណាមួយឡើយ ហើយថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដោយសារតែអ្នកជំនួញរូបនោះ និង Neymar គឺជាមនុស្សមានភាពដូចគ្នាច្រើន។
ឯកសារនោះបានសរសេរថា «ខ្ញុំចូលចិត្ត Neymar ខ្ញុំមានភាពដូចគេច្រើន។ មហាសេដ្ឋីរូបនេះ បានពន្យល់អំពីការសម្រេចចិត្តនៅក្នុងឆ្នាំ ២០២៣ របស់ខ្លួន ដោយបញ្ជាក់ថា ខ្លួនប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ ហើយក៏បានរំលេច និងកោតសរសើរអំពីទំនាក់ទំនងរបស់ Neymar ជាមួយឪពុករបស់គេ ដែលបានរំឭកមហាសេដ្ឋីរូបនោះអំពីឪពុករបស់ខ្លួន ដែលបានទទួលមរណភាព។
បច្ចុប្បន្ន ឯកសារផ្លូវច្បាប់របស់មហាសេដ្ឋីមិនស្គាល់អត្តសញ្ញាណរូបនោះ ស្ថិតនៅក្នុងដៃតុលាការប្រេស៊ីល ដើម្បីបញ្ជាក់ពីបំណងប្រាថ្នាក្នុងការដាក់ឈ្មោះជាផ្លូវការថា Neymar គឺជាអ្នកស្នងមរតកដ៏មហាសាលនោះ៕
ចែករំលែកព័តមាននេះ